នាយករដ្ឋមន្រ្តីចិន៖ ទំនាក់ទំនងរវាងចិន និងសមាជិកអាស៊ានកំពុងអភិវឌ្ឍយ៉ាងពេញលេញ និងស្ថិរភាព

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង ថ្លែងថា ទំនាក់ទំនងរវាងចិន និងសមាជិកអាស៊ានកំពុងអភិវឌ្ឍយ៉ាងពេញលេញ និងស្ថិរភាព ហើយថា ចិន និងអាស៊ានបានជួយគ្នាទៅវិញទៅមកក្នុងជំងឺរាតត្បាតកូវីដ១៩ ដែលបានធ្វើឱ្យទំនាក់ទំនងរបស់ពួកយើងកាន់តែរឹងមាំ។ លោក លី បានធ្វើការកត់សម្គាល់បែបនេះ នៅពេលចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៤ តាមរយៈតំណភ្ជាប់វីដេអូ។

លោក លី បន្តថា ចិន និងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន គួរតែពន្លឿនការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ហើយខិតខំធ្វើការសម្រេចឱ្យបានឆាប់។ លោកបន្ថែមថា សន្តិភាពនៅសមុទ្រចិនខាងត្បូងបម្រើផលប្រយោជន៍រួមរបស់ចិន និងប្រទេសអាស៊ាន ហើយថា ការអភិវឌ្ឍន៍ក្នុងតំបន់ គឺជាសេចក្តីប្រាថ្នារួមគ្នារបស់ភាគីទាំងពីរ ហើយភាពស្ងប់ស្ងាត់ក្នុងតំបន់ទាមទារការខិតខំប្រឹងប្រែងរួមគ្នា។ លោក លី បន្តថា ឆ្នាំក្រោយគឺជាខួបលើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។ លោកបញ្ជាក់ទៀតថា ភាគីទាំងពីរគួរតែប្រើប្រាស់វាជាឱកាសមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ជាក់ស្តែងការពន្លឿនការចរចា COC និងខិតខំធ្វើការសន្និដ្ឋានដំបូងរបស់ខ្លួន សំដៅធ្វើឱ្យដែនសមុទ្រចិនខាងត្បូង ក្លាយជាដែនសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

លោក លី ក៏បានអំពាវនាវឱ្យភាគីទាំងពីរធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងការពារជីវចម្រុះ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានសម្តែងនូវឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល សុខភាពសាធារណៈ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner