នីហ្សេរីយ៉ាទទួលហិរញ្ញប្បទាន ៤០០ លានដុល្លារពីធនាគារពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ធនាគារ​ពិភព​លោក​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ធនាគារ​យល់​ព្រម​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន​ ៤០០ ​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​នីហ្សេរីយ៉ា​​កាល​ពី​ថ្ងៃ​សុក្រ​​ ដើម្បី​ទិញ​ និង​ចែក​ចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​​។​

​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ​ពិភព​លោក​ ចុះ​ហត្ថលេខា​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដែល​នឹង​ផ្ដល់​តាម​រយៈ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ ដើម្បី​ជួយ​ឱ្យ​ប្រទេស​ដែល​មានប្រ​ជាជន​ច្រើន​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​មួយ​នេះ​ អាច​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​សម្រាប់​ប្រជាជន​ចំនួន​ ៤០ ​លាន​នាក់​ ឬ​ប្រហែល​នឹង​ ១៨​ ភាគ​រយ​នៃប្រ​ជាជន​សរុប​ រួម​ទាំង​គាំទ្រ​ដល់​ការ​ចែក​ចាយ​វ៉ាក់សាំង​​ដល់​មនុស្ស​ ១១០ ​លាន​នាក់​ផង​។​

​ធនាគារ​និយាយ​ក្នុង​​សេចក្តី​ថ្លែងកា​រណ៍​ដដែល​ថា​ ហិរញ្ញប្បទាន​នេះ​នឹង​ធានា​ថា​រដ្ឋាភិបាល​អាច​ចាក់វ៉ាក់សាំង​ដល់​ប្រជា​ជន​ចំនួន ​៥១% ​ក្នុង​រយៈ​ពេល​ពីរ​​ឆ្នាំ​ ហើយ​អាច​ចៀស​វាង​ផល​វិបាក​​នៃ​ការ​បិទ​ខ្ទប់​មួយ​ផ្សេង​ទៀត​ដែល​​បណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​​ប្រទេស​​។

កាល​ពី​ខែមុ​ន​ រដ្ឋាភិបាល​នីហ្សេរីយ៉ា​​និយាយ​ថា​ ប្រហែល​២០​ភាគ​រយ​នៃ​កម្មករ​នៅ​ក្នុង​ប្រទេស​បាត់​បង់​ការងារ​របស់​​ខ្លួន​ដោយ​​សារ​​ជំងឺ​កូវីដ-១៩​។

​​មក​ទល់​ពេល​នេះ ​នីហ្សេរីយ៉ា​​ទើប​តែ​ផ្តល់​វ៉ាក់សាំង​ចំនួន ​៥ ​លាន​ដូស​ដល់​​ប្រជាជន​ ២០០ លាន​នាក់​របស់​ខ្លួន​ប៉ុណ្ណេះ ​ហើយ​កំពុង​ចែក​ចាយ​វ៉ាក់សាំង​ Moderna ​និង​ AstraZeneca ​រាប់​លាន​ដូស​ទៀត​ ដែល​ខ្លួន​ទទួល​បាន​តាម​រយៈ​គម្រោង​ COVAX ​ដែល​មាន​គោល​បំណង​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​។​ ប្រទេស​នេះ​ក៏មា​ន​វ៉ាក់សាំង​ Johnson & Johnson ​ចំនួន​ ១,១២ ​លាន​ដូស​ ដែល​ខ្លួន​ទិញ​តាម​រយៈកម្ម​វិធី​សហភាព​អាហ្រ្វិក​ ហើយ​គ្រោង​នឹង​ទទួល​វ៉ាក់សាំង​ Sinopharm ​ចំនួន​ ៧,៧ ​លាន​ដូស​ទៀត​តាម​រយៈ ​COVAX ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ០១​ ខែ​តុលា​ នីហ្សេរីយ៉ា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​ចំនួន​ ២០៥ ៧៧៩ ​ករណី​ និង​ស្លាប់​ ២ ៧២១​ ករណី​​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner