ប៉ាគីស្ថានបើកការពិភាក្សាជាមួយតាលីបង់ បើទោះបីជាការវាយប្រហារកើនឡើងក៏ដោយ

កាល​ពី​ថ្ងៃ​សុក្រ​ ទី​១ តុលា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន​ ខាន​បាន​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​បាន​បើក​ការ​ពិភាក្សា​ជា​មួយ​សាខា​ប៉ាគីស្ថាន​របស់​ក្រុម​តាលីបង់​ ដែល​ជា​ក្រុម​ពី​ក្រោយ​ការ​វាយ​ប្រហារ​សាហាវ​បំផុត​នៅ​ប្រទេស​នេះ​ ហើយ​លោក​ក៏​បាន​សន្យា​លើកលែង​ទោស​សម្រាប់​សមាជិក​ដែល​ដាក់​អាវុធ​ចុះ​។

បើ​ទោះ​បី​គ្មាន​ព័ត៌មាន​លម្អិត​អំពី​ការ​ចរចា​រវាង​រដ្ឋាភិបាល​ប៉ាគីស្ថាន​ និង​ក្រុម​តេហរីក​អ៊ី​តាលីបង់​ប៉ាគីស្ថាន​ ឬ​ TTP ក៏​ដោយ​ ក៏​ការ​ប្រកាស​នេះ​ជា​ការ​វិវត្ត​ដ៏​សំខាន់​មួយ​ ចាប់​តាំង​ពី​ការ​បរាជ័យ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​កាល​ពី​ឆ្នាំ​ ២០១៤​ ដែល​ឈាន​ដល់​ការ​ប៉ះទង្គិច​យោធា​ខ្នាត​ធំ​។

ក្នុង​ការ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​រដ្ឋ​តួកគី​ TRT World លោក​ខាន​បាន​និយាយ​ថា​៖ «មាន​ក្រុម​ច្រើន​ផ្សេង​ៗ​គ្នា​ដែល​បង្កើត​ជា​តាលីបង់​ប៉ាគីស្ថាន ឬ​ TTP។ យើង​កំពុង​ពិភាក្សា​ជា​មួយ​ក្រុម​ខ្លះ​អំពី​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​។ យើង​ប្រហែល​ជា​មិន​អាច​ឈាន​ដល់​ការ​សន្និដ្ឋាន ឬ​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ទី​បញ្ចប់​ទេ ប៉ុន្តែ​យើង​កំពុង​និយាយ​គ្នា​»។

ភ្លាមៗ​បន្ទាប់​ពី​ការ​សម្ភាសន៍​របស់​លោក​ខាន​ ក្រុម​ TTP បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដើម្បី​ជំរុញ​សមាជិក​របស់​ខ្លួន​ឱ្យ​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​យោធា​ប៉ាគីស្ថាន​។ ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ ក្រុម​ TTP ក៏​បាន​ច្រានចោល​ការ​រាយការណ៍​អំពី​ការ​បែកបាក់​ផ្ទៃ​ក្នុង​ ហើយ​មិន​បាន​ធ្វើ​ការ​ទទួល​ស្គាល់​អំពី​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​។ ពួកគេ​ក៏​បាន​ធ្វើ​ការ​ប្រកាស​ទទួល​ខុស​ត្រូវ​អំពី​ការ​វាយ​ប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​យោធា​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សុក្រ​។

ក្រុម​ TTP និង​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​គឺ​ជា​ក្រុម​ពីរ​ផ្សេង​គ្នា ប៉ុន្តែ​មាន​និន្នាការ​ និង​ដើម​កំណើត​តែ​មួយ​ ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​។ បើ​ទោះ​បី​ជា​ក្រុម TTP ជា​សត្រូវ​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​គឺ​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិត​ស្និត​របស់​ប៉ាគីស្ថាន​។ ប្រភព​ដឹង​អំពី​ការ​ចរចា​ខាង​លើ​ បាន​និយាយ​ថា​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ដើរ​តួ​ជា​អ្នក​សម្របសម្រួល​រវាង​សត្រូវ​ទាំង​ពីរ​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner