មហាសេដ្ឋីអូស្ត្រាលីសន្យាជួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយតូចៗចរចាជាមួយ Google និង Facebook

មហាសេដ្ឋី​មាន​ជាង​គេ​នៅ​ប្រទេស​អូស្ត្រាលី និង​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​រ៉ែ​ដែក Fortescue Metals Group ​​លោក Andrew Forrest ​ នឹង​ជួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តូចៗ​ចំនួន ១៨ស្ថាប័ន​ក្នុង​ការ​ចរចា​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google និង Facebook ដើម្បី​ធានា​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ព័ត៌មាន​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែ​ត​អូស្ត្រាលី ឱ្យ​ស្រប​តាម​ច្បាប់​បច្ចេកវិទ្យា​របស់​ប្រទេស​នេះ។

អូស្ត្រាលី​កាល​ពី​ដើម​ឆ្នាំ២០២១​នេះ បាន​ចេញ​ច្បាប់​មួយ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Google និង Facebook បង់​ប្រាក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ព័ត៌មាន​ក្នុង​ស្រុក​អូស្ត្រាលី ដែល​កំពុង​ដំណើរ​ការ​លើ​ប្រព័ន្ធ​ក្រុមហ៊ុន​ធំៗ​ទាំង​ពីរ​នេះ។ ខាង​អូស្ត្រាលី​យល់​ឃើញ​ថា ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​អាច​ឈរ​ជើង​បាន ស្រប​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​បាន​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណែ​ត។

ចាប់​តាំង​ពី​អូស្ត្រាលី​ចេញ​ច្បាប់​នេះ​មក ក្រុមហ៊ុន Facebook និង Google បាន​ទៅ​ចរចា​ជាមួយ​ក្រុមហ៊ុន​ព័ត៌មាន​អូស្ត្រាលី​ធំៗ​អស់​ហើយ នៅ​ឡើយ​តែ​ក្រុមហ៊ុន​តូច​ៗ​ប៉ុណ្ណោះ។ ប្រសិន​បើ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ​មិន​ចរចា​ជាមួយ​ក្រុមហ៊ុន​តូចៗ​នោះ​ទេ រដ្ឋាភិបាល​នឹង​ចូល​ទៅ​ចរចា​ជំនួស​វិញ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ហើយ មូលនិធិ Minderoo ​ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​​ក្រុមហ៊ុន​របស់​លោក Forrest បាន​លើកឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ដាក់​ពាក្យ​ទៅ​កាន់​គណៈកម្មាធិការ​នៃ​ការ​ប្រកួតប្រជែង និង​អ្នក​ប្រើប្រាស់​អូស្ត្រាលី (ACCC) ដែល​ជា​និយ័តករ​លើ​បញ្ហា ដើម្បី​ធានា​ថា​ក្រុមហ៊ុន​ព័ត៌មាន​តូចៗ​ទាំង ១៨នោះ មិន​ល្មើស​ច្បាប់​នៃ​ការ​ប្រកួត​ប្រជែង​របស់​អូស្ត្រាលី។

ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង ១៨​នេះ ជា​ក្រុមហ៊ុន​ព័ត៌មាន​ដែល​ផ្ដោត​លើ​បញ្ហា​នៅ​ក្នុង​ស្រុក​ និង​បញ្ហា​នៅ​ក្នុង​តំបន់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner