បៃដិនបែរទៅរកនិន្នាការឆ្វេងនិយម ឥឡូវនេះគោលដៅរបស់លោកកំពុងរងការគំរាមកំហែង

នៅ​ពេល​ដែល​លោក​ចូ បៃដិន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ លោក​បាន​ព្យាយាម​ប្រើប្រាស់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ជា​វិបត្តិ​ជាតិ​មួយ​ដែល​នឹង​បង្កើត​ការ​ឯកភាព​គ្នា​ថ្មី​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន​ បន្ធូរ​បន្ថយ​ការ​បែកបាក់​នយោបាយ​បង្ក​ដោយ​ការ​ប្រកាន់​គណបក្ស​និយម​ និង​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រែប្រួល​ទៅ​មុខ​ក្នុង​គ្រា​ដ៏​លំបាក​របស់​ប្រទេស​។

ដោយ​មើល​រំលង​ការ​បែកបាក់​រវាង​ក្រុម​កណ្ដាល​និយម និង​ឆ្វេង​និយម​ក្នុង​សំឡេង​ភាគច្រើន​ដ៏​ស្ដើង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ លោក​បៃដិន​បាន​ដាក់​ចេញ​នូវ​គោលដៅ​អភិវឌ្ឍ​សង្គម​ធំ​បំផុត​ក្នុង​ជំនាន់​នេះ​ ដែល​រួមមាន​ការ​បង្កើន​អត្រា​អ្នក​មាន​ការងារ​តាម​រយៈ​គម្រោង​សាធារណការ​ដ៏​ធំ​ដើម្បី​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រុឌទ្រោម ផែនការ​បណ្ដាញ​សុវត្ថិភាព​សង្គម​ពី​កំណើត​ដល់​ស្លាប់​ កម្មវិធី​ដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បង្កើន​អត្រា​ពន្ធ​ទៅ​លើ​អ្នក​មាន​ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ​។

ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ​ លោក​បៃដិន​គឺ​ជឿជាក់​ទៅ​លើ​ជំនាញ​ចរចា​របស់​លោក​ ដែល​ត្រូវ​បាន​រៀន​ពី​បទពិសោធន៍​ ៣៦ ឆ្នាំ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ ដែល​ក្នុង​កំឡុង​ពេល​នោះ​លោក​បាន​ធ្វើ​ការ​ចរចា​ជា​ច្រើន​លើក​ច្រើន​សារ​ជាមួយ​មេដឹកនាំ​គណ​បក្ស​សាធារណរដ្ឋ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ នៅ​សប្ដាហ៍​នេះ គោលដៅ​របស់​លោក​បៃដិន​គឺ​កំពុង​រង​ការ​គំរាម​កំហែង​ ដោយ​សារ​ការ​បែកបាក់​សំឡេង​គាំទ្រ​ក្នុង​សភា​។

ខណៈ​ពេល​ដែល​សមាជិក​មួយ​ចំនួន​នៃ​គណបក្ស​សាធារណរដ្ឋ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក​បៃដិន​ គណបក្ស​សាធារណរដ្ឋ​ទាំង​មូល​បាន​ប្ដេជ្ញា​ដាច់​ខាត​ប្រឆាំង​ផែនការ​បណ្ដាញ​សុវត្ថិភាព​សង្គម​របស់​លោក​ និង​ការ​បង្កើន​អត្រា​ពន្ធ​លើ​អ្នក​មាន​។

បន្ថែម​ពី​លើ​នេះ​ក្រុម​ឆ្វេង​និយម​មាន​ការ​ព្រួយ​បារម្ភ​ថា​ក្រុម​កណ្ដាល​និយម​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​បោះឆ្នោត​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ប៉ុន្តែ​នឹង​មិន​បោះឆ្នោត​គាំទ្រ​ផែនការ​បណ្ដាញ​សុវត្ថិភាព​សង្គម​។ ជា​លទ្ធផល​នៃ​ការ​ព្រួយ​បារម្ភ​នេះ ​ក្រុម​ឆ្វេង​និយម​ ដែល​មាន​សំឡេង​ច្រើន​ជាង​ក្រុម​កណ្ដាល​និយម​ បាន​គំរាម​មិន​បោះឆ្នោត​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រសិន​បើ​ក្រុម​កណ្ដាល​និយម​មិន​ប្ដេជ្ញា​បោះឆ្នោត​គាំទ្រ​ផែនការ​បណ្ដាញ​សុវត្ថិភាព​សង្គម​។ ក្រុម​ទាំង​ពីរ​បាន​អះអាង​ថា​ខ្លួន​គឺ​ជា​អ្នក​គាំទ្រ​គោលដៅ​របស់​លោក​បៃដិន​ ហើយ​ចោទ​ប្រកាន់​ក្រុម​មួយ​ទៀត​ថា​កំពុង​រារាំង​គោលដៅ​ទាំង​នេះ​។

កត្តា​ទាំង​នេះ​បាន​បង្ក​ការ​រង្គោះរង្គើ​ទៅ​លើ​សំឡេង​ភាគ​ច្រើន​ដ៏​ស្ដើង​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​តំណាង​ និង​សំឡេង​ភាគ​ច្រើន​ ៥០-៥០ នៅ​ព្រឹទ្ធសភា​។ កាល​ពី​ថ្ងៃ​សុក្រ​លោក​បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​វិមាន​កាពីតូល​ដើម្បី​ជួយ​ផ្សះផ្សា​ការ​បែក​បាក់​រវាង​ក្រុម​ទាំង​ពីរ​។ ប៉ុន្តែ​ចុង​ក្រោយ​លោក​ បៃដិន និង​ប្រធាន​សភា​តំណាង​លោក​ស្រី​ណាន់ស៊ី ប៉េឡូស៊ី​បាន​យល់​ព្រម​មិន​អនុម័ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រសិន​បើ​គ្មាន​ការ​ប្ដេជ្ញា​គាំទ្រ​ផែនការ​បណ្ដាញ​សុវត្ថិភាព​សង្គម​។

ការ​សម្រេច​ចិត្ត​បែប​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​កណ្ដាល​និយម​ខឹង​សម្បារ ដែល​ភាគ​ច្រើន​គិត​ថា​លោក​បៃដិន​បាន​ក្បត់​ពួកគេ​ទៅ​គាំទ្រ​ក្រុម​ឆ្វេង​និយម​វិញ​។ លោកស្រី​កៀសស្ទីន ស៊ីនីម៉ា​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​កណ្ដាល​និយម​ដ៏​សំខាន់​មួយ​ បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​នេះ​គឺ​ «មិន​អាច​យក​លេស​បាន​ទេ ហើយ​គួរ​ឱ្យ​ខក​ចិត្ត​យ៉ាង​ខ្លាំង​»។

អ្នក​ស្រី​និយាយ​ថា​៖ «ពេញ​មួយ​ឆ្នាំ​នេះ​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការ​សន្យា​ផ្ទុយ​គ្នា​ដែល​មិន​អាច​រក្សា​បាន​ទាំង​អស់ ហើយ​ពេល​ខ្លះ​បាន​ធ្វើ​ពុត​ថា​ភាព​ខុស​គ្នា​នៃ​មតិ​នៅ​ក្នុង​គណបក្ស​របស់​យើង​មិន​មាន​ទេ បើ​ទោះ​បី​ជា​ការ​ខ្វែង​គំនិត​ទាំង​នោះ​ត្រូវ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ផ្ទាល់​និង​ជា​សាធារណៈ​ក៏​ដោយ​»​។

ដោយ​សារ​សំឡេង​ភាគ​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ស្ដើង​ ការ​អនុម័ត​គោលនយោបាយ​ធំ​ដំ​ណា​មួយ​ដូច​ខាង​លើ​ គឺ​ត្រូវ​ការ​ការ​គាំទ្រ​ពី​សមាជិក​របស់​ខ្លួន​ក្នុង​សភា​ទាំង​អស់ ហើយ​មិន​អាច​មាន​ការ​មិន​គាំទ្រ​ក្នុង​ចំណោម​គណបក្ស​ទេ​។ ការ​សម្រេច​ចិត្ត​របស់​លោក​បៃដិន​អាច​បង្ក​ការ​បាត់បង់​ការ​គាំទ្រ​ពី​ក្រុម​កណ្ដាល​និយម ប៉ុន្តែ​ឥឡូវ​នេះ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគេ​ ពួកគេ​ត្រូវ​រំពឹង​លើ​ការ​គាំទ្រ​របស់​លោក​បៃដិន និង​ក្រុម​ឆ្វេង​និយម​។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​បើ​ទោះ​បី​ជា​មាន​ការ​បែកបាក់​ទាំង​នេះ​ ចុង​ក្រោយ​គោលដៅ​ទាំង​ពីរ​នឹង​ត្រូវ​បាន​អនុម័ត​ ដោយ​ក្រុម​នីមួយ​ៗ​ ត្រូវ​ធ្វើ​ការ​លះ​បង់​មួយ​ចំនួន​នៃ​ជំហរ​របស់​ពួកគេ​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner