ប្រធានបទចំនួន៨ ត្រូវបានលើកយកមកពិភ្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី កសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំ នេះក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។

បន្ទាប់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំបានថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍លើវឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យស្បៀង កសិកម្ម និងព្រៃឈើជារួមរួចមក ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ក៏បានចូលរួមមតិដោយបានវាយតម្លៃខ្ពស់ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលេខាធិការដ្ឋានអាស៊ាន ដោយបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ឆ្នាំ ២០២០ ក្នុងការឆ្លើយតមទៅនឹងការរាតត្បាតជំងឺកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភក្នុង អាស៊ាន។

ឯកឧត្តមក៏បានបន្ថែមថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ លើវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀង ការងារនិងប្រាក់ជំណូលនៅជនបទ និងធានាបានម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងកសិកម្ម បានដាក់ចេញនូវគោលនយោបាយឆ្លើយតបបន្ទាន់ រយៈពេលខ្លី និងវែង ដោយផ្តោតជាសំខាន់លើការជំរុញ និងបង្កើនផលិតកម្មក្នុងស្រុក ធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន បង្កើនខ្សែច្រវាក់តម្លៃបន្ថែម ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញតាមរយៈការអនុវត្តអភិក្រម “រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍”។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ ផ្តោតសំខាន់លើប្រធានបទ មានជាអាទិ៍៖

១. ផលប៉ះពាល់ នៃការរាតត្បាតជំងឺកូវីដ១៩ ដល់វិស័យស្បៀង កសិកម្ម និងព្រៃឈើ និងកិច្ចខិតខំស្តារឡើងវិញ ។

២.វឌ្ឍនភាពក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយទាក់ទង នឹងកិច្ចសហប្រតិបត្តិការអាស៊ីក្នុងវិស័យ​ស្បៀង កសិកម្ម និងព្រៃឈើ។

៣. បញ្ជីទំនិញស្បៀង និងកសិកម្មក្នុងក្របខ័ណ្ឌ នៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ពីការរាតត្បាតជំងឺកូវីដ១៩ ។

៤. ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក ៣ លើកទី២១។

៥. បញ្ហាផ្សេងៗ ដូចជាការដាក់ឲ្យអនុវត្តគម្រោងការពង្រឹងយន្តការសុខភាពសត្វសម្រាប់ភាពធន់ក្នុងតំបន់អាស៊ាន។

៦. កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចរវាងសហរដ្ឋអាមេរិក និង អាស៊ាន។

៧. កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មអន្តរជាតិតែមួយ (ONE CGIAR)។

៨. សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣។

នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី មាន៖សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមជម្រាបជូនថា  កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២១ បានយកប្រធានបទមួយចំនួនមកពិភាក្សា៖ ទី១. ការផ្លាស់ប្តូរទស្សនៈវិស័យស្តីពីការអភិវឌ្ឍក្នុងតំបន់ និងយន្តការឆ្លើយតបនឹងការរាតត្បាតកូវីដ-១៩ ក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ។ ទី២. វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner