កិច្ចប្រជុំស្តីពីដំណើរការរៀបចំមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា

(ភ្នំពេញ): នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំ ស្តីពីដំណើរការរៀបចំមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល លោកឧកញ៉ា លីណុប ជាប្រធាន លោកស្រីអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធ ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា សរុប ២១រូប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រាជ រ៉ា មានប្រសាសន៍ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីពិភា-
ក្សាអំពីវឌ្ឍនភាពការងារ ក្នុងការរៀបចំមជ្ឈមណ្ឌល ជំរុញអភិវឌ្ឍន៍ចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា ដែលមជ្ឈមណ្ឌលនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម លើវិស័យចម្លាក់ ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែល នៃផលិតផល និងភូមិសាស្ត្រ។ លើសពីនេះ វានឹងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម ក្នុងវិស័យចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា ពីការផលិតបែបគ្រួសារ ទៅជាមូលដ្ឋានផលិតកម្ម សម្រាប់បម្រើឱ្យការនាំចេញ ទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបង្កើតការ-
ងារជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូល ដល់បងប្អូនជាក្រុមជាងចម្លាក់ ប្រាក់-ស្ពាន់ ពិសេស បងប្អូនជាស្រី្ត។
ជាលទ្ធផល កិច្ចប្រជុំក៏បានពិភាក្សា និងឯកភាព លើផែនការការងារបន្ត និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖ នីតិវិធីដើម្បីចុះបញ្ជី សមាគមសហព័ន្ធចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា ការចុះបញ្ជី ម៉ាកសមូហភាព និងការកំណត់ទីតាំង ដើម្បីរៀបចំ និងសាងសង់មជ្ឈមណ្ឌល អភិវឌ្ឍន៍វិស័យចម្លាក់ ប្រាក់-ស្ពាន់ កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner