ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី ឬបន្ថែមការទំនាក់ទំនង ក្នុងនោះលោកអ្នកជាអាជីវករមិនអាចបោះបង់ចោលការផ្សព្វផ្សាយពាណិជ្ជកម្មបានទេ។ ប្រសិនបើអ្នកមានបញ្ហាជាប់គាំង មិនគួរប្រថុយប្រថាននោះទេ ប៉ុន្តែគួរស្នើសុំការពិភាក្សាជាមួយមនុស្សដែលទុកចិត្ត។ ចំពោះការផ្លាស់ប្តូរការងារ ឬការបោះទុនគឺអាចធ្វើទៅបានដោយគ្មានអ្វីជំទាស់នោះទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុនថ្មី។ លោកអ្នកនឹងទទួលបានជោគជ័យចំពោះការងារទាំងឡាយ។ ក្នុងនោះដែរ នៅរវាងពេលរសៀលអ្នកនឹងអាចរំពឹងថាទទួលបានដំណឹងដ៏រីករាយ ដែលរំពឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ អាចទៅរួច ប៉ុន្តែសូមជៀសវាងការធ្វើដំណើរតាមផ្លូវទឹកទើបជាការល្អប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សស្រលាញ់រាប់ងអាន និងចាំជួយយកអាសារដោយភាពស្មោះត្រង់។ ថ្ងៃនេះក៏ជាពេលវេលាដែលមានអំណោយផលសម្រាប់ការធ្វើទំនាក់ទំនង និងការចរចាផងដែរ ដូច្នេះសូមកុំបង្អង់យូរ ឬធ្វើឲ្យឳកាសនេះកន្លងផុតទៅ។ ក្រៅពីនេះ សូមកុំទាក់ទងនឹងការខ្ចីបុល ដោយសារការខាតបង់ ឬការបោកបញ្ឆោតហាក់មានកំរិតខ្ពស់។ ទាំងនេះមិនមែនមានន័យថា លោកអ្នកត្រូវសង្ស័យគ្រប់គ្នានោះទេ ប៉ុន្តែក៏សួរចងចាំថា ការខាតបង់មិនងាយស្តារឡើងវិញនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយដែលអ្នកប៉ងប្រាថា្ន។ ក្នុងនោះប្រសិនបើអ្នកព្យាយាមធ្វើទំនាក់ទំនងបន្ថែមជាមួយនឹងថ្នាក់លើ នោះអ្នកនឹងអាចយល់ដឹងពីស្ថានការណ៍បានកាន់តែប្រសើរ។ ប្រការដែលគួរជៀសវាងក្នុងថ្ងៃនេះ គឺការជ្រៀតជ្រែកទៅលើការងាររបស់អ្នកដទៃ។ លោកអ្នកមិនគួរធ្វើឲ្យបានកំហុសជាមួយរឿងនេះនោះទេ។ សូមគោរពវិជ្ជាជីវរបស់ខ្លួន ក៏ដូចជារបស់មិត្តរួមការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចមានភាពសកម្មតិចតួចជាមួយការងារផ្នែកគណនេយ្យ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ហើយភាពរីកចម្រើនលូតលាស់យ៉ាងធំអាចនឹងកើតឡើងនៅរវាងចុះបញ្ចប់នៃការងារថ្ងៃនេះ។ សូមលោកអ្នកកុំមានភាពខ្លាចរអាក្នុងការបោះជំហាន ការបណ្តាក់ទុន និងការចំណាយពេលវេលាលើការងារដែលអ្នកពេញចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយ សូមកុំយកបញ្ហាពីអតីតកាលមកភ្ជាប់ឲ្យសោះ ពីព្រោះសកម្មភាពនេះនឹងធ្វើឲ្យអ្នកពិបាកសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ក្នុងនោះសូមរក្សាភាពសប្បុរសជានិច្ច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ លោកអ្នកនៅតែអាចទទួលបានភាពចម្រើនលូតលាស់សម្រាប់ការងារក្នុងពេលនេះ ប៉ុន្តែប្រហែលជាលោកអ្នកមិនគួររំពឹងធំពេកទេ ដោយសារជោគជ័យធំដុំមិនទាន់អាចសម្រេចបានទេក្នុងថ្ងៃនេះ។ ក្នុងនោះ សូមលោកអ្នកចាត់ចែងការងារឲ្យមានសណ្តាប់ធ្នាប់ ព្យាយាមកញ្ចប់ការងារឲ្យបានទាន់ពេលវេលា ពិសេសសូមមានការទទួលខុសត្រូវខ្ពស់។ ដោយឡែក ភាពអាក់អន់ចិត្តតិចតួចអាចនឹងកើតឡើង ប៉ុន្តែមិនអាចប៉ះពាល់ដល់ការងារអ្នកឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកកំពុងដំណើរការទៅតាមគម្រោងផែនការ។ លោកអ្នកអាចនឹងមានភាពខ្វះចន្លោះខ្លះនៅរវាងពេលព្រឹក ប៉ុន្តែស្ថានភាពនឹងកែប្រែទៅជាប្រសើរវិញចាប់ពីពេលថ្ងៃរហូតដល់ចុងកញ្ចប់ម៉ោងការងារនៅល្ងាចនេះ។ ដោយឡែក សូមលោកអ្នកប្រយ័ត្នរាល់ការទំនាក់ទំនងជាមួយមនុស្សដែលទើបនឹងស្គាល់ ប្រយ័ត្នគេបោក។ យកល្អគួរក្សាទំនាក់ទំនងឲ្យស្ថិតក្នុងទំហំតូចជាជាងជ្រើសរើសមនុស្សខុស។ ចំពោះសញ្ញាណផ្នែកហិរញ្ញវត្ថុ គឺល្អប្រសើរ អ្នកអាចមានប្រាក់សន្សំច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាជីករ និងបុគ្គលិករដ្ឋ និងឯកជននឹងទទួលបានការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក។ ទ្រព្យសម្បត្តិ លាភសក្ការផ្សេងៗនឹងកើតឡើងចំពោះលោកអ្នក។ ប៉ុន្តែក្នុងពេលស្របគ្នា ប្រហែលជាលោកអ្នកត្រូវខិតខំប្រឹងប្រែងជានិច្ច។ ចំពោះការពឹងពាក់អាស្រ័យមនុស្សនៅជុំវិញខ្លួនគឺអាចធ្វើទៅរួច ប៉ុន្តែសូមចងចាំថាលោកអ្នកមានលទ្ធភាព និងសមត្ថភាពពេញលេញដើម្បីសម្រេចការងារ។ ក្រៅពីនេះសូមបែងចែកពេលវេលាឲ្យបានសមស្រប គួរគិតគូរអំពីសុខភាពជាពិសេស។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ។ ក្នុងនោះការជឿទុកចិត្តអ្នកដទៃគួរតែមានកំរិត សូមពិចារណារាល់ការផ្តល់ជូនមុននឹងយល់ព្រម ពិសេសទាក់ទងនឹងរឿងលុយកាក់។ ចូរមានទស្សនវែងឆ្ងាយ ជាជាងពេញលេញជាមួយនឹងលាភសក្ការមិនប្រាកដប្រជាក្នុងពេលនេះ។ ដោយឡែក​ គូររក្សាការចរចា ឬផ្តោះប្តូរគំនិតជាមួយអ្នកគ្រប់គ្រង ប្រយ័ត្នការបង្កើតកំហុសដោយអចេតនា ដែលនាំឲ្យខាត​ឪកាសការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ លោកអ្នកអាចផ្លាស់ប្តូរស្ថានភាពការងារបានទាំងស្រុង ប៉ុន្តែមិនគួរបោះជំហានដោយគ្មានមូលដ្ឋានរឹងមាំនោះទេ។ ដោយឡែក លោកអ្នកត្រូវអត់ធ្មត់ឲ្យបានក្នុងកំរិតអតិបរមា ដោយសារជម្លោះ ឬការរិះគន់កំពុងមានសញ្ញាណច្បាស់លាស់ខ្លាំង ពិសេសនៅពេលល្ងាចតែម្តង។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង និងដោះស្រាយបញ្ហាបានល្អប្រសើរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញវត្ថុ ដូច្នេលោកអ្នកជាអាជីវករត្រូវមានភាពរហ័សរហួន ចាកចេញក្រៅដើម្បីចាប់យកឳកាសផ្នែកអាជីវកម្ម និងផលចំណេញច្រើន។ អាស្រ័យដោយភាពរីកចម្រើនក្នុងពេលនេះ លោកអ្នកគួររក្សាភាពទន់ភ្លន់ និងរឹងមាំជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសដៃគូរប្រកួតប្រជែង។ សូមបោះជំហានដោយភាពស្ងៀមស្ងាត់ជាជាង ធ្វើសកម្មភាពទាំងឡាយណាដែលនាំឲ្យបាត់បង់ពត៌មាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃល្អជាមធ្យម។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ។ ថ្ងៃនេះជាពេលវេលាសមស្របឲ្យលោកអ្នកបំពេញក្តីស្រមៃរបស់ខ្លួន។ រាល់ភាពរឹងស្ទះនឹងអាចដោះស្រាយបានដោយងាយស្រួល។ ប្រសិនបើអ្នកមានបំណងនឹងបោះទុន ឬបង្កើតមុខរបរថ្មីសូមចាប់ផ្តើមក្នុងពេលនេះ។ ប៉ុន្តែប្រហែលជាលោកអ្នកពិបាកក្នុងការជៀសផុតពីពាក្យនិន្ទាឈ្នានីសពីសំណាក់មនុស្សនៅក្បែខ្លួនណាស់។ ក្នុងពេលនេះ ការអត់ធ្មត់ មិនតបតនៅតែជាជម្រើសដែលគួរអនុវត្ត។

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមែ ចរ រាសីឡើងខ្ពស់ត្រដែត។ រាល់កិច្ចកាងារធំតូចរបស់លោកអ្នកអាចសម្រេចទៅបានប្រកបដោយផ្លែផ្កា។ លោកអ្នកនឹងមានមនុស្សជួយជ្រោមជ្រែង និងទំនុកបម្រុងច្រើនមិនឲ្យលំបាកនោះឡើយ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner