កម្ពុជា ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លទៅរួចមក ទើបនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី។ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ផែនការមេនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍខេត្តសៀមរាបទាំងមូល។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីអាចដើរតាមទស្សនវិស័យនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងនៅក្នុងបរិបទនៃការប្រកួតប្រជែងទេសចរណ៍កាន់តែខ្លាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិសម្រាប់ខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នេះ នឹងប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ និងមានភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គោលបំណងជាយុទ្ធសាស្រ្តនៃផែនការមេនេះ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បង និងទាក់ទាញនៅក្នុងតំបន់ និងសកលលោក ដោយឈរលើមូលដ្ឋាននៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និងភាពជាខ្មែរ។ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ខេត្តសៀមរាបគួររៀនសូត្រពីគំរូអនុវត្តល្អៗពីគ្រប់សម័យកាល ពិសេសសម័យអង្គរ ក៏ដូចជាការគិតគូរលើ «ភាពស្អាត បៃតង និងឆ្លាត» ក្នុងបរិការណ៍សម័យទំនើប និងដំណើរឆ្ពោះទៅការកសាងសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ថោង ខុន បង្ហាញការរំពឹងទុកថា ផែនការមេនេះនឹងចូលរួមយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្តីពីទេសចរណ៍កម្ពុជា ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពលំដាប់ពិភពលោក ផ្តល់ភាពកក់ក្តៅដល់ទេសចរ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះខេត្តសៀមរាបត្រូវអភិវឌ្ឍន៍ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងជាគោលដៅទេសចរណ៍ចម្បងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនុរ័ត្ន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រនិងផែនការគន្លឹះទាំងនេះ កម្ពុជានឹងអាចស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាបនេះផ្ទាល់តែម្តង ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិនេះ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព, សុវត្ថិភាព និងចីរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចជោគជ័យ សំដៅចូលរួមស្តារអនាគតនៃវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner