លោក ចូ បៃដិន ថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ន់ប៉ងធ្វើឃាតនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងប្រកាសផ្តល់ជំនួយដើម្បីតាមវែកមុខជនបង្ក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ុនប៉ងធ្វើឃាតលើនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) នៅថ្ងៃអាទិត្យម្សិលមិញ ដោយលោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ដែលកំពុងស៊ើបអង្កេតករណីវាយប្រហារនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ចូ បៃដិន បានបញ្ជាក់ថា ជនបង្កនៅពីក្រោយករណី​វាយ​ប្រហារ​ភេរវកម្ម​លើ​រដ្ឋ​អ៊ីរ៉ាក់​ ត្រូវ​តែទទួល​ខុស​ត្រូវ ដោយលោកថែមទាំងបានធ្វើការថ្កោលទោសក្នុងន័យខ្លាំងបំផុតដល់អ្នកដែលប្រើអំពើហិង្សា  ដើម្បីធ្វើឱ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអ៊ីរ៉ាក់។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន បានធ្វើកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នាឱកាសនោះ លោក ប្លីងគែន បានសង្កត់ធ្ងន់ថា ការវាយប្រហារនេះក៏ជាការវាយប្រហារលើអធិបតេយ្យភាព និងស្ថិរភាពនៃរដ្ឋអ៊ីរ៉ាក់ផងដែរ ហើយលោកក៏បានរំលឹកឡើងវិញថា ភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយលោកនាយករដ្ឋមន្រ្តី អាល់កាឌីមី និងជាមួយអ៊ីរ៉ាក់ គឺស្ថិរភាព។

គួរបញ្ជាក់ថា ការ​វាយ​ប្រហារ​លើ​គេហដ្ឋាន​របស់​លោក អាល់កាឌីមី ក្នុងរដ្ឋធានី​បាកដាដ ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យម្សិលមិញនេះ។ យន្តហោះគ្មានមនុស្សបើកផ្ទុកសារធាតុផ្ទុះត្រូវបានគេប្រើប្រាស់ដើម្បីបង្កការវាយប្រហារ ប៉ុន្តែជាសំណាងល្អ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់មានសុវត្ថិភាព។ ប៉ុន្តែ​សារព័ត៌មាន AP បាន​ដក​ស្រង់​សម្តី​មន្ត្រី​អ៊ីរ៉ាក់​ចេញផ្សាយថា ក្នុងហេតុការណ៍នេះ មានឆ្មាំ​សន្តិសុខ ០៧នាក់​បាន​រង​របួស ខណៈយោធាអ៊ីរ៉ាក់កំពុងស៊ើបអង្កេតការវាយប្រហារនេះបាននិយាយថា វាជាការប៉ុនប៉ងធ្វើឃាត៕ ប្រភព៖ NHK  

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner