កូរ៉េខាងជើងអះអាងពីជោគជ័យក្នុងការធ្វើតេស្តមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះចេញផ្សាយថា កូរ៉េ​ខាងជើង​បានទទួលជោគជ័យ ក្នុងការធ្វើតេស្ត​មី​ស៊ី​ល​ទើប​អភិវឌ្ឍ​ថ្មី​មួយ​ដែល​រចនា​ឡើង​ដើម្បី​បាញ់​ចេញពី​នាវាមុជទឹក ​(SLBM) ក្នុងគោលបំណង​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ​ក្រោម​ទឹក​របស់​យោធា​ខ្លួន​។​

បើតាមសារព័ត៌មាន​ KCNA ​ការបាញ់សាកល្បង​ចុងក្រោយ​នេះ ​នឹង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការដាក់​បច្ចេកវិទ្យា​ការពារ​ជាតិ​នៅ​កម្រិត​ខ្ពស់ ​​និង​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ​ក្រោម​ទឹក​របស់​កងទ័ពជើងទឹក​យើង​​។ សារព័ត៌មាន KCNA បន្ថែមថា ​មី​ស៊ី​ល​ថ្មី​នេះ​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ត្រួតពិនិត្យ​ និងការបញ្ជា​ទិស​កម្រិត​ខ្ពស់ ​រួមមាន​ទាំងការបំលាស់​ទី​ពី​ចំហៀង ​និង​បំលាស់​ទី​បែប​សម្រូត​ចុះ​ក្រោម​នៃ​មី​ស៊ី​ល​។​

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្ត​មី​ស៊ី​លនៅ​ថ្ងៃ​អង្គារសប្តាហ៍នេះ ​គឺជា​ការបាញ់​មី​ស៊ី​ល​លើក​ទី​ប្រាំ​ហើយចាប់តាំងពី​ខែកញ្ញា​ ហើយ​បាន​កើតឡើង​ស្របពេល​កូរ៉េខាងជើង​បង្កើន​សម្ពាធ​លើ​ទីក្រុង​វ៉ាស៊ីនតោន ​និងទីក្រុង​សេ​អ៊ូ​ល ​ដើម្បី​បោះបង់ចោល​នូវ​អ្វី​ដែលទីក្រុង​ព្យុងយ៉ាង​ចាត់ទុកថា​ ជា​គោលនយោបាយ​អរិភាព​ដូចជា​សមយុទ្ធ​យោធា​រួម​រវាង​អាមេរិក​-​កូរ៉េ​ខាងត្បូង ​និង​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េខាងជើង​៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner