ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានណែនាំនាយកទីភ្នាក់​ងារUSAIDថ្មី ប្រចាំកម្ពុជា សូមចូលរួម សហការអភិវឌ្ឍវិស័យ​កសិ​កម្មកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព នាពេលអនាគត

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ: ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ហើយជាប្រាកដរាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID  បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមាន ការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសកិច្ចសហការបានល្អប្រសើររវាងក្រសួង និងទីភ្នាក់ងារ USAID ក្នុងការអនុវត្តគម្រោងទាក់ទងនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានណែនាំនាយកទីភ្នាក់ងារUSAIDថ្មី ប្រចាំកម្ពុជានឹងបំពេញការងារ សម្រាប់វិស័យកសិកម្ម ហើយសង្ឃឹមថា លោកស្រីនឹងរួមសហការបានល្អជាមួយក្រសួងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាព    នាពេលអនាគត។  ឯកឧត្តម បានជម្រាបជូនផងដែរថា ស្ថានទូតនឹងរៀបចំសម្ពោធការិយាល័យ US Department of Agriculture ក្នុងពេលឆាប់ៗខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា នឹងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទៅចូលរួមផងដែរ។ ចំពោះការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយ:ការបណ្តុះបណ្តាធនធានមនុស្ស និងការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ដែលជាយន្តការគន្លឹះក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ដោយឡែកចំពោះគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់កម្ពុជាឲ្យកាន់  តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ ឯកឧត្តមឯកអគ្គរដ្ឋទូតថា នឹងរៀបចំកម្មវិធីអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះទៅរួមគ្នាដើម្បីពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលទ្ធផលសម្រេចបានរបស់គម្រោង​។

ឯកឧត្តម វេង សាខុន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថា វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន   និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឯកអគ្គរដ្ឋទូត ឲ្យជួយពិនិត្យលើការកសាងធនធានមនុស្ស ទាំងវិស័យឯកជន មន្រ្តីរាជការ និងប្រជាកសិករក្នុងសហគមន៍ ដើម្បីបំពេញបន្ថែមនូវសមត្ថភាពក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប និងមាន ប្រសិទ្ធភាព ស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្កងកូវិដ-១៩ និងទិសដៅនៃការនាំចេញនាពេលអនាគត៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner