លោក Biden ចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំថវិកាជាង១ទ្រីលានដុល្លារ
កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ចុះហត្ថលេខាលើច្បាប់កញ្ចប់ហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីទំហំ ១,២ ទ្រីលានដុល្លារ និងកត់សម្គាល់ពីជ័យជម្នះផ្នែកនីតិបញ្ញត្តិក្នុងព្រឹត្តិការណ៍សេតវិមានជាមួយសមាជិកសភាមកពីគណបក្សទាំងពីរ។
ច្បាប់នេះនឹងផ្តល់ប្រាក់ចំនួន ៥៥០ ប៊ីលានដុល្លារនៃការវិនិយោគសហព័ន្ធថ្មីទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិកក្នុងរយៈពេល ៥ឆ្នាំ រួមទាំងថវិការសម្រាប់សាងសង់ផ្លូវថ្នល់ ស្ពាន មធ្យោបាយធ្វើដំណើរដ៏ធំ ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែ និងផ្លូវទឹកជាដើម។
កញ្ចប់នេះក៏រួមបញ្ចូលទាំងការវិនិយោគចំនួន ៦០ ប៊ីលានដុល្លារក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតរបស់ប្រទេស និងការវិនិយោគរាប់សិបពាន់លានដុល្លារក្នុងការកែលម្អបណ្តាញអគ្គិសនី និងប្រព័ន្ធទឹក។ ហើយថវិកាជាង ៧,៥ ប៊ីលានដុល្លារផ្សេងទៀត នឹងប្រើដើម្បីបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីទូទាំងប្រទេស។
លោក Biden ថ្លែងការណ៍ពីសេតវិមានថា៖ «គម្រោងដែលខ្ញុំហៀបនឹងចុះហត្ថលេខាលើច្បាប់ គឺជាភស្តុតាងដែលថា ទោះបីជាមានការជេរប្រមាថក៏ដោយ ក៏អ្នកប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអាចរួមគ្នា និងផ្តល់លទ្ធផលឱ្យយើងអាចធ្វើបាន។ យើងអាចផ្តល់លទ្ធផលពិតប្រាកដសម្រាប់មនុស្សពិតប្រាកដ»។
លោក Biden ក៏និយាយផងដែរថា គម្រោងនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកមានជំហរកាន់តែប្រសើរឡើងក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន និងប្រទេសដទៃទៀតដែលកំពុងប្រកួតប្រជែងដណ្តើមយកភាពលេចធ្លោនៃឧស្សាហកម្មដែលកំពុងរីកចម្រើននៅសតវត្សរ៍ទី ២១ ។
យ៉ាងណាមិញ ជ័យជម្នះសម្រេចឡើងនៅដែលនយោបាយរបស់លោក Biden កំពុងស្ថិតនៅភាពមិនច្បាស់លាស់ ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាន់តែខិតជិតមកដល់។ ការស្ទង់មតិថ្មីមួយចេញផ្សាយដោយ ABC News និងWashington Post បង្ហាញថា សន្ទស្សន៍នៃការគាំទ្រលោកធ្លាក់ចុះចំពេលដែលអតិផរណាកើនឡើង ធ្វើឱ្យតម្លៃម្ហូបអាហារ ឧស្ម័ន និងរបស់របរប្រើប្រាស់ក្នុងផ្ទះកើនឡើង។
លោក Biden កំពុងពុះពារដើម្បីបញ្ចប់ផ្នែកបន្ទាប់នៃរបៀបវារៈគោលនយោបាយក្នុងស្រុករបស់លោក ដែលជាការប្រមូលថវិកា ១,៨៥ ទ្រីលានដុល្លារនៃពន្ធគយ និងកម្មវិធីចំណាយដែលផ្តោតលើការប្រែប្រួលអាកាសធាតុ និងគំនិតផ្តួចផ្តើមគោលនយោបាយសង្គមទូលំទូលាយជាដើម។

ប្រភព៖ NBC News