ចិនបង្ហាញពីជំហរក្នុងការដោះស្រាយសមុទ្រចិនខាងត្បូង តាមរយៈការព្រមព្រៀងលើក្រមប្រតិបត្តិ (COC)
ចិនបានបង្ហាញពីគោលជំហរក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង តាមរយៈការជំរុញពន្លឿនក្រមប្រតិបត្តិស្ដីពីភាគីនៃសមុទ្រចិនខាងត្បូងចេញឱ្យបាននាពេលឆាប់ៗ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន។
បញ្ហាសមុទ្រចិនខាងត្បូងជារឿងដ៏រសើប និងចម្រូងចម្រាសមួយ ដោយសារតែការទាមទារយកដែនសមុទ្រមួយនេះរវាងប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ មានភាពជាន់គ្នា។
កន្លងមកប្រទេសចិន បានធ្វើការទាមទារយកដែនសមុទ្រចិនខាងត្បូងមួយភាគធំ ក្រោមខ្សែបន្ទាត់ ៩ ចំណុច (Nine-Dash Line) ដែលមានទំហំប្រមាណក្បែរ ៩០% នៃផ្ទៃសមុទ្រទាំងមូល ដោយផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្ត្ររបស់ដូនតាខ្លួន ដែលធ្លាប់នេសាទ និងអាស្រ័យផលកាលពីអតីតកាលយូរលង់មកហើយ។
ចំណែកឯប្រទេសអាស៊ីអាគ្នេយ៍ ដែលមានឆ្នេរជាប់នឹងសមុទ្រនេះដែរ បានធ្វើការទាមទារយកតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) តាមច្បាប់សមុទ្រអន្តរជាតិ ១៩៨២ ដែលរដ្ឋនីមួយៗអាចធ្វើការទាមទារយកតំបន់ EEZ រហូតទៅដល់ ២០០ម៉ាយសមុទ្រ ឬ ស្មើនឹង ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។ ការទាមទាររវាងប្រទេសអាស៊ីអាគ្នេយ៍គ្នាឯង នៅពេលខ្លះក៏មានការជាន់គ្នាផងដែរ។
កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ លោក វ៉ាង យី បានជួបជាមួយឯកអគ្គរដ្ឋទូត/រាជទូត ឬ តំណាងស្ថានទូតនៃប្រទេសអាស៊ានទាំង ១០ ក្នុងគោលបំណងដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងនៃអាស៊ាន និងចិន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន។
ចូលដល់ចំណុចសមុទ្រខាងត្បូង លោក វ៉ាង យី បានលើកឡើងថា៖ «ចិន និងប្រទេសអាស៊ានតែងតែចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង ក្រោមជំហរដ៏សមរម្យមួយ នៃទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគី»។
ស្របពេលដែល សេចក្ដីប្រកាស DOC ឈានចូលគម្រប់ខួប ២០ឆ្នាំនៅឆ្នាំ២០២២ លោក វ៉ាង សង្ឃឹមថា៖ «អាស៊ាន និងចិននឹងយកឱកាសនេះក្នុងការជំរុញឱ្យមានកិច្ចពិគ្រោះយោបល់ស្ដីពីក្រមប្រតិបត្តិស្ដីពីសមុទ្រចិនខាងត្បូង ដោយផ្អែកលើការអនុវត្ត DOC ដោយគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជា រួមគ្នារក្សានូវសន្តិភាព និងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង និងស្វែងរកនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។
ជម្លោះរ៉ាំរ៉ៃនៃសមុទ្រចិនខាងត្បូងត្រូវបានលើកយកមកពិភាក្សានៅក្នុងវេទិកាអាស៊ានរាប់សិបឆ្នាំ ហើយកន្លងមក ភាគីទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងមួយ ដែលមិនទម្ងន់ខាងផ្លូវច្បាប់ ដែលហៅថា សេចក្ដីប្រកាសស្ដីពីក្រមប្រតិបត្តិនៃភាគីសមុទ្រចិនខាងត្បូង ឬ ជាភាសាអង់គ្លេសហៅកាត់ថា DOC។
សេចក្ដីប្រកាស DOC នេះត្រូវបានចុះហត្ថលេខានៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០២កន្លងទៅ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
លោក វ៉ាង យី ខ្លួនឯងផ្ទាល់ជាអ្នកចុះហត្ថលេខា ក្នុងនាមជាអ្នកតំណាងប្រទេសចិន ដោយកាលពីឆ្នាំ២០០២ លោកទើបតែជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាប្រេសិតពិសេសរបស់ចិនទទួលបន្ទុកលើកិច្ចការសមុទ្រចិនខាងត្បូង។ លោកបានចុះហត្ថលេខា ជាមួយអស់លោករដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត។
បើតាមសេចក្ដីប្រកាសនេះ ភាគីនានានៅក្នុងជម្លោះសមុទ្រចិនខាងត្បូងត្រូវតែគោរពនូវគោលការណ៍នៃសេរីភាពក្នុងការធ្វើនាវាចរណ៍ និងសេរីភាពក្នុងការហោះហើរ ហើយហាមឃាត់មិនឱ្យមានការប្រើប្រាស់កម្លាំងទ័ពក្នុងការគំរាមកំហែង ឬ ដោះស្រាយបញ្ហា។ សេចក្ដីប្រកាសនេះក៏ជាឯកសារមួយក្នុងការត្រួសត្រាយឱ្យមានការចរចាលើក្រមប្រតិបត្តិ (COC) ដែលជាឯកសារមានទម្ងន់ផ្លូវច្បាប់នាពេលអនាគតផងដែរ។
ទាក់ទិននឹង COC នេះដែរ ភាគីទាំងពីរបានឈានទៅដល់ការសម្រេចបានសេចក្ដីព្រាងលើកទី១ កាលពីឆ្នាំ២០១៩ អំឡុងពេលដែលថៃធ្វើជាម្ចាស់ផ្ទះអាស៊ាន។ ក្នុងឆ្នាំ២០២០ ការពិភាក្សាលើឯកសារផ្លូវច្បាប់នេះត្រូវបានអាក់ខាន ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ តែនៅពាក់កណ្ដាលឆ្នាំ២០២១ ភាគីទាំងពីរបាននាំគ្នាចាប់ផ្ដើមពិភាក្សាគ្នាឡើងវិញ។
ក្រៅពីការដោះស្រាយជម្លោះនេះតាមរយៈក្របខ័ណ្ឌអាស៊ាន ប្រទេសហ្វីលីពីនថែមទាំងលើកយករឿងនេះទៅប្ដឹងនៅតុលាការមជ្ឈត្តកម្មអន្តរជាតិ (PCA) កាលពីឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៦ តុលាការនេះកាត់ក្ដី ដោយមិនមានវត្តមានចិន ដោយឱ្យហ្វីលីពីនឈ្នះ ហើយទាត់ចោលការទាមទារដោយផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្ររបស់ចិន។
ចិនបានធ្វើការបដិសេធលើសាលក្រមរបស់តុលាការ PCA ហើយក្រោយមករដ្ឋការប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយតឺតេ ក៏មិនលើករឿងនេះយកមកតតាំងជាមួយចិនផងដែរ។
ឆ្លៀតក្នុងឱកាសជួបជាមួយទូតប្រទេសអាស៊ានទាំង ១០នេះដែរ លោក វ៉ាង យី បាននិយាយថា ចិនត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៅដល់ប្រទេសអាស៊ីអាគ្នេយ៍ រហូតដល់ជំងឺនេះផុតរលត់ទៅ៕

ប្រភព៖ SCMP