ម្ចាស់ខ្សែក្រវ៉ាត់KWCទម្ងន់ស្រាលកម្ពុជា សឹម ប៊ុនស្រ៊ន់ និយាយថា ខ្លួនអាចរកចំណូលពីមុខរបរថ្មីខ្ទង់ពាន់ដុល្លារក្នុង១ខែៗដោយតែកេរ្តិ៍ឈ្មោះសល់ពីប្រដាល់

អតីតអ្នកប្រយុទ្ធMMAទម្ងន់ស្រាលកម្ពុជា និងជាអតីតជម្រើសជាតិកីឡាយូដូ សឹម ប៊ុនស្រ៊ន់ បានបង្ហើបប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរាតាមសារអេឡិចត្រូនិចថា ក្រោយឈប់ពីអាជីពប្រដាល់ MMA គុនខ្មែរ និងយូដូ ទៅប្រកបរបររកស៊ីបើកកសិដ្ឋានបណ្តុះកូនឈើ និងដំណាំហូបផ្លែ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម គេអាចរកចំណូលបានច្រើនជាងអាជីពប្រដាល់ រហូតដល់ខ្ទង់ពាន់ដុល្លារក្នុង១ខែៗឯនោះ។


សឹម ប៊ុនស្រ៊ន់ អះអាងថា ការសម្រេចចិត្តឈប់ពីអាជីពប្រដាល់ងាកទៅចាប់មុខរបរថ្មីនេះ គឺចិត្តរបស់គេមិនបានចង់ឈប់នោះទេ ប៉ុន្តែដោយសារទីផ្សារប្រកួតនៅក្នុងស្រុកលែងមាន និងទីផ្សារប្រកួតនៅអន្តរជាតិមានតិចតួចបំផុតក្នុងមួយឆ្នាំៗមិនអាចដោះស្រាយទប់ទល់ជីវភាពឲ្យរស់ក្នុងភាពល្អប្រសើរបាន ទើបរូបគេសម្រេចចិត្តឈប់ ដើម្បីកសាងគ្រួសារ ដោយចាប់ផ្តើមជាមួយមុខរបរថ្មីតែម្តង។


ទោះបី អតីតអ្នកប្រយុទ្ធMMAទម្ងន់ស្រាលកម្ពុជារូបនេះ បានឃ្លាតឆ្ងាយពីអាជីពប្រដាល់៤ទៅ៥ឆ្នាំយ៉ាងណាក្តីក៏នៅតែបន្តផ្សារភ្ជាប់ជាមួយប្រដាល់ជានិច្ចតាមរយៈសកម្មភាពមនុស្សធម៍ជួយដល់កីឡាករដូចគ្នាដែលជួបនៅបញ្ហា ដោយមិនបញ្ចេញឈ្មោះ។


សឹម ប៊ុនស្រ៊ន់ អះអាងទៀតថា សម្រាប់ប្រដាល់MMAរូបគេនៅតែបន្តគាំទ្រជានិច្ច ហើយ កីឡាមួយនេះ ប្រសិនបើថ្ងៃអនាគតកូនប្រុសរបស់គេស្រលាញ់និងចាប់យកអាជីពនេះ គេនឹងជួយជម្រុញបន្ថែមផងដែរ។ អតីតជើងខ្លាំងរូបនេះ ក៏បានបង្ហាញឆន្ទៈថា ប្រសិនបើពេលខាងមុខជីភាពក្រុមគ្រួសារគេបានតែធូធាដោយរបរកសិដ្ឋាននេះ រូបគេនឹងផ្តើមបង្កើតក្លិបបណ្តុះបណ្តាលគុនខ្មែរ និងMMAនៅទីនោះ ដើម្បីជម្រុញលើលស្ទួចកីឡាដែលខ្លួនស្រលាញ់ឲ្យមាននិរន្តរភាពនៅកម្ពុជា និងបង្ហាញសក្តានុពលទៅក្រៅប្រទេស។

សូមបញ្ជាក់ថា សឹម ប៊ុនស្រ៊ន់ បានចូលប្រឡុកក្នុងអាជីពជាអ្នកប្រដាល់MMAក្នុងឆ្នាំ២០១៣  និងឈ្នះខ្សែក្រវ៉ាត់KWCដែលជាការប្រកួតក្នុងស្រុកលើប្រភេទទម្ងន់៥៧គីឡូក្រាមនៅឆ្នាំ២០១៤ ហើយ បន្តជាប់ជម្រើសជាតិកីឡាយូដូក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ និងល្បីឈ្មោះបន្តបន្ទាប់រហូតមានឈ្មោះប្រកួតនៅកម្មវិធី one championship ជាច្រើនលើក ដោយទទួលបានជោគជ័យច្រើនជាងបរាជ័យ។
       គួររំលឹកថា សឹម ប៊ុនស្រ៊ន់ ជាកូនទី៧ក្នុងចំណោមបងប្អូនប្រុសស្រី៨នាក់ បានលាឈប់ពីអាជីពប្រដាល់នៅចុងឆ្នាំ២០១៦ បន្ទាប់ពីរៀបការរួច ហើយក៏បន្តបើកមុខរបរកសិដ្ឋានបណ្តុះកូនឈើលក់ ដោយរកចំណូលបានក្នុងមួយខែៗរាប់ពាន់ដុល្លារ៕ 
អត្ថបទ៖ ជាវ ចន្ធូ
សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner