សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និង អាករនាំចូល និង រថយន្តចង្កូតស្តាំខុសច្បាប់ចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់  បញ្ហារថយន្តមិនបង់ពន្ធ និង អាករនាំចូល និង រថយន្តចង្កូតស្តាំខុសច្បាប់ដែលជាបញ្ហាច្រំដែលចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ ។

សេចក្ដីប្រកាសបានបន្តថា៖ ទី ១- អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីជូនដំណឹង លេខ៤៤២ សជណ . ហធ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តវិធានការលើការ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រោកក្រោមផ្លាកលេខក្រសួងស្ថាប័នរដ្ឋជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដី ពីគយ ។

ទី ២- ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូត ឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិ រដ្ឋនិង ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធ និងអាករឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០០% មកត្រឹមតែ ៩០% ។ ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុងឆ្នាំ២០២១ ត្រូវបង់ពន្ធ និងអាករ១០០% ដដែល ។ ប្រសិនជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនោះទេគឺ ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធ និង អាករពេញ ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត ។

ទី ៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករហើយ ទទួលបានការ អនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០% ដែរ និងត្រូវយករថយន្តទៅកែចង្កូតឲ្យបានរួចរាល់មុន ថ្ងៃ ទី ៣០ ខែមិថុនា ឆ្នាំ២០២២ ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅមិនអនុញ្ញាតឲ្យរថយន្តឯកជនដែល មានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតនោះឡើយ លើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេសដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាមជាដើម ។

ទី ៤- ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធត្រូវសហការ ជាមួយគយដើម្បីបង្កើនសកម្មភាពទប់ស្កាត់ និងបង្ក្រាបរថយន្តគ្មានពន្ធ ។ ក្នុងករណីចាំបាច់ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើមដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច តេជោ នាយករដ្ឋមន្ត្រីដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត ។

ទី ៥- ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅរថយន្តគ្មានពន្ធ និងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិង ម៉ឺងម៉ាត់បំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner