ប្រធានក្រុមប្រឹក្សារាជធានី សម្តែងពីការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានល្អប្រសើរ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានសម្តែងពីការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង លើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើអោយភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ជាមធ្យមបានប្រមាណជាង៤លានដុល្លាក្នុង១ខែ ។

ការសម្តែងការកោតសរសើរពីសំណាក់ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ តុលាឆ្នាំ២០២១នេះ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានអនុវត្តការងារ បានយ៉ាងល្អប្រសើរ ដូចជា ការងារអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់» មានសុវត្ថិភាព លោកសូមកោតសរសើរដល់សមត្ថកិច្ច ពាក់ព័ន្ធដែលបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានស្ទើរតែ ១០០% គឺបង្ក្រាប បាន ៧៧ករណី លើ ៧៨ករណ៏ ។

ការងារគ្រប់គ្រងសំណល់ បរិស្ថាន និងអនាម័យ ដោយបានពិនិត្យទម្ងន់បានល្អ (ការពិនិត្យជញ្ជឹង លាងសម្អាត ថ្លឹងបានត្រឹមត្រូវ និងពិនិត្យរថយន្តចាក់សំរាមមិនឱ្យសល់ក្នុងឡាន..។ល។។ និងការជំរុញ ចលនាដឹកជញ្ជូនសំរាមពេលបុណ្យភ្ជុំបិណ្ឌបានស្អាតពុំមានកកស្ទះ។ ចំណែកការងារធនធានទឹក និងឧតុនិយម ឃើញថា សកម្មភាពរបស់ការងារធនធានទឹក ជំរុញអនុវត្តការងារបាន ១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការងារដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ បានខិតខំជំរុញការអនុវត្តប្រមូលពន្ធប្រថាប់ត្រាគួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លានរៀល គិតជាមធ្យមប្រហែលជាជាង ៤លានដុល្លាក្នុង១ខែ។

លោកបន្តទៀតថា ក្រៅពីការងារខាងលើ ពាក់ព័ន្ធការងារដោះស្រាយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានយ៉ាងល្អផងដែរ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់គ្រងជម្ងឺកូវីដ-១៩ បានសហការជាមួយគណៈកម្មការជាង១០ ដោយយើងបានដើរតួជាប្រតិបត្តិករ ដោះស្រាយលើការព្យាបាលអ្នកជម្ងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម។ លោកបន្តថា ចាប់ពីពេលនេះតទៅ យើងលែងមានការធ្វើតេស្តរហ័ស ជាទ្រង់ទ្រាយធំទៀតហើយ បន្តការអនុវត្តការព្យាបាលតាមផ្ទះ ដែលការព្យាបាលតាមផ្ទះនេះ បានទទួលការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner