យោធាស៊ូដង់តែងតាំងនាយករដ្ឋមន្ត្រីឡើងវិញ ប៉ុន្តែការតវ៉ានៅតែបន្ត

ខាទុំ៖ ​​យោធា​ស៊ូដង់​តែង​តាំង​តំណែង​របស់​នាយក​រដ្ឋ​មន្ត្រី​ ​Abdalla Hamdok ឡើង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​​ស​ន្យា​ថានឹ​ង​ដោះ​លែង​អ្នក​ជាប់​ឃុំ​នយោបាយ​ទាំង​អស់​បន្ទាប់​ពី​ភាព​ចលាចល​​ដែល​បង្ក​ឡើង​ក្រោយ​រដ្ឋ​ប្រហារ​ជា​ច្រើន​សប្តាហ៍​ ប៉ុន្តែ​​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​នៅ​តែ​បន្ត​ដើរ​តាម​ផ្លូវ​តវ៉ា​ដើម្បី​បដិសេធ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​កង​ទ័ព​​​។

​ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​​ចុះ​ហត្ថលេខា​ជា​មួយ​មេដឹក​នាំ​យោធា​ឧត្តម​សេនីយ៍​ Abdel Fattah al-Burhan ​លោក​នាយក​រដ្ឋ​មន្រ្តី​ Hamdok ​ដែល​ត្រូវ​បាន​តែង​តាំងដំបូង​បន្ទាប់​ពី​​រប​ប​ផ្តាច់​ការ​របស់​លោក ​Omar al-Bashir ​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ក្នុង​ការ​បះបោ​រ​ឆ្នាំ​ ២០១៩ ​នឹង​ដឹក​នាំ​រដ្ឋាភិបាល​ស៊ីវិល​​។​

​កិច្ច​ព្រម​ព្រៀង​នេះ​ប្រឈម​​នឹង​ការ​ប្រឆាំង​ពី​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​​រង​​ប្រតិកម្ម​​ចំពោះ​​ការ​​ស្លាប់​​របស់​​បាតុករ​​រាប់​​សិប​​នាក់​​ចាប់​​តាំង​​​ពី​​រដ្ឋ​​ប្រហារ​​​ថ្ងៃ​​​ទី​ ​២៥ ​​ខែ​​តុលា​។​​​

ក្រុម​អ្នក​តវ៉ា​​ស្រែក​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ថា​៖​ «​លោក​ Hamdok ​​លក់​បដិវត្តន៍​»​។ ​សមាគម​វិជ្ជា​ជីវៈ​ស៊ូដង់​ (SPA) ​ដែល​ជា​ក្រុម​តវ៉ា​ឈាន​មុខ​គេ​ហៅ​កិច្ច​ព្រម​ព្រៀង​ថា​ «​ក្បត់​ជាតិ​»​។​

​មនុស្ស​រាប់​ម៉ឺន​នាក់​​ចូល​រួម​ការ​ប្រមូល​ផ្តុំ​ដែល​​គ្រោង​ទុក​នៅ​​រដ្ឋ​ធានី​ខាទុំ​ (Khartoum) ​​​ក្រុង​​ Omdurman ​និង​ Bahri ​។​ សាក្សី​​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​​បាញ់​គ្រាប់​កាំភ្លើង​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​មនុស្ស​។​ គណៈកម្មា​ធិការ​កណ្តាល​នៃ​ក្រុម​គ្រូពេទ្យ​ស៊ូដង់​​និយាយ​ថា​ អ្នក​តវ៉ា​អាយុ​ ១៦ ​ឆ្នាំ​ម្នាក់​នៅ​ក្រុង​ Omdurman ​បាន​ស្លាប់​ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង​។​

​បាតុករ​ម្នាក់​ឈ្មោះ​​ Omar Ibrahim ​អាយុ​ ២៦​ ឆ្នាំ​​ដែល​ធ្វើ​ការ​តវ៉ា​នៅ​ទីក្រុង​ Khartoum ​​និយាយ​ថា​៖​ «​លោក​ Hamdok​ បាន​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត​។ ​ជម្រើស​តែ​មួយ​គត់​របស់​យើង​គឺ​[កា​រ​តវ៉ា​តាម​]​ផ្លូវ​»​។​

លោក​នាយក​រដ្ឋ​មន្រ្តី​ Hamdok ​លោក​​​យល់​​ព្រម​​លើ​​កិច្ច​​ព្រម​​ព្រៀង​​នេះ​​ ដើម្បី​​ការពារ​កុំ​ឱ្យ​មាន​​អ្នក​​ស្លាប់​ ​និង​​របួស​​បន្ថែម​​ទៀត​។​ លោក​​និយាយ​​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា​៖​ «​ឈាម​ប្រជាជន​ស៊ូដង់​មាន​តម្លៃ​ថ្លៃ​។​ ចូរ​យើង​បញ្ឈប់​ការ​បង្ហូរ​ឈាម ​និង​ដឹកនាំ​ថាម​ពល​របស់​យុវជន​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍន៍​»​។​

យ៉ាង​ណា​មិញ​ កិច្ច​ព្រម​ព្រៀង​ថ្មី​​មិន​​បាន​​និយាយ​​អំពី​​កង​កម្លាំង​​​នៃ​​សេរីភាព​ និង​​ការ​ផ្លាស់​ប្តូរ​ (FFC) ​​សម្ព័ន្ធ​​ស៊ីវិល​​ដែល​រួម​អំណាច​​ជាមួយ​​យោធា​​មុន​​រ​ដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​២០១៩​នោះ​ទេ​។​ មនុស្ស​មួយ​​ចំនួន​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ទៀត​សោត​ ក៏​មាន​ទំនាក់​ទំនង​នយោបាយ​ជាមួយ​អតីត​មេដឹកនាំ​ផ្ដាច់​ការ​លោក​ Bashir ​។​

​​សម្ព័ន្ធ​​ស៊ីវិល FFC ​​អះអាង​ថា​ ខ្លួន​មិន​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ជា​មួយ​យោធា​ទេ​។​ គណបក្ស​សមាជ​ស៊ូដង់​ ដែល​ជា​សមាជិក​ FFC ​ឈាន​មុខ​គេ​ ដែល​មាន​មេដឹកនាំ​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​ខ្លួន​ ហៅ​ការ​ចូល​រួ​ម​ក្នុង​កិច្ច​ព្រម​ព្រៀង​របស់​លោក​ Hamdok ​ថា​ «​ខុសច្បា​ប់​ និង​អធម្មនុញ្ញ​​»​ ​និង​​ផ្តល់​​ការ​​បិ​ទ​បាំង​នយោបាយស​ម្រាប់​រ​ដ្ឋ​ប្រហារ​។​គណកម្មាធិការ​តស៊ូ​ជា​ច្រើន​ដែល​រៀប​ចំ​ការ​តវ៉ា​ក៏​​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​រាល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​យោធា​។​

លោកនាយក​រដ្ឋ​មន្រ្តី​ Hamdok ​ត្រូវ​​បាន​​​គេ​​ឃុំ​​ខ្លួន​​ក្នុ​ង​​ផ្ទះ​​នៅ​​ពេល​​ពួក​​យោធា​​​​កាន់​កាប់​អំណាច​កាល​ពី​ខែ​តុលាឆ្នាំនេះ​​ ហើយវា​ជា​សកម្មភាព​ដែល​សហគមន៍​អន្តរជាតិ​នានា​ចេញ​មុខ​ថ្កោល​ទោស​ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​បែប​យោធា។​​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner