កិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុង-ខេត្តសៀមរាប

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុង-ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ សំដៅស្វែងរកដំណោះស្រាយ   ចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស  កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប  ដោយមានការចូលរួមរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញទាក់ទង នឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម និងសំណូមពរ របស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យកិច្ចដំណើរការសាងសង់ផ្លូវទាំង៣៨ខែ្សនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឲ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការ និងពិភាក្សាគ្នា រិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់ ។  ក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង១១ខែសម្រេចបាន៨៦%នៃ ទំហំការងារ សរុប (២% លឿនជាងផែនការ) គម្រោងនេះគ្រោងបញ្ចប់ ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ខាង មុខនេះ ។

គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជម្ងឺកូវីដ១៩ ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុង-ខេត្តសៀមរាប មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់ អង្គភាពទាំងអស់បានអនុវត្តទៅតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner