គណបក្សកម្ពុជានិយមរបស់ លោក យ៉ែម បុញ្ញឫទ្ធិត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យហើយ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃគណបក្សកម្ពុជានិយម ដែលបង្កើតឡើងដោយ លោក យ៉ែម បុញ្ញឫទ្ធិ និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីទៅក្នុងបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយនឹងការចុះបញ្ជីជាផ្លូវការនេះ តាមប្រការ២ នៃប្រកាស, ក្រសួងមហាផ្ទៃ បានតម្រូវឱ្យគណបក្សកម្ពុជានិយមត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សនេះដែលតម្កល់នៅក្រសួងមហាផ្ទៃ។គណបក្សកម្ពុជានិយម មានអក្សរកាត់ (ប.ក) ដែលមានស្នាក់ការកណ្តាល នៅផ្ទះលេខ៥២-៥៤ ផ្លូវបេតុង ៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមាន លោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន។
លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីដាក់លិខិតស្នើសុំតាមរយៈក្រសួងមហាផ្ទៃ។
នីតិសម្បទានយោបាយនេះ ត្រូវបានផ្តល់ដំណាលគ្នា នឹងអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង៦រូបផ្សេងទៀត រួមមាន លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង លោកស្រី យង់ ផាន់ណេត៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner