ជោគជ័យនៃនយោបាយជាតិចាក់វ៉ាក់សាំង គឺជាកត្តាដែលនាំដល់ការ បើកទេសចរណ៍វ៉ាក់សាំង

អត្ថបទដោយ៖
ហេង វណ្ណា

អធិប្បាយ៖

 ថ្ងៃទី១ ខែវិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការ ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩តាមគន្លងថ្មី ។ ការសម្រេចចិត្តដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ មិនមែនជាការចៃដន្យឡើយ  ប៉ុន្តែវាអាស្រ័យទៅលើកត្តា និងលក្ខខណ្ឌអនុគ្រោះជាច្រើន  ទាំងកត្តាខាងក្រៅ  និងកត្តាខាងក្នុង  ជាពិសេសគឺជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់កម្ពុជា  ។ ជាមួយនឹងការបើកប្រទេសឡើងវិញនេះ  នៅថ្ងៃទី ១៥  ខែវិច្ឆិកា    សម្តេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ  គឺលែងតម្រូវឲ្យធ្វើតេស្ត PCR  ប៉ុន្តែការធ្វើតេស្តរហ័សនៅតែរក្សាទុកដដែល ។ ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ  ចាំបាច់តម្រូវឲ្យធ្វើតេស្តម៉ាស៊ីនធំ PCR នឹងធ្វើចត្តាឡីស័ក១៤ថ្ងៃ ។​ ការសម្រួលលក្ខខណ្ឌក្នុងការបើកទូលាយនេះ គឺផ្អែកទៅលើប្រទេសកម្ពុជាយើងមានអត្រាចាក់វ៉ាក់សាំងខ្ពស់ដែលនេះជាលក្ខខណ្ឌដ៏ល្អ សម្រាប់សម្រួលដល់ការទទួលភ្ញៀវទេសចរណ៍ទាំងក្នុងស្រុកទាំងក្រៅស្រុក ហើយក៏សម្រួលដល់ផ្នែកវិនិយោគផងដែរ  ។ ពេលនេះ តំណាងអង្គការសុខភាពពិភពលោក   បានចាត់ទុកកម្ពុជាជាជើងឯកមួយនៃការរក្សាបាននូវតុល្យភាព   លើការគ្រប់គ្រងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩  និងការបើកដំណើរការឡើងវិញសេដ្ឋកិច្ចសង្គមកម្ពុជាមួយប្រកបដោយចិរភាព ហើយក៏ជាពេលវេលាសមស្របមួយ ពីព្រោះថាពេលនេះកម្ពុជាគ្រប់គ្រងហានិភ័យនៃការចម្លងកូវីដ១៩បានហើយ  ។

ការបើកប្រទេសឡើងវិញជាជំហានៗនេះ គឺក្នុងគោលដៅលើកកម្ពស់ស្តារសេដ្ឋកិច្ច     សង្គម និងធានារក្សាលំនឹងជីវភាពប្រជាជន   ដោយ​រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវជំហរមួយច្បាស់លាស់ គឺការរៀបចំយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រាយ ក្នុងស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់  ។ អ្វីដែលគួរកត់សម្គាល់គឺ វិស័យសេវាកម្មជាពិសេសគឺទេសចរណ៍មានសកម្មភាពឡើងវិញហើយ  ជាពិសេសគឺទេសចរណ៍ផ្ទៃក្នុង ឯទេសចរណ៍អន្តរជាតិក៏កំពុងមានចរន្តវិលមកទស្សនាកម្ពុជាវិញដែរ  ដែលនោះគឺជាក្តីសង្ឃឹមថា វិស័យទេសចរណ៍កម្ពុជានិងរស់ឡើងវិញ រួមចំណែកដល់កំណើនសេដ្ឋកិច្ចផងដែរ ។ ជាក់ស្តែងគិតចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា ដែលកម្ពុជាបានបើកប្រទេសឡើងវិញគ្រប់វិស័យ និងពីថ្ងៃទី ១៥ ខែវិច្ឆិកា ដែលកម្ពុជាដកចេញលក្ខខណ្ឌសម្រាប់ភ្ញៀវទេស​ចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសគិតមកដល់ពេលនេះមិនមានសញ្ញានៃការផ្ទុះឡើងវិញ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នោះទេ ។ ទោះបីជាភ្ញៀវទេសចរណ៍បានធ្វើដំណើរទូទាំងប្រទេសក្នុងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងពិធីបុណ្យអុំទូក អកអុំបុក និងសំពះ​ព្រះខែ ក៏ដោយ ។ ប្រសិនបើស្ថានការណ៍នេះនៅតែល្អប្រសើរ និងកាន់តែល្អប្រសើរទៅមុខទៀតនោះ វិស័យទេសចរណ៍របស់យើងប្រាកដជាមានសន្ទុះរីកចម្រើនខ្លាំងឡើងវិញជាក់ជាមិនខាន ។ អ្វីដែលជាការគួរលើកទឹកចិត្តគឺ អង្គការទេសចរណ៍ពិភពលោកក៏បានអបអរសាទរជួយផ្សព្វផ្សាយអំពីការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចដើម្បីមកទស្សនាប្រទេសកម្ពុជា   តាមគ្រប់ច្រកអន្តរជាតិទាំងអស់  និងឈប់តម្រូវឲ្យធ្វើចត្តាឡីស័ក ។​ ជាមួយការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ ក៏ដូចជាការចូលរួមរបស់អាជីករប្រកបអាជីកម្មទេសចរណ៍ និងការលើកកម្ពស់ស្មារតីរបស់ប្រជាជនកម្ពុជាក្នុងការអនុវត្តការណែនាំ  និងបណ្តាវិធានការនានារបស់​ក្រសួងសុខាភិបាល រួមជាមួយនឹងការជួយឃោសនាផ្សព្វផ្សាយរបស់អង្គការទេសចរណ៍ពិភពលោក យើងសង្ឃឹមថា ភ្ញៀវទេសចរណ៍អន្តរជាតិនឹងវិលមកកម្ពុជាវិញដូចពីមុន ។

​ទោះបីកម្ពុជាមានសញ្ញាវិជ្ជមានក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ជាលក្ខខណ្ឌអនុគ្រោះល្អសម្រាប់ដំណើរបើកប្រទេសឡើងវិញគ្រប់វិស័យ ហើយវិស័យសេវាកម្ម  ពិសេសទេសចរណ៍កំពុងមានសកម្មភាពវិញហើយនោះ  ក៏យើងនៅតែបង្កើនការប្រុងប្រយ័ត្នពីព្រោះថា  ពិភពលោកបច្ចុប្បន្ន និងដោយឡែកប្រទេសកម្ពុជាមិនទាន់មានសញ្ញា «សូន្យមេរោគកូវីដ១៩» នៅឡើយទេ ។ ម្យ៉ាងវិញទៀត ក្នុងពេលដែលកម្ពុជាបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ សកម្មភាពទូទៅក្នុងការប្រាស្រ័យទាក់ទងគ្នាក៏មានភាពទូលំទូលាយឡើងវិញ  ហើយហានិភ័យនៃផ្ទុះជំងឺកូវីដ១៩  និងការឆ្លងរាលដាលនៃជំងឺនេះក៏កាន់តែខ្ពស់ជាងមុន ។ ហេតុនេះយើងត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសតំបន់ទេសចរណ៍ទាំងឡាយដែលនឹងត្រូវប្រមូលផ្តុំដោយភ្ញៀវទេសចរណ៍ជាតិ  និងអន្តរជាតិ រាប់ពាន់ រាប់ម៉ឺន រាប់សែននាក់ នាពេលខាងមុខ ធានាយ៉ាងណាទប់ស្កាត់ឲ្យបានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩  ៕

(អត្ថបទ៖ វិទ្យុជាតិកម្ពុជា)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner