ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានទទួលអំណោយពីលោកឧកញ៉ា ហេង សំណាងប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ -ព្រះវិហារ

       អង្ករចំនួន១០តោន ត្រូវបានលោកឧកញ៉ាហេង សំណាង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ – ខេត្តព្រះវិហារ យកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភនិងជួយរំលែកដល់ការលំបាករបស់រដ្ឋបាលខេត្តកំពង់ធំក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់គ្រួសារនិងប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកខ្លាំង និងប្រឈមពីការខ្វះខាត នូវជីវភាពប្រចាំថ្ងៃ ដោយសារតែការរាតត្បាតពីជំងឺឆ្លងកូវីដ-19 កន្លងមក។

      នេះបើតាមការលើកឡើង ពីលោកឧកញ៉ាម្ចាស់អំណោយផ្ទាល់នូវក្នុងពេលជួបសំណេះសំណាលសម្តែងការគូរសម ជាមួយនិងឯកឧត្តមអភិបាលខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងទៅនេះ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តក្នុងការបរិច្ចាគអំណោយមនុស្សធម៌ ពីលោកឧកញ៉ា និងសហការី ដែលបានផ្តល់ឲ្យរដ្ឋបាលខេត្តដើម្បីសំរាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌នូវក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត និង កំពុងតែប្រឈមខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

      ជាថ្មីម្តងទៀតឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ព្រមទាំសហការីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងធនធានផ្ទាល់ខ្លួនក្នុងការរួមចំណែកចែករំលែកនិងជួយឧបត្ថម្ភ ជាស្បៀង(អង្ករ) នៅពេលនេះដល់រដ្ឋបាលខេត្តកំពង់ធំ។

      ព្រមជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ សូមឲ្យបន្តចូលរួមនិងជួយគាំទ្រនូវជំនួយសប្បុរសធម៌ជាស្បៀងជាសម្ភារៈក្តី បន្ថែមទៀត ដើម្បីរដ្ឋបាលខេត្តកំពង់ធំបានធ្វើការចាត់ចែងបន្ត ក្នុងការនាំស្បៀងអាហារទាំងនោះយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងមានជីវភាពខ្វះខាតខ្លាំង នៅក្នុងខេត្តកំពង់ធំ៕  ( អត្ថបទ-រូបភាព៖ ក ធ )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner