កម្ពុជាកំពុងជួយសង្គ្រោះស្ត្រី២រូបពីប្រទេសចិន (Video Inside)

រូបភាពវីដេអូមួយបង្ហោះពីប្រទេសចិនដោយស្ត្រីខ្មែរ២នាក់ដែលត្អូញត្អែរប្តីជាតិចិនធ្វើបាប និងស្វែងរកការជួយ ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីវិលត្រឡប់មកស្រុកកំណើតវិញនោះ បានជម្រុញឲ្យមានការជួយដោះស្រាយបញ្ហា ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញ ដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានថ្លែងបញ្ជាក់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា កំពុង ប្រឹងប្រែងជួយសង្គ្រោះស្ត្រីខ្មែរ២រូប ដែពួកគាត់អះអាងថា ចាញ់បោកមេខ្យល់ទៅនៅប្រទេសចិនកាលពី៥ឆ្នាំមុន ហើយត្រូវប្តីវាយធ្វើបាបយ៉ាងខ្លាំង។

យោងតាមក្រសួងការបរទេសកម្ពុជា, ស្ត្រីខ្មែរទាំង២រូបនោះ ត្រូវគេថត បង្ហោះនៅថ្ងៃទី១៣តុលានេះ ដែលកំពុងស្ថិតក្នុងការិយាល័យអគ្គកុងស៊ុលកម្ពុជាក្នុងទីក្រុងក្វាងចូវដើម្បីការរក វិធីជួយដោះស្រាយ។ មន្ត្រីនាំពាក្យក្រសួងការបរទេស លោកកុយគួង បានសរសេរក្នុងបណ្តាញសង្គមថ្ងៃនេះថា ស្ត្រីខ្មែរនោះ បានរៀបការយកប្តីចិនតាំងពីឆ្នាំ២០១៧ និងចង់វិលត្រឡប់មកស្រុកវិញភ្លាមៗ។

លោកបានសរសេរ ថាយោងតាមច្បាប់របស់ប្រទេសចិន គេត្រូវធ្វើការលែងលះ, លុបសៀវភៅអាពាហ៍ពិពាហ៍រួចរាល់សិន ទើបអាច វិលត្រឡប់មកវិញបាន។ មន្ត្រីក្រសួងការបរទេសបានបញ្ជាក់ថាគេកំពុងរកដំណោះស្រាយដើម្បីជួយស្ត្រីខ្មែរទាំង ២នាក់នោះហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner