គណបក្សកុម្មុយនិស្តចិនគ្រោងនឹងចេញសេចក្ដីសម្រេចចិត្តឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររបស់ខ្លួន

គណបក្ស​កុម្មុយនិស្ត​ចិន​គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​ចិត្ត​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ នៅ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​គណបក្ស​កុម្មុយនិស្ត​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ដោយ​មាន​លោក ស៊ី ជីនភីង ដែល​ជា​ប្រធានាធិបតី​ចិន និង​ជា​អគ្គលេខាធិការ​បក្ស​ជា​អធិបតី។

អង្គ​ប្រជុំ​ខាង​លើ​នេះ​បាន​សម្រេច​ថា បក្ស​កុម្មុយនិស្ត​ចិន​នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ដែល​នឹង​ពិភាក្សា​លើ​បញ្ហា​ទូទៅ​ផ្សេងៗ ដែល​រួម​មាន​ទាំង​ត្រួតពិនិត្យ និង​តាក់តែង​នូវ​សេចក្ដី​សម្រេច​គន្លឹះ​ស្ដីពី «សមិទ្ធផល​ធំៗ និង​បទពិសោធន៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ខិតខំ​រយៈពេល ១០០ឆ្នាំ របស់​គណបក្ស»។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ស៊ីនហួរ អង្គប្រជុំ​នៃ​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​ចំនួន ២៥រូប​ខាង​លើ​នេះ ក៏​បាន​លើកឡើង​អំពី​វិធី​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​ប្រែ​ក្លាយ​ទស្សនៈ​សង្គម​និយម​ដែល​មាន​អាយុ​កាល ៥០០ឆ្នាំ ទៅ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង ហើយ​ដឹកនាំ​អរិយធម៌​ចិន​ចំណាស់ ៥ពាន់​ឆ្នាំ​ឱ្យ​មាន​ភាព​ទំនើប។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ១០០ឆ្នាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន គណបក្ស​នេះ​ចេញ​សេចក្ដី​សម្រេច​បង្ហាញ​ពី​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​តែ​ ២ដង​ប៉ុណ្ណោះ ដោយ​លើក​ទី១ នៅ​ឆ្នាំ១៩៤៥ ពោល​គឺ​នៅ​ជំនាន់​លោក ម៉ៅ សេទុង ចំណែក​ឯ​លើក​ទី២ គឺ​ធ្វើ​ឡើង​នៅ​ជំនាន់​លោក តេង ស៊ាវភីង នៅ​ឆ្នាំ១៩៨១។

សេចក្ដី​សម្រេច​ទី១ បាន​ធ្វើ​ការ​សង្ខេប​អំពី​មេរៀន​ពី​ប្រវត្តិ​នៃ​ការ​តស៊ូ​ផ្នែក​នយោបាយ​ និង​ផ្នែក​យោធា ​របស់​បក្ស​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ម៉ៅ។ លុះ​សេចក្ដី​សម្រេច​ទី២ វិញ ដាក់​ចេញ​នូវ​កំណែទម្រង់​សេដ្ឋកិច្ច និង​នយោបាយ​មួយ​ចំនួន ហើយ​ក៏​​បាន​ប្រកាស​ថា «បដិវត្តន៍​វប្បធម៌» ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​លោក ម៉ៅ ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ។

ដូច្នេះ​នេះ​ជា​លើក​ទី៣ ហើយ ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​ចេញ​សេចក្ដី​សម្រេច​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​។

«ឆ្នាំ​នេះ​ជា​ខួប​ ១០០ឆ្នាំ​ចាប់​តាំង​ពី​គណបក្ស​កុម្មុយនិស្ត​ត្រូវ​បាន​បង្កើត ហើយ​ ៤០ឆ្នាំ​ចាប់​តាំង​ពី​សេចក្ដី​សម្រេច​លើក​ទី២ ត្រូវ​បាន​ចេញ​។ សេចក្ដី​សម្រេច​លើក​ទី៣ នឹង​ចាត់​ទុក​ជា​ការ​ចាប់​ផ្ដើម​នៃ​ជំនាន់​ថ្មី​របស់​លោក ស៊ី»។ នេះ​បើ​តាម​យោង​ប្រភព​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Nikkei។

យោង​តាម​ប្រភព​ខាង​លើ សេចក្ដី​សម្រេច​ថ្មី​នេះ​ទំនង​ជា​លើក​ពី​គុណសម្បត្តិ​របស់​លោក ស៊ី ជីនភីង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​ភាព​ក្រីក្រ ដែល​ជា​ភាព​ជោគជ័យ​មួយ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

លោក Fan Peng អ្នក​ស្រាវជ្រាវ​នៃ​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​សង្គម​ចិន លើកឡើង​ប្រាប់​ Global Times ថា សេចក្ដីសម្រេច​ថ្មី​នេះ​មាន​ភាព​ខុស​ប្លែក​ពី​សេចក្ដី​សម្រេច​លើក​ទី១ និង​លើក​ទី២ ដោយ​លើក​ទី១ និយាយ​អំពី «បញ្ហា» ចំណែក​ឯ​លើក​ទី​២ ចោទ​ជា​ «សំណួរ»។ រីឯ​លើក​ទី៣ នេះ អាច​នឹង​បង្កប់​ដោយ​ចក្ខុវិស័យ​ប្រកប​ដោយ​មហិច្ឆតា​ច្រើន​ជាង​លើកៗ​មុន។

យ៉ាងណាមិញ បើ​យោង​តាម​សាស្ត្រាចារ្យ​នយោបាយ​ដែល​ចូល​និវត្តន៍​មួយ​រូប ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក បាន​យល់​ឃើញ​ថា គោលដៅ​នៃ​សេចក្ដី​សម្រេច​នេះ​គឺ​គ្រាន់​តែ «ពង្រឹង​មុខ​មាត់​របស់​គណបក្ស​ ក៏​ដូច​ជា​លើក​មុខ​របស់​មេដឹកនាំ​បច្ចុប្បន្ន (សំដៅ​លើ​លោក ស៊ី)»។

លោក ស៊ី ជីនភីង​ ឡើង​កាន់​តំណែង​ជា​មេដឹកនាំ​កំពូល​ចិន​ចាប់​តាំង​ពី​ឆ្នាំ២០១២មក។ ចាប់​តាំង​ពី​លោក​កាន់​អំណាច ទិដ្ឋភាព​នយោបាយ​របស់​ចិន​បាន​ផ្លាស់​ប្ដូរ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

នៅ​ក្នុង​ស្រុក លោក​ ស៊ី បាន​ចាត់​វិធានការ​ក្ដៅ​ក្នុង​ការ​បង្ក្រាប​អំពើ​ពុករលួយ​ក្នុង​ជួរ​មន្ត្រី​គ្រាក់ៗ​ជា​ច្រើន។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ លោក​ក៏​បាន​ផ្លាស់​ប្ដូរ​ប្រពៃណី​ជា​ច្រើន​ក្នុង​នយោបាយ​ចិន​ផង​ដែរ ដោយ​លោក​បាន​លុប​ការ​កំណត់​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី ក៏​ដូច​ជា​អគ្គលេខាធិការ​បក្ស​ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ចិន​កាល​ពី​ឆ្នាំ២០១៨។

រីឯ​នៅ​ក្រៅ​ស្រុក​ចិន​វិញ ចិន​ព្យាយាម​លើក​មុខ​មាត់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច​ក្រោម​ក្របខ័ណ្ឌ​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) ហើយ​ក៏​ព្យាយាម​បង្កើន​សំឡេង​នៅ​តាម​វេទិកា​អន្តរជាតិ​នានា​ផង​ដែរ៕

ប្រភព៖ Global Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner