លោក ចូ បៃដិន និងលោក ស៊ី ជីនពីង ព្យាយាមកាត់បន្ថយភាពតានតឹងក្នុងកិច្ចប្រជុំពីចម្ងាយ
ជំនួបពីចម្ងាយជាងបីម៉ោងកន្លះកាលពីថ្ងៃអង្គារ ទី១៦ វិច្ឆិកា រវាងប្រធានាធិបតីចិនលោកស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោកចូ បៃដិនត្រូវបានបញ្ចប់ដោយភាគីទាំងសងខាងយល់ស្របថាពួកគេត្រូវបោះជំហានដោយប្រុងប្រយ័ត្ន ខណៈប្រទេសទាំងពីរគឺកំពុងស្ថិតក្នុងការប្រកួតប្រជែងដែលកំពុងតឹងតែងទៅៗ។
ដោយប្រឈមមុខនឹងសម្ពាធក្នុងស្រុករៀងៗខ្លួន ទាំងលោកបៃដិន និងលោកស៊ីហាក់ដូចជាបានប្ដេជ្ញាចិត្តក្នុងការបន្ថយសីតុណ្ហភាពនៅក្នុងទំនាក់ទំនងអន្តរជាតិសំខាន់បំផុតក្នុងឆាកពិភពលោក ដែលជាញឹកញាប់ប្រឈមនិងភាពច្របូកច្របល់។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយដោយភាគីទាំងពីរបន្ទាប់ពីកិច្ចប្រជុំបានពិពណ៌នាជំនួបនេះថាជាការសន្ទនាស្មោះត្រង់ ហើយក្រុងប៉េកាំងបានបាននិយាយថាវាមានប្រសិទ្ធភាពក្នុងការកែលម្អការយល់ដឹងគ្នាទៅវិញទៅមក។
លោកបៃដិនបានប្រាប់លោកស៊ីនៅដើមកិច្ចប្រជុំថា៖ «ដូចដែលខ្ញុំបាននិយាយពីមុន ខ្ញុំមើលឃើញថាទំនួលខុសត្រូវរបស់យើងក្នុងឋានៈជាមេដឹកនាំនៃប្រទេសចិន និងសហរដ្ឋអាមេរិកគឺដើម្បីធានាថាការប្រកួតប្រជែងរវាងប្រទេសរបស់យើងមិនឈានទៅរកជម្លោះ បើទោះបីជាចេតនា ឬអចេតនាក៏ដោយ»។ លោកបន្តទៀតថា៖ «ការប្រកួតប្រជែងសាមញ្ញ សាមញ្ញ»។
រីឯលោកស៊ីវិញបាននិយាយថាការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងចិនគឺមិនអាចជៀសបានទេ ប៉ុន្តែប្រទេសទាំងពីរគួរតែចាត់វិធានការដើម្បីគ្រប់គ្រង និងជៀសវាងបង្កើនភាពខ្វែងគំនិត។ ដើម្បីសម្រេចគោលដៅនេះ លោកនិយាយថាប្រទេសចិនមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហាជាច្រើនដែលគ្របដណ្ដប់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច ថាមពល យោធា ការអប់រំ បច្ចេកវិទ្យា អ៊ីនធឺណិត និងការការពារបរិស្ថាន។
«ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ អ្វីដែលសំខាន់បំផុតនៅក្នុងទំនាក់ទំនងអន្តរជាតិគឺថា ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវតែស្វែងរកវិធីត្រឹមត្រូវដើម្បីចុះសម្រុងគ្នា» លោកស៊ីនិយាយបែបនេះហើយបន្តទៀតថា៖ «អ្វីដែលអ្នកនយោបាយបានធ្វើ មិនថាជាគុណសម្បត្តិ ឬគុណវិបត្តិ នឹងត្រូវកត់ត្រាដោយប្រវត្តិសាស្ត្រ»។
ទំនាក់ទំនងចិន-អាមេរិកមិនមានការអន់ថយនៃភាពតានតឹងនោះទេ។ ចាប់តាំងពីលោកបៃដិនចូលកាន់អំណាចនៅសេតវិមានកាលពីខែមករាដើមឆ្នាំនេះមក លោកបានរិះគន់ទីក្រុងប៉េកាំងយ៉ាងខ្លាំងចំពោះបញ្ហាជាច្រើន ដូចជាការរំលោភសិទ្ធិមនុស្សលើជនជាតិអ៊ុយហ្គ័រនៅភាគពាយព្យនៃប្រទេសចិន ការបង្ក្រាបការតវ៉ាលទ្ធិប្រជាធិបតេយ្យនៅហុងកុង និងការគំរាមកំហែងកោះតៃវ៉ាន់។ រីឯប្រទេសចិនវិញបានរិះគន់អាមេរិកយ៉ាងខ្លាំងថាកំពុងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោកស៊ីបានព្រមានក្រុងវ៉ាស៊ីនតោន មិនឱ្យកសាងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងកោះតៃវ៉ាន់។ លោកបាននិយាយថា៖ «ប្រសិនបើកងកម្លាំងផ្ដាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់បង្កហេតុ ឬសូម្បីតែបំបែកខ្សែបន្ទាត់ក្រហមនោះ យើងនឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីចាត់វិធានការធ្ងន់ធ្ងរនោះទេ»។
សេចក្ដីថ្លែងការណ៍របស់សេតវិមានលើកឡើងថា៖ «នៅលើបញ្ហាកោះតៃវ៉ាន់ លោកប្រធានាធិបតី បៃដិន បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ដែលដឹកនាំដោយច្បាប់ស្ដីពីទំនាក់ទំនងជាមួយតៃវ៉ាន់ សេចក្ដីថ្លែងការណ៍រួមទាំងបី និងការធានាចំនួនប្រាំមួយ ហើយថែមទាំងរៀបរាប់ថាសហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងជាឯកតោភាគីក្នុងការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ឬការបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
ខណៈពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើង មេដឹកនាំទាំងពីរក៏ស្ថិតនៅក្រោមទម្ងន់នៃការរងបន្ទុកនៃបញ្ហាជាច្រើនក្នុងប្រទេសរបស់ពួកគេដែលត្រូវដោះស្រាយ។
លោកបៃដិន ដែលមើលឃើញការគាំទ្រធ្លាក់ចុះក្នុងការស្ទង់មតិដោយសារការរីករាលដាលជំងឺកូវីដ-១៩ដ៏រ៉ាំរ៉ៃ ការកើនឡើងអតិផរណា និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ គឺកំពុងសម្លឹងរកចំណុចលំនឹងក្នុងបញ្ហាគោលនយោបាយការបរទេស ដែលមានផលវិបាកបំផុតសម្រាប់លោក។
ទន្ទឹមនឹងនេះដែរ លោកស៊ី គឺកំពុងប្រឈមមុខនឹងការងើបឡើងវិញនៃជំងឺកូវីដ-១៩ វិបត្តិកង្វះថាមពលដ៏ខ្លាំង និងវិបត្តិអចលនទ្រព្យ ដែលកំពុងលេចចេញឡើងនិងអាចបង្ករញ្ជួយក្នុងទីផ្សារពិភពលោក៕

ប្រភព៖ SCMP