សហរដ្ឋអាមេរិកមានបំណងចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ ក្រោយដើរចេញពីស្ថាប័នអន្តរជាតិនេះជាង៣ឆ្នាំ (Video Inside)

ហ្សឺណែវ សហរដ្ឋអាមេរិកបាននិងកំពុងវិលត្រឡប់ទៅចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ឡើងវិញហើយ ពោលគឺរយៈពេល៣ឆ្នាំកន្លះ បន្ទាប់ពីខ្លួនបានដើរចេញពីអង្គការអន្តរជាតិនេះ ខណៈដែលចិនកំពុងចាប់យកឱកាស ដើម្បីពង្រីកឥទ្ធិពលកាន់តែទូលំទូលាយ។

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កំពុងធ្វើការជ្រើសរើសសមាជិកថ្មី សម្រាប់ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រទេសនានានឹងចាប់ផ្តើមអាណត្តិក្រុមប្រឹក្សា ដែលមានរយៈពេល ៣ឆ្នាំរបស់ពួកគេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ទោះបីជារដ្ឋជាសមាជិក ត្រូវបានជ្រើសរើសដោយសន្លឹកឆ្នោតសម្ងាត់ក៏ដោយ ក៏ការបោះឆ្នោតនេះមិនមែនជាការប្រកួតប្រជែងអ្វីឡើយ ខណៈប្រទេសចំនួន ១៨ កំពុងឈរឈ្មោះដើម្បីទទួលបានអាសនៈសរុបចំនួន ១៨។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក ឈិន ស៊ូ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា ចិនសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងបើកកិច្ចសន្ទនាក្នុងន័យស្ថាបនា ហើយនឹងមិនធ្វើឱ្យសិទ្ធិមនុស្សក្លាយជាយានជំនិះនយោបាយម្តងទៀតឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៨ ដោយចោទថា លាក់ពុត និងព្យាយាមរករឿងតែចំពោះប្រទេសអ៊ីស្រាអែល។ ប៉ុន្តែនៅពេលទីក្រុងវ៉ាស៊ីនតោនស្ថិតក្រោមការដឹកនាំរបស់លោក ចូ បៃដិន វិញ ប្រទេសមហាអំណាចពិភពលោកនេះនឹងត្រូវស្តារឥទ្ធិពលឡើងវិញ ដើម្បីដោះស្រាយបញ្ហាដែលខ្លួនមើលឃើញថា ជាការកើនឡើងនៃឥទ្ធិពលចិន នៅអំឡុងពេលដែលសហរដ្ឋអាមេរិកអវត្តមាន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner