អភិបាលខេត្តបាត់ដំបង បានស្នើប្រទេសផ្តល់ជំនួយនិងបណ្តាប្រទេសជាម្ចាស់ជំនួយ ឲ្យបន្តគាំទ្រជួយដល់ការបោសសម្អាតមីនក្នុងខេត្តនិងវិស័យអាទិភាពចាំបាច់មួយចំនួនទៀត
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានស្នើដល់់ប្រមុខការទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជានិងតំណាងUNDP ព្រមទាំងបណ្ដាប្រទេសផ្តល់ជំនួយនិងម្ចាស់ជំនួយទាំងអស់ឱ្យបន្តជួយបន្ថែមទៀតក្នុងវិស័យនៃសកម្មភាពមីននៅកម្ពុជា ដើម្បីរំដោះយកផ្ទៃដីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់បង្កបង្កើនផល និងតាមតម្រូវការផ្សេងៗ។ដោយឡែកដោយផ្តោតលើវិស័យអាទិភាពដទៃទៀតដែលបំរើដល់ជីវភាពសង្គមជាពិសេសវិស័យកសិឧស្សាហកម្ម ទេសចរណ៍ការអភិវឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សង្គមនិងវិស័យផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។
ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរភ្ញៀវដើម្បីធ្វើទស្សនកិច្ចពិនិត្យមើលចម្ការមីនក្រុមសកម្មភាពកម្ចាត់មីនភូមិភាគទី២(CMAC)ដែលកំពុងបើកកិច្ចប្រតិបត្តិការក្នុងការបោសសំអាតមីន និង ចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយនិងការតម្លើងនូវផ្ទាំងប៉ាណូដើម្បីអប់រំយល់ដឹងអំពីបញ្ហាមីន ស្ថិតនៅក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ដោយមានការចូលរួមពីលោក Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រីSonali Dayaratne អនុប្រធានអង្គការUNDPប្រចាំប្រទេសកម្ពុជានៅថ្ងៃទី២៤ខែវិច្ឆិកា២០២១។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ទឹកដីស្រុកគាស់ក្រឡ របស់ ខេត្ដបាត់ដំបង គឺជាទឹកដីដ៏សែនឈឺចាប់ក្នុងការប្រយុទ្ធគ្នា និងឆ្លងកាត់សង្គ្រាម ពីអតីតកាល រវាង ខ្មែរនិងខ្មែរគ្នាឯង ហើយថែមទាំងបានបន្សល់ទុកនូវកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីជាច្រើនដែលបានបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ រហូតសព្វថ្ងៃនេះ។
ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានថ្លែងបន្ថែមថា៖បច្ចុប្បន្នទឹកដីនៅទីនេះ បានប្រែក្លាយជាទឹកដីដែលកំពុងតែបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ។ ហើយអ្វីដែលយើងមានថ្ងៃនេះដោយសារតែគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសបានសុខសន្តិភាពពេញលេញនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រទេសផ្តល់ជំនួយនានាក្នុងការបោសសម្អាតមីន ធ្វើឲ្យកម្ពុជាមានការផ្លាស់ប្ដូរជាប្រវត្ដិសាស្រ្ដ របស់ ប្រទេសជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបង បានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរខេត្ដនឹងប្ដេជ្ញាបន្តចូលរួមសហការជាមួយអង្គការ CMAC ដែលជាប្រតិបត្ដិករ ក្នុងការបោសសម្អាតមីនដ៏សំខាន់ គ្រប់ពេលវេលា ឲ្យបានល្អ និងគ្រប់អ្វីដែលអាចសហការបាន។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រទេសផ្តល់ជំនួយ និងម្ចាស់ជំនួយឧបត្ថម្ភដល់ប្រទេសកម្ពុជា ដើម្បីធ្វើការបោសសម្អាតមីនពិសេសប្រទេសអូស្រ្ដាលី អង្គការUNDP និងបណ្តាប្រទេសនានា ជាច្រើនទៀត។ឯកឧត្តមអភិបាលខេត្ដ ក៏បានអំពាវនាវផងដែរ ទៅកាន់ប្រជាពលរដ្ឋ ដែលបានទៅកាន់តំបន់មិនច្បាស់លាស់ ជាតំបន់CMACដាក់ជាតំបន់ហានីភ័យ សូមកុំចូលទៅកាន់តំបន់ទាំងនោះ ព្រោះវានឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ បើ ប្រទះឃើញឬជួបតំបន់ណាដែលមានការសង្ស័យថា៖មានមីនសូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីសហការរាយការណ៍បន្តទៅកាន់ CMACឱ្យចុះមកបោសសម្អាតយកដីប្រើប្រាស់តាមតម្រូវការ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាស្នើដល់គ្រប់អាជ្ញាធរមូលដ្ឋានត្រូវជួយអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជូនដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋ ជាពិសេស សាធារណជន ឲ្យបានយល់ដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងអស់នៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ចូលទៅតំបន់សង្ស័យ ឬ លេងគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដាច់ខាត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )