ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់កំពុងមមាញឹក ចុះអាមេរិក និងចិនមានដំណោះស្រាយអ្វីទេ?

ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ហាក់​បី​ដូច​ជា​ កើន​ឡើង​នៅ​ក្នុង​ខែ​តុលា​នេះ ខណៈ​មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​រដ្ឋធានី​ប៉េកាំង​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​ទៅ​កាន់​ដែន​អាកាស​ការពារ​ជាតិ​របស់​តៃវ៉ាន់ ខណៈ​ភាគី​តៃវ៉ាន់​បាន​ធ្វើ​ការ​បដិសេធ​លើ​គោលការណ៍ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» ​ដាក់​ចេញ​ដោយ​ប្រទេស​​ចិន​ដី​គោក។

កាល​ពី​សប្ដាហ៍​មុន មុន​ទិវា​បុណ្យ​ជាតិ​តៃវ៉ាន់ ដែល​បាន​​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យមុន​ កោះ​តៃវ៉ាន់​បាន​ចុះផ្សាយ​ថា យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន (PLA) សរុប ១៤៨គ្រឿង​បាន​ហោះ​ទោ​កាន់​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់។

នៅ​ពេល​នោះ​ដែរ នាយករដ្ឋមន្ត្រី​របស់​តៃវ៉ាន់​លោក Su Tseng-chang បាន​ហៅ​សកម្មភាព​នេះ​ថា ចិន​បាន​បង្ហាញ​ពី​ការ​គំរាមកំហែង​ផ្នែក​យោធា ហើយ​បង្ក​ជា​ការ​ប៉ះពាល់​ដល់​សន្តិភាព​តំបន់។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​លោក Chiu Kuo-cheng បាន​លើកឡើង​កាល​ពី​សប្ដាហ៍​មុន​ថា ភាព​តានតឹង​នៅ​តំបន់​ច្រក​សមុទ្រ​នៅ​ពេល​នេះ កើន​កម្ដៅ​ខ្លាំង​បំផុត​ក្នុង​រយៈពេល ៤០ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ទីក្រុង​ប៉េកាំង​មាន​សមត្ថភាព​ក្នុង​ការ​ឈ្លានពាន​តៃវ៉ាន់​ពេញ​ទំហឹង​នៅ​ឆ្នាំ២០២៥។

កាល​ពី​ថ្ងៃ​សៅរ៍ ​ក្នុង​ឱកាស​នៃ​ខួប ១១០ឆ្នាំ​នៃ​​បដិវត្តន៍​ឆ្នាំ១៩១១ ដែល​ជា​ការ​ធ្វើ​បដិវត្តន៍​ដឹកនាំ​ដោយ​លោក ស៊ុន យ៉ាត់សេន រំលាយ​របប​រាជានិយម​ចំណាស់ ៥ពាន់​ឆ្នាំ​របស់​ចិន លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន​បាន​លើកឡើង​ថា «ការ​បង្រួបបង្រួម​ជាតិ​ [រវាង​ចិន​ដី​គោក និង​តៃវ៉ាន់] ដោយ​មធ្យោបាយ​សន្តិភាព​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាជាតិ​ចិន​ទាំង​មូល ដែល​រាប់​បញ្ចូល​ទាំង​បង​ប្អូន​រួម​ជាតិ​របស់​យើង​នៅ​កោះ​តៃវ៉ាន់​ផង​ដែរ»។

លោក ស៊ី​ បាន​សង្កត់​ធ្ងន់​ថា គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ជា​មូលដ្ឋាន​គឺ​ផ្អែក​លើ គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធ​ពីរ និង​ប្រកាន់​ខ្ជាប់​គោលការណ៍​ប្រទេស​ចិន​តែ​មួយ ព្រម​ទាំង​គោលការណ៍​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ខាង​តៃវ៉ាន់​បាន​ឆ្លើយតប​ថា ខ្លួន​បដិសេធ​ដាច់​ខាត​មិន​ទទួល​យក​ឡើយ​នូវ គោលការណ៍​«ចិន​តែ​មួយ» និង​គោលការណ៍​ «ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ»ឡើយ។

ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​បាន​លើកឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «ប្រជាជន​តៃវ៉ាន់​ភាគ​ច្រើន​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ណាស់​គឺ បដិសេធ​ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» និង​ការពារ​របៀប​រស់​នៅ​បែប​ប្រជាធិបតេយ្យ និង​សេរី»។

«សាធារណរដ្ឋ​ចិន (សំដៅ​លើកោះ​​តៃវ៉ាន់) ជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យ​ និង​មិនមែន​ជា​ផ្នែក​មួយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឡើយ។ អនាគត​របស់​ប្រទេស​នេះ​គឺ​ស្ថិត​ក្រោម​ដៃ​របស់​ប្រជាជន​តៃវ៉ាន់»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​តៃវ៉ាន់។

រឿង​តៃវ៉ាន់​នេះ​ដែរ តែងតែ​ស្ថិត​ក្នុង​របៀបវារៈ​របស់​សហរដ្ឋអាមេរិក និង​ចិន​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ច្បាស់​លាស់​នៅ​ឡើយ​នៅ​ក្នុង​ជំនួប​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ​។

កាល​ពី​សប្ដាហ៍​មុន លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក និង​លោក Yang Jiechi ប្រធាន​គណៈកម្មការ​ការបរទេស​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន បាន​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​ស្វីស។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ការបរទេស​ចិន នៅ​ពេល​និយាយ​រឿង​តៃវ៉ាន់ លោក Yang បាន​ជំរុញ​ឱ្យ​ខាង​អាមេរិក​គោរព​នូវ​គោរព​អធិបតេយ្យ​ភាព​របស់​ចិន ហើយ​បញ្ឈប់​យក​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ បន្ថែម​ពី​នេះ​ទៀត លោក Sullivan ក៏​បាន​បង្ហាញ​ជំហរ​របស់​អាមេរិក​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ពី​គោលការណ៍​ចិន​តែ​មួយ។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខាង​ចិន។

ចំណែក​ឯ​ប្រភព​ពី​ខាង​អាមេរិក​វិញ​បាន​ចុះ​ផ្សាយ​ថា លោក Sullivan បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ពី​រឿង​តៃវ៉ាន់។ បើ​យោង​តាម​កិច្ចសម្ភាសន៍​របស់​លោក​ជាមួយ​នឹង​សារព័ត៌មាន BBC លោក​បាន​លើកឡើង​ថា អាមេរិក​គោរព​លើ​គោលការណ៍ «ចិន​តែ​មួយ» មែន តែ​ខាង​អាមេរិក​ក៏​មាន​កាតព្វកិច្ច​ការពារ​តៃវ៉ាន់​តាម​រយៈ​ច្បាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​របស់​សហរដ្ឋអាមេរិក​ផង​ដែរ។ លើស​ពី​នេះ​ទៀត អាមេរិក​ក៏​កំពុង​តែ​ព្យាយាម​បញ្ចៀស​កុំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ចិន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ឈ្លានពាន​តៃវ៉ាន់។

ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ ត្រូវ​បាន​អនុម័ត​ដោយ​អាមេរិក​នៅ​ឆ្នាំ១៩៧៩។ ក្នុង​ច្បាប់​នេះ​បាន​ចែង​ថា ទោះ​បី​ជា​អាមេរិក​មិន​ទទួល​ស្គាល់​តៃវ៉ាន់​ពេញលេញ​មែន តែ​អាមេរិក​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ផ្ដល់​នូវ​អាវុធ​យុទ្ធភណ្ឌ​ទៅ​កាន់​តៃវ៉ាន់​ ដើម្បី​ការពារ​ខ្លួន ហើយ​អាមេរិក​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ណា​មួយ ដែល​ប៉ះពាល់​ដល់​តៃវ៉ាន់​ផង​ដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner