នាយករដ្ឋមន្ត្រីថៃជួបជាមួយនាយករងភ្នាក់ងារចារកម្មអាមេរិក CIA ដោយសម្ងាត់

លោកនាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូឆា បាន​ជួប​ជាមួយនាយក​រង​នៃ​ភ្នាក់ងារ​ចារកម្ម​មជ្ឈិម​របស់​សហរដ្ឋអាមេរិក ឬ ហៅ​កាត់​ថា CIA ​​ លោក ដេវីដ ខូហេន (David Cohen) កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ជំនួប​រវាង​លោក ប្រាយុទ្ធ និង​លោក ខូហេន បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សម្ងាត់​​អស់​រយៈ​ពេល​ប្រមាណ ៤៥នាទី ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ក្រុម​សន្តិសុខ​ហាម​ឃាត់​មិន​ឱ្យ​ទៅ​យក​ព័ត៌មាន​ឡើយ។

តែទោះជា​យ៉ាងណា​ ​រហូត​មកទល់ពេល​នេះ​ មិន​ទាន់​មាន​សេចក្ដីថ្លែងការណ៍​ណា​មួយ​ចេញ​ពី​រដ្ឋាភិបាល​ថៃ ឬ ក៏​ស្ថាប័ន CIA ផ្ទាល់​នោះ​ទេ។

យ៉ាងណាមិញ បើ​យោង​តាម​ប្រភព​របស់​រដ្ឋាភិបាល​ថៃ ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ​លោក ប្រាយុទ្ធ និង​លោក ខូហេន​បាន​ពិភាក្សា​គ្នា​ពី​ប្រធានបទ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​ថៃ ដោយ​ក្នុង​នោះ​បញ្ហា​មីយ៉ាន់ម៉ា​ក៏​បាន​លើក​យក​ពិភាក្សា​​ផង​ដែរ។

ទាក់ទិន​នឹង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ប្រភព​ពី​វិមាន​រដ្ឋាភិបាល​ថៃ​បាន​ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​និយាយ​អំពី​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

ជំនួប​នេះ​ធ្វើ​ឡើង​គាប់​ជួន​ក្រោយ​ពេល​ដែល​ លោក ដន ប្រាមុដវិណៃ (Don Pramudwinai) បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មីយ៉ាន់ម៉ា​ ហើយ​ក៏​ទៅ​ចូល​ជួប​ជាមួយ​លោក មីន អ៊ុងឡាំង ប្រមុខ​យោធា​មីយ៉ាន់ម៉ា​ទៀត​ផង​។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ថៃ​ទៅ​មីយ៉ាន់ម៉ា ខាង​ថៃ​បាន​បរិច្ចាគ​វ៉ាក់សាំង​កូវីដ-១៩ ទៅ​កាន់​ប្រទេស​នេះ​ទៀត​ផង​។ ស្រប​ពេល​ដែល​មាន​ព្រឹត្តិការណ៍​លាក់លៀម​ដូច្នេះ បណ្ដាល​ឱ្យ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ថៃ​បាន​អំពាវនាវ​ឱ្យ​ខាង​រដ្ឋាភិបាល​មាន​តម្លាភាព​ជាង​នេះ។

ក្រៅ​ពី​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី​នានា ហើយ​ជាពិសេស​ ខាង​អាមេរិក​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ថៃ​ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ​ឆ្នាំ២០២២។

បន្ថែម​ពី​នេះ​ទៀត​ បញ្ហា​នៅ​ក្នុង​ស្រុក​ថៃ​ក៏​លើក​មក​និយាយ​បន្តិច​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី​វិមាន​រដ្ឋាភិបាល​ថៃ។

នៅ​មួយ​រយៈ​ចុង​ក្រោយ រាជធានី​បាងកក​មាន​ការ​តវ៉ា​ និង​បាតុកម្ម​នានា ដែល​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ ក៏​ដូច​ជា​ទាមទារ​ឱ្យ​លោក​ប្រាយុទ្ធ​ចុះចេញ​ពី​តំណែង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​ថៃ​បាន​ស្នើ​ទៅ​កាន់​ខាង​អាមេរិក ឱ្យ​យោគយល់​ពី​បរិបទ​ក្នុង​ស្រុក​របស់​ខ្លួន។

បន្ទាប់​ពី​មក​ដល់​ស្រុក​ថៃ​ហើយ លោក ខូហេន គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ២ផ្សេង​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​តាម​ប្រភព​ពី​ខាង​ថៃ​ ប៉ុន្តែ​មិន​បាន​បង្ហើប​ប្រទេស​ទាំង ២ទៀត​នោះ ជា​ប្រទេស​ណា​ទេ។

ក្រោយ​មក​​លោក ស៊ូប៉ូត ម៉ាឡានីយ៉ូម (Supoj Malaniyom) អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​ចេញ​មុខ​មក​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា នាយករដ្ឋមន្ត្រី​ថៃ ពិត​ជា​មាន​ជំនួប​ជាមួយ​នាយក​រង​ CIA ពិត​មែន។ លោក​បាន​លើកឡើង​ថា កិច្ចពិភាក្សា​នេះ​ធ្វើ​ឡើង​ ដើម្បី​ពង្រឹង​ចំណង​សន្តិសុខ​រវាង​ថៃ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​។

លោក ស៊ូប៉ូត គូស​បញ្ជាក់​ថា ជំនួប​នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អាមេរិក​ និង​ថៃ ដោយ​ភាគី​ទាំង​ពីរ​ត្រូវ​ចែករំលែក​ព័ត៌មាន​គ្នា​ទៅ​វិញ​ក្នុង​មួយ​ឆ្នាំ​ម្ដង ហើយ​ក៏​ដើម្បី​ជា​ការ​រឹតចំណង​រវាង​ស្ថាប័ន​របស់​អាមេរិក និង​ស្ថាប័ន​របស់​ថៃ​ផង​ដែរ​។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ថា លោក ខូហេន ក្រៅ​ពី​ជួប​លោក ប្រាយុទ្ធ លោក​ក៏​បាន​ជួប​ជាមួយ​ លោក ស៊ូប៉ូត ផ្ទាល់​តែ​ម្ដង និង​ឧបនាយករដ្ឋមន្ត្រី​ថៃ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ លោក ប្រាវីត វង្សស៊ូវ៉ុន (Prawit Wongsuwon)។

បន្ត​មក​ទៀត​ លោក ប្រាវីត បាន​អះអាង​ថា ជំនួប​របស់​លោក និង​នាយក​រង​ CIA ជា​ជំនួប​ឯកជន​តែ​ប៉ុណ្ណោះ ដោយ​លោក​ធ្លាប់​ស្គាល់​មន្ត្រី​អាមេរិក​រូប​នេះ។ ឧបនាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​មិន​បាន​ពិភាក្សា​រឿង​សន្តិសុខ​ជាមួយ​ CIA អាមេរិក​ឡើយ ខណៈ​កិច្ចការ​រដ្ឋ​ទាំង​អស់​ត្រូវ​បាន​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ រួច​ស្រេច​ទៅ​ហើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner