សម្តេចប្រធានរដ្ឋសភាថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ១៧ ព្រះវស្សា នៃការយាងគ្រង់ព្រះបរមសិរីរាជសម្បត្តិ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមព្រះរាជា នុញ្ញាតសម្តែងថ្វាយនូវអំណរសាទរ ដោយក្តីរំភើបរីករាយ ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយជ័យមង្គល សិរីសួស្តី ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា នៅក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ នាពេលខាងមុខនេះ ។

នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជារាស្ត្រទាំងអស់ សូមព្រះបរម រាជានុញ្ញាតសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជ ធម៌ ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្រ្តជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ ហើយ កិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសកលលោក ។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមីទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner