តុលាការអាមេរិករាំងខ្ទប់ច្បាប់វ៉ាក់សាំងកាតព្វកិច្ចរបស់លោក ចូ បៃដិន ទៅលើក្រុមហ៊ុននានា

វ៉ាស៊ីនតោន៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកបានរាំងខ្ទប់ជាបណ្តោះអាសន្ន នូវច្បាប់វ៉ាក់សាំងកាតព្វកិច្ចរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សម្រាប់អាជីវកម្ម។

ច្បាប់នេះនឹងតម្រូវអោយកម្មករនៅក្រុមហ៊ុនឯកជន ដែលមាននិយោជិតលើសពី១០០នាក់ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩អោយបានពេញលេញត្រឹមថ្ងៃទី ០៤ ខែមករា ត្រូវពាក់ម៉ាស និងតម្រូវអោយធ្វើតេស្តរៀងរាល់សប្តាហ៍។ ជាងពាក់កណ្តាលនៃបណ្តារដ្ឋរបស់សហរដ្ឋអាមេរិក ដែលមានអភិបាលរដ្ឋមកពីគណបក្សសាធារណៈរដ្ឋ ឬអគ្គមេធាវីបានប្តឹងជំទាស់ទៅកាន់តុលាការដើម្បីបញ្ឈប់វា។

រដ្ឋចំនួន ៥ ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ រួមមាន រដ្ឋតិចសាស់ រដ្ឋល្វីស៊ីយ៉ាណា រដ្ឋមីស៊ីស៊ីពី រដ្ឋសៅខារ៉ូលីណា និង រដ្ឋយូថាហ៍ ក៏ដូចជាក្រុមហ៊ុនឯកជន បានប្តឹងតវ៉ាផ្លូវច្បាប់ប្រឆាំងនឹងវ៉ាក់សាំងកាតព្វកិច្ចនេះ។ ពួកគេបានចោទប្រកាន់លោកប្រធានាធិបតីថា បានប្រើហួសអំណាចរបស់លោក។ យ៉ាងណាមិញ រដ្ឋបាលលោក បៃដិន នៅពុំទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្នុងស្រុក និងអាជីវកម្មមួយចំនួននៅសហរដ្ឋអាមេរិកបានតម្រូវឱ្យកម្មកររបស់ពួកគេទៅចាក់វ៉ាក់សាំងរួចហើយ។ ប៉ុន្តែមានការប្រឆាំងយ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលមើលឃើញថា វិធានការណ៍ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ជាការរំលោភលើសិទ្ធិសេរីភាពបុគ្គលរបស់ពួកគេ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner