នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ការផ្លាស់ប្តូរឌីជីថល (DigitalTransformation)និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)បាន និងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែង របស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs)ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ហើយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន និងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការ ពាក់ព័ន្ធនានា ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាតុមូល ថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ ស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីវិបុលភាពរួម” នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ដែលសហការរៀបចំដោយ រដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) និងអង្គការ UNCTAD នៅទីក្រុងហ្សឺ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមបន្តថា៖ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះ ឱ្យបានជោគជ័យ ប្រកបដោយចីរភាព និងបរិយាបន្ន។ យ៉ាងណាមិញ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល បានពង្រីកគម្លាតឌីជីថល រវាងប្រ-ទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ឱ្យកាន់តែធំ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេស ជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ពាក់ព័ន្ធនានា រួមមានអង្គការ UNCTAD មានតួនាទីសំខាន់ ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាប់យកកាលានុវត្តភាព ពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤។

ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ សមត្ថភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងស្រុក ឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃ តំបន់ និងសកលផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំង ក្នុងការស្តារ និងជំរុញសម្ទុះ កំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិ នៃការឆ្លងរាតត្បាតជាសកល នៃមេរោគកូវីដ-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner