ការតវ៉ាធ្វើឱ្យរំខានដល់ពិធីដុតចន្លុះល្បែងអូឡាំពិកក្រុងប៉េកាំង២០២២

សកម្មជន​សិទ្ធិ​មនុស្ស​ លើក​បដា​ដែល​សរសេរ​ថា​ «​គ្មាន​ល្បែង​ប្រល័យ​ពូជ​សាសន៍​»​ គ្រវី​ទង់​ជាតិ​ទីបេ​ និង​អំពាវ​នាវ​ឱ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ទី​ក្រុង​ប៉េកាំង​ឆ្នាំ​ ២០២២ ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​ដុត​ចន្លុះ​កាល​ពី​ថ្ងៃ​ចន្ទ​​​។​

​ស្ត្រី​ពីរ​នាក់​ និង​បុរស​ម្នាក់​​លួច​រត់​ឆ្លង​កាត់​របាំង​ប៉ូលីស​ដ៏​តឹង​ ហើយ​សម្រុក​ចូល​ទៅ​ក្នុង​តំបន់​បុរាណ​វិទ្យា​នៃ​ពហុកីឡដ្ឋាន​ និង​វិមាន​ក្រិច​បុរាណ​ ដែល​ជា​កន្លែង​អណ្តាត​ភ្លើង​អូឡាំពិក​ត្រូវ​ដុត​តាម​ប្រពៃណី​ ហើយ​ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ចូល​ជា​ច្រើន​ថ្ងៃ។​ អ្នក​ទាំង​បី​លើក​ទង់​ជាតិ​ទីបេ​ពីរ​បី​វិនាទី​ បន្ទាប់​ពី​ចន្លុះ​ត្រូវ​បាន​ដុត​។​  

ក្រុម​បាតុករ​ទាំង​បី​នាក់​​ស្រែក​ទាមទារ​ឱ្យ​​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង​ ខណៈ​មន្ត្រី​ដែល​ត្រូវ​បាន​អញ្ជើញ​រួម​ទាំង​ប្រធានាធិបតី​ក្រិក​លោក​ស្រី​ Katerina Sakellaropoulou និ​ង​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លោក​ Thomas Bach  ​សម្លឹង​មើល​។​

​​ពិធី​នេះ​មិន​ត្រូវ​បាន​រំខាន​ដូចក​រណី​សម្រាប់​ការ​ប្រកួត​កីឡា​រដូវ​ក្តៅ​ប៉េកាំង​ឆ្នាំ​ ២០០៨ ​ទេ​ ហើយ​សកម្មជន​ដែល​មិន​បាន​ទៅ​ដល់​ពហុកីឡាដ្ឋាន​ ​ត្រូវ​បាន​ប៉ូលីស​ឃាត់​ខ្លួន​ភ្លាម​ៗ​ ប៉ុន្តែ​មិន​រង​ការ​ចោទ​ប្រកាន់​អ្វី​នោះ​ទេ​។​

​គណៈកម្មាធិការ​អូឡាំពិក​ក្រិក ​(HOC) ​​ទទួល​បន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​​និយាយ​ថា​ ខ្លួន​ខក​ចិត្ត​ដែលពិ​ធី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោល​បំណង​នយោបាយ​។​​

HOC ​និយាយ​ក្នុងសេ​ចក្ដី​ថ្លែងការណ៍​ថា​៖​ ​«​អណ្តាត​ភ្លើង​អូឡាំពិក​តំណាង​ឱ្យ​ប្រវត្តិសាស្ត្រ​ក្រិក​ ៣០០០ ​ឆ្នាំ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​សន្តិភាព​ និង​ការ​សន្ទនា​។​ ខណៈ​​ដែល​ HOC ​គោរព​សិទ្ធិ​បុគ្គល​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ វា​គឺជា​​ការ​ខកចិ​ត្តដែ​លព្រឹ​ត្តិការណ៍​វប្បធម៌​ប្រពៃណីនេះ​​ត្រូវ​បាន​ប្រើ​ប្រាស់ដោ​យ​បុគ្គល​មួយ​ចំនួន​ដើម្បី​គោល​បំណង​ផ្សេង​ទៀត​»​។​

អាជ្ញាធរ​ចិន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួយ​សម្រួល​ការងារ​ដោយ​បង្ខំ​ដោយ​ឃុំ​ខ្លួន​ជន​ជាតិ​អ៊ុយហ្គួរ​ប្រហែល​មួយ​លាន​នាក់​ និង​ជន​ជាតិ​ភាគ​តិច​មូស្លីម​ដទៃ​ទៀត​នៅ​ក្នុង​ជំរំ​តាំង​ពី​ឆ្នាំ​ ២០១៦ ​។​​ ក្រុម​សិទ្ធិ​មនុស្ស​​អំពាវ​នាវ​ឱ្យ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​ពន្យារ​ពេល​ការ​ប្រកួត​ដែល​នឹង​ប្រារព្ធ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ និង​ផ្លាស់​ប្តូរ​ទី​តាំង​ព្រឹត្តិការណ៍​នេះ​លុះ​ត្រា​តែ​ប្រទេស​ចិន​បញ្ចប់​នូវ​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កំពុង​កើត​មាន​លើជ​ន​ជាតិ​អ៊ុយហ្គួរ ​និង​ក្រុម​ជន​ជាតិ​ភាគ​តិចមូ​ស្លីម​ដទៃ​ទៀត​។​

យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​ចិន​បដិសេធ​ការ​ធ្វើ​ខុសដោ​យ​និយាយ​ថា ​ខ្លួន​​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដើម្បី​ប្រយុទ្ធប្រ​ឆាំង​នឹង​អំពើ​ជ្រុល​និយម​។​

​ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner