អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកល នឹងស្នើសុំក្រសួងអប់រំយុវជន និងកីឡា ឲ្យជម្រើសជាតិ ប្រកួតតាមសង្វៀនអំឡុងពេលហ្វឹកហាត់បិទខ្ទប់

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អះអាងថា នឹងស្មើសុំគោលការណ៍ទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីផ្តល់អទិភាពជូនកីឡាករ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សកល ដែលហ្វឹកហាត់បិទខ្ទប់ក្នុងជំរុំ ពហុកីឡដ្ឋានមរតតេជោ ត្រៀមស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម មានឪកាសប្រកួតតាមសង្វៀនស្ថានីយនានា និងកម្មវិធីប្រកួតដែលរៀបចំដោយ សហព័ន្ធ ដូចធម្មតា ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាព គុណភាព និងអោយកាន់តែមានសក្តានុពល ត្រៀមប្រកួតកម្រិតអន្តរជាតិ ។


ការលើកឡើងរបស់អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារូបនេះ ក្នុងកិច្ចប្រជុំ ជាមួយគ្រូបង្វឹក និងកីឡាករ-ការិនីជម្រើសជាតិ ក្នុងការត្រៀមលក្ខណៈប្រមូលផ្តុំហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជំតុមូល នៃអគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។


លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា គោលដៅដែលសហព័ន្ធស្នើសុំឲ្យកីឡាករ កីឡាការិនី ហ្វឹកហាត់ក្នុងអំឡុងពេលបិទខ្ទប់ បានចេញមកប្រកួតតាមសង្វៀននានា ព្រោះសហព័ន្ធយល់ឃើញថា ការហ្វឹកហាត់តែមួយមុខ មិនមានការប្រកួតដកស្រង់បច្ចេកទេស នឹងធ្វើឲ្យកីឡាករ កីឡាការិនីមិនមានការរីកចំរើនសមត្ថភាព ពិសេសមិនមានសក្តានុពលដណ្តើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិឡើយ ។ ដូច្នោះសហព័ន្ធចាំបាច់ ស្នើសុំទៅក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឲ្យកីឡាករ កីឡាការិនីបានចេញប្រកួត ។ លោក បញ្ជាក់ទៀតថា ប្រសិនប់ក្រសួងអនុញ្ញាត សហព័ន្ធនឹងធ្វើការតាមដាន ដោយប្រុងប្រយ័ត្ន នឹងដាក់ផែនការតឹងរ៉ឹងបំផុតប្រកួតចប់ គឺត្រូវចូលជំរុំវិញ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។


សូមបញ្ជាក់ថា កីឡាករ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សកល នឹងចាប់ផ្តើមចូលហ្វឹកហាត់ក្នុងជំរុំ ពហុកីឡដ្ឋានមរតតេជោ រយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែតុលា ដល់ចុងខែធ្នូ ឆ្នាំ២០២១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner