រាជរដ្ឋាភិបាល និងអង្គការដៃគូរគាំទ្រ និងជំរុញអោយមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ
ភ្នំពេញ៖ ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត មិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែងចំពោះកិច្ចខិតខំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសផងដែរ។
នេះបើតាមការលើកឡើងរបស់លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា នាថ្ងៃទី ១ ខែតុលានេះ ក្នុងកិច្ចពិគ្រោះយោបល់ស្តីពី៖ “លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាពមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង”។ លោកបន្តថា ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ មានកម្មករនិយោជិតជាច្រើនម៉ឺននាក់តែងតែធ្វើដំណើរតាមរថយន្តដែលរថយន្តទាំងនោះ តាមគោលដៅដែលគេផលិតឡើងក៏ដូចជាការកំណត់ដោយច្បាប់ គឺត្រូវយកទៅប្រើប្រាស់សម្រាប់តែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ លោក គឹម បញ្ញា បន្ថែមថា ដោយមានការចូលរួម និងការខិតខំយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ ជាពិសេសពីស្ថាប័នរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាការដឹកជញ្ជូនកម្មករនិយោជិតតាមរថយន្តដឹកកម្មកររួមនេះ យើងកត់សម្គាល់ឃើញថាចំនួនរថយន្តដឹកកម្មករដែលប្រើរថយន្តដឹកទំនិញ មានការថយចុះ ប៉ុន្តែទោះជាយ៉ាងណាក្តី ចំនួនរថយន្តប្រភេទនេះ នៅតែមានច្រើននៅឡើយ។
យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយបេឡាជាតិរបបសន្តិសុខសង្គមនាពេលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារក្នុងឆ្នាំ ២០១៩ មានប្រមាណ ៦០% គឺជារថយន្តប្រភេទដឹកទំនិញ។ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងទៀតថា ការផ្តល់នូវមធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺជាការជំរុញឱ្យមានការគោរព និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់ថា ការដឹកជញ្ជូនមនុស្សត្រូវតែមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ដែលត្រូវមានផាសុកភាព និងហាមផ្ទុកមនុស្សលើសពីចំនួនកន្លែងអង្គុយ។ លោក គឹម បញ្ញា បញ្ជាក់ថា ខ្ញុំជឿជាក់ថា ប្រាកដជាពុំមាននិយោជករូបណាដែលអាចមានក្តីសប្បាយរីករាយ និងមោទនភាព ចំពោះការរីកចម្រើន ឬការបន្តដំណើរការនៃអាជីវកម្មរបស់ខ្លួនបានក្នុងរយៈពេលយូរឆ្នាំកន្លងមក និងបន្តទៅពេលអនាគត ប៉ុន្តែកម្មករនិយោជិតដែលកំពុង បម្រើការងារនៅរោងចក្ររបស់ខ្លួន បែរជាត្រូវបន្តធ្វើដំណើរនៅលើរថយន្តដែលគេផលិតឡើងមិនមែនសម្រាប់ដឹកជញ្ជូនមនុស្ស ហើយឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ទៅវិញនោះ។ លោកបន្តថា ដោយឈរលើមូលហេតុនេះ វាពិតជាចាំបាច់ណាស់ដែលត្រូវធ្វើការរួមគ្នាឱ្យបានកាន់តែខ្លាំងថែមទៀត សំដៅឈានទៅដោះស្រាយឱ្យបានជោគជ័យក្នុងពេលឆាប់រហ័ស ចំពោះបញ្ហាការធ្វើដំណើររបស់កម្មករនិយោជិត តាមរថយន្តដែលគេប្រើសម្រាប់ដឹកទំនិញ និងមិនមានសុវត្ថិភាពបែបនេះ។
ក្នុងកិច្ចពិគ្រោះយោបល់នេះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាពមកជារថយន្តដែលមានសុវត្ថិភាពវិញ។ លោកស្រីជំទាវបន្តថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាពមកជារថយន្តដែលមានសុវត្ថិភាពវិញ គឺដើម្បីជាផលប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងខណៈដែលរាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមបាន និងកំពុងតែទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរក្នុងការដោះស្រាយជីវភាពជូនកម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍។ លោកជំទាវ មឹន មាណវី បញ្ជាក់ទៀតថា បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ពាន់២៦១លើក ហើយបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧០៩ នាក់ និងរបួសធ្ងន់-ស្រាល ១ពាន់៧៩២នាក់។ លោកជំទាវបញ្ជាក់ទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានករណីគ្រោះថ្នាក់លើកម្មករនិយោជិតចំនួន ៦ លើក ប៉ុន្តែមិនមានកម្មករណាម្នាក់ស្លាប់បាត់បង់ជីវិតទេ គឺមានកម្មកររងរបួសចំនួន ២៧៦ នាក់ ប៉ុន្តែក្នុងឆមាសទី២ នេះ បែរជាមានកម្មករស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ នាក់ហើយ៕


