រដ្ឋធានីមីនស្ក៍របស់បេឡារុសក្លាយជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍រស់នៅក្នុងរូបភាពជាភ្ញៀវទេសចរ
វិបត្តិជនអន្តោប្រវេសន៍បានបង្កភាពតានតឹងរវាងលោកខាងលិច និងសម្ព័ន្ធមិត្តរបស់បេឡារុសគឺរុស្ស៊ី។ក្រុងម៉ូស្គូបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដើរដោយថាមពលនុយក្លេអ៊ែរទៅល្បាតលើដែនអាកាសរបស់បេឡារុស រហូតដល់ប្រទេសជិតខាងបេឡារុសអះអាងថា ជម្លោះអាចកើនឡើងដល់ការប្រឈមមុខដាក់គ្នាខាងយោធា។
សហភាពអឺរ៉ុបចោទប្រកាន់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ពីបទរៀបចំអោយមានលំហូរនៃជនអន្តោប្រវេសន៍ ដើម្បីដាក់សម្ពាធឱ្យប្លុកនេះដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់ខ្លួន។ យ៉ាងណាមិញ លោក Lukashenko បដិសេធការការចោទប្រកាន់ទាំងនេះប៉ុន្តែនិយាយថាលោកនឹងមិនរារាំងជនអន្តោប្រវេសន៍ទៀតទេ ដោយសារការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន និងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមបាតុករ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចុះផ្សាយថា ឯកសារមួយរបស់ប៉ូឡូញ និងលីទុយអានីបង្ហាញថា យ៉ាងហោចណាស់ក្រុមហ៊ុនទេសចរណ៍រដ្ឋរបស់បេឡារុសមួយ បានធ្វើឱ្យមានភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ដែលចង់ចូលទៅប្រទេសរបស់ខ្លួនចាប់តាំងពីខែឧសភា។
ក្នុងចំណោមជនអន្តោប្រវេសន៍ ៣០ នាក់ដែលអ្នកកាសែតរ៉យទ័រសម្ភាសន៍ មាន ២០ នាក់និយាយថា ពួកគេធ្វើដំណើរមកបេឡារុសដោយប្រើទិដ្ឋាការសម្រាប់ទេសចរ។ ចំណែកឯឯកសារផ្សេងៗរបស់ប៉ូឡូញវិញបង្ហាញថា ជនជាតិអ៊ីរ៉ាក់ជិត ២០០ នាក់ទទួលបានទិដ្ឋាការពីក្រុមហ៊ុនទេសចរណ៍រដ្ឋរបស់បេឡារុស ដើម្បីទៅលេងទស្សនា និងការធ្វើដំណើរផ្សេងទៀត។
ជនអន្តោប្រវេសន៍ និងភ្នាក់ងារធ្វើដំណើរក្នុងប្រទេសអ៊ីរ៉ាក់ និងតួកគី បានពិពណ៌នាអំពីភាពងាយស្រួលដែលពួកគេទទួលបានឯកសារសម្រាប់ការឆ្លងកាត់ទៅកាន់ប្រទេសបេឡារុសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទោះបីជាមានការចំណាយដែលជនជាតិអ៊ីរ៉ាក់និយាយថាចាប់ពីចន្លោះ ១ ២៥០ ដុល្លារ ទៅ ៤០០០ ដុល្លារក្ដី ក៏មនុស្សរាប់ពាន់នាក់បានធ្វើដំណើរដោយទទួលបានទិដ្ឋាការក្រោមជំនួយពីក្រុមហ៊ុនបេឡារុសឆ្ពោះទៅកាន់ក្រុងមីនស្ក៍។
យោងតាមអ្នកដែលធ្វើដំណើរទៅ ឬជាប់គាំងត្រឹមព្រំដែនប៉ូឡូញ ជនអន្តោប្រវេសន៍ត្រូវបានជួយជ្រោមជ្រែងដោយភ្នាក់ងារទេសចរណ៍តូចៗ អ្នករត់គេចពន្ធ និងអ្នកបើកបរដែលកំពុងស្វែងរកការកាត់បន្ថយប្រាក់ចំណេញ។ អ្នកខ្លះនិយាយថា ឆ្មាំព្រំដែនបេឡារុសជួយពួកគេឱ្យព្យាយាមឆ្លងចូលទៅក្នុងទឹកដីប៉ូឡូញ ខ្លះថាឆ្មាំឱ្យពួកគេនូវប្រដាប់កាត់របងលួសជាដើម។
អាជ្ញាធរព្រំដែនបេឡារុសមិនបកស្រាយយ៉ាងណាទេចំពោះការលើកឡើងនេះ ប៉ុន្តែក្រសួងការបរទេសបេឡារុសនិយាយកាលពីថ្ងៃចន្ទថា ការចោទប្រកាន់ថាក្រុងមីនស្ក៍បង្កវិបត្តិតាមព្រំដែនគឺមិនសមហេតុផល។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ស្រង់សម្ដីក្រសួងដែលនិយាយថា បេឡារុសរឹតបន្តឹងការគ្រប់គ្រងព្រំដែន ហើយក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ខ្លួន Belavia មិនបានដឹកជនចំណាកស្រុកខុសច្បាប់ទេ។
ជើងហោះហើរដឹកអ្នកដំណើរទៅរដ្ឋធានីរបស់បេឡារុសកាន់តែមមាញឹកចាប់តាំងពីខែឧសភា។ ជាឧទាហរណ៍ ក្រុមហ៊ុន Belavia ហោះហើរ ២៨ ដងពីក្រុងអ៊ីស្តង់ប៊ុលទៅក្រុងមីនស្ក៍ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ និង ៣១ ដងក្នុងខែមីនា ហើយកើនឡើងរហូតទ្វេរដងគិតត្រឹមខែកក្កដា។ នេះបើយោងតាមទិន្នន័យរបស់ Flightradar24 ។
សហភាពអឺរ៉ុបចេញសកម្មភាពដើម្បីប្រឆាំងនឹងបញ្ហានេះ។ នៅពេលមានសម្ពាធពីទីក្រុងប្រ៊ុចសែល ទីក្រុងបាកដាដក៏ផ្អាកជើងហោះហើរពីអ៊ីរ៉ាក់ទៅកាន់ទីក្រុងមីនស្ក៍។ ហើយកាលពីថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរណ៍ Belavia និង Turkish Airlines បញ្ជាក់ថា ពួកគេនឹងលែងដឹកអ្នកដំណើរពីយេម៉ែន អ៊ីរ៉ាក់ ឬស៊ីរី ទៅកាន់ទីក្រុងមីនស្ក៍ទៀតហើយ លើកលែងតែអ្នកការទូតប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបើកកិច្ចប្រជុំមួយ ដើម្បីបន្តទៅមុខជាមួយនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតលើបេឡារុស ដែលជាជុំទី៥ នៃការរឹតបន្តឹងបែបនេះ។ ព័ត៌មានលម្អិតពិតប្រាកដនឹងត្រូវបញ្ជាក់នៅចុងសប្តាហ៍នេះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍បេឡារុស Belavia នឹងរងផលប៉ះពាល់ ដោយសហភាពអឺរ៉ុបបញ្ចប់កិច្ចសន្យាជួលរបស់ខ្លួនជាមួយក្រុមហ៊ុន។ ទីភ្នាក់ងារទេសចរណ៍ផ្សេងទៀត ក៏ត្រូវគេរំពឹងថានឹងរងទណ្ឌកម្មផងដែរ ប្រសិនបើពួកគេជួយហោះហើរជនអន្តោប្រវេសន៍ពីមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀតទៅកាន់ក្រុងមីនស្ក៍។
ជនអន្ដោប្រវេសន៍ជាច្រើនមិនបានចូលទៅដល់ក្នុងសហភាពអឺរ៉ុបទេ ហើយខ្លះត្រូវបានបង្ខំឱ្យត្រឡប់មកក្រុងមីនស្ក៍ ឬប្រទេសកំណើតរបស់ខ្លួនវិញ។ ហើយយ៉ាងហោចណាស់ មកទល់ពេលនេះមានជនចំណាកស្រុកចំនួនប្រាំបីនាក់ស្លាប់នៅពេលព្យាយាមឆ្លងកាត់ព្រំដែន ខណៈការភ័យខ្លាចផ្នែកសុវត្ថិភាពកំពុងកើនឡើងសម្រាប់ ស្របពេលដែលរដូវរងាដែលត្រជាក់រហូតដល់ក្រោមសូន្យអង្សាសេចូលមកដល់។
តួរលេខជនអន្តោប្រវេសន៍កើនឡើង ដោយឆ្មាំព្រំដែនប៉ូឡូញលើកឡើងថា អ្នកដែលប៉ុនប៉ងឆ្លងដែនខុសច្បាប់មានរហូតដល់ជាង ១៧ ០០០ នាក់ក្នុងខែតុលានេះ ច្រើនជាងពីរដងក្នុងខែកញ្ញា ហើយជនចំណាកស្រុករាប់ពាន់នាក់កំពុងបោះជំរំនៅជិតព្រំដែនបេឡារុស-ប៉ូឡូញ។ ជនអន្តោប្រវេសន៍ភាគច្រើននិយាយថា ពួកគេធ្វើដំណើរមកអឺរ៉ុបដោយសារតែមើលមិនឃើញពីអនាគតរបស់ខ្លួន ឬកូនៗនៅស៊ីរី ឬអ៊ីរ៉ាក់ ខណៈអ្នកខ្លះថាពួកគេទៅដើម្បីជួបជុំមិត្តភក្ដិឬក្រុមគ្រួសារ។


ប្រភព៖ Reuters