ក្រសួងបរិស្ថាននិងអង្គការ WCS បន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងនៅតំបន់ការពារធម្មជាតិនៅកម្ពុជា

រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងនៅតំបន់ការពារធម្មជាតិមួយត្រូវបានធ្វើឡើងរវាងក្រសួងបរិស្ថាន ជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ប្រចាំកម្ពុជា ដើម្បីចូលរួមកិច្ចអភិរក្សតំបន់ការពារធម្មជាតិ ការអនុវត្តន៍ប្រកបដោយជោគជ័យនូវគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការទទួលជោគជ័យផងដែរទៅលើការអនុវត្ត រ៉េដបូក(REDD+)ជាដើម។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ នៃក្រសួងបរិស្ថានបានថ្លែងនាព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ឱ្យដឹងថា៖ ការអនុវត្តកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងបរិស្ថាន និងអង្គការWCSធ្វើឡើងដើម្បីបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងនៅតំបន់ការពារធម្មជាតិក្នុងនេះមានដូចជា (១) តំបន់ទេសភាពភាគខាងជើងភូមិសាស្ត្រខេត្តព្រះវិហារ (២) ដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ (៣) តំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្ត្រខេត្តបាត់ដំបង និង(៤) តំបន់ភាគខាងត្បូង និងខាងជើងទន្លេសាប ភូមិសាស្ត្រខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យនិងពោធិ៍សាត់ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ប្រចាំកម្ពុជា ។
ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថាការអនុវត្តកិច្ចព្រមព្រៀងគម្រោងនេះនាកន្លងមក បានធ្វើឱ្យក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាការពង្រឹងស្ថាប័នថ្នាក់ជាតិ-ខេត្ត ការកសាងធនធានមនុស្សការពង្រឹងការអនុវត្តច្បាប់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់អង្គការWCS ដែលចំណុចទាំងនេះបានផ្តល់ជាកាលានុវត្តភាពដល់ក្រសួងបរិស្ថានក្នុងការសម្រេចបាននូវសមិទ្ធផលការងារអភិរក្សមួយចំនួនដូចជា (១)ការការពារជម្រកសត្វស្លាប នៅឋបនីយជីវមណ្ឌលព្រែកទាល់ដែលជាជម្រកសត្វស្លាបធំបំផុតនៅអាស៊ី (២)ការរៀបចំសហគ្រាសអភិរក្សដោយសហគមន៍ ដូចជា តំបន់អេកូទេសចរណ៍ធម្មជាតិ ដែលគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិនៅសហគមន៍ត្មាតប៉ើយ សហគមន៍ព្រៃវែងសហគមន៍ដងផ្លិត និងសហគមន៍អណ្តូងក្រឡឹង និង(៣)ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (Ibis Rice)ដែលជាស្រូវសរីរាង្គ និងកំពុងទទួលបាននូវការចាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិ។
ជាមួយគ្នា ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា ក្រោមកិច្ចសហការអនុវត្តកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងបរិស្ថាន និងអង្គការ WCS កន្លងមក យើងបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បណ្តាលមកពីការបាត់បង់ និងរិចរឹលព្រៃឈើ (REDD+)ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦ ដោយមានការចូលរួម និងទទួលផលពីប្រជាពលរដ្ឋចំនួនពីរម៉ឺននាក់ ដែលបាន និងកំពុងរស់នៅក្នុង និងតំបន់ក្បែរគម្រោងរេដបូកនៃភូមិចំនួន២០ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ។ តាមរយៈការអនុវត្តគម្រោងខាងលើនេះបានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាតំបន់ការពារធម្មជាតិទីមួយនៅក្នុងប្រទេស កម្ពុជាដែលមាននិរន្តរភាពថវិកាសម្រាប់ការអនុវត្តសកម្មភាពអភិរក្សធនធានជីវៈចម្រុះក្នុងរយៈពេល៥ឆ្នាំសារពើព័ន្ធខាងមុខ ពីឆ្នាំ២០២១-២០២៦។
ដោយឡែក លោក កែន សេរីរដ្ឋា នាយកកម្មវិធីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាបានថ្លែងថាការអនុវត្តតាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងមួយនេះជាមួយក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ ហើយកិច្ចព្រមព្រៀងអនុវត្តគម្រោងជាមួយក្រសួងបរិស្ថានបានអស់សុពលភាព។ ដូច្នេះការរៀបចំពិធីនាពេលនេះជាឱកាសថ្មីសម្រាប់ការបន្តកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការWCSក្នុងការងារអភិរក្សធនធានជីវៈចម្រុះនៅតំបន់ការពារធម្មជាតិគោលដៅគម្រោងរបស់អង្គការWCSប្រចាំកម្ពុជា បន្តទៀត។
លោកថាអង្គការWCS ធ្វើការងារអភិរក្ស នៅតំបន់ការពារធម្មជាតិ តាមរយៈការជួយប្រជាសហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាការពារទីជម្រក និងសត្វព្រៃប្រភេទរងការគំរាមកំហែងជាសកល។ ដៃគូក្នុងស្រុករបស់យើងដូចជាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងមជ្ឈមណ្ឌល សំ វាសនា សម្រាប់ការអភិរក្ស ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។បច្ចុប្បន្ន អង្គការWCS បាន និងកំពុងសហការ ជាមួយក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាប្រតិបត្តិការការងារ ការពារអភិរក្សធនធានធម្មជាតិជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិលើទំហំផ្ទៃដី ប្រមាណជា៨០ម៉ឺនហិកតា ដែលជាតំបន់គោលដៅអភិរក្សមានតម្លៃ និងសក្តានុពលជាសកល៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner