អ្នកនាំពាក្យ៖របាយការណ៍ដែលចេញដោយក្រុមអង្គការសង្គមស៊ីវិល គឺជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយ
ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា របាយការណ៍ដែលចេញដោយក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជាកំពុងប្រឈមនឹងការរឹតត្បិតសេរីភាពក្នុងការប្រើប្រាស់សិទ្ធិចូលរួមជីវភាពនយោបាយ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តស្ថិតក្រោមការគំរាមកំហែងឥតឈប់ឈរពីប្រព័ន្ធតុលាការ គឺជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយ ដែលពួកតែងតែធ្វើកន្លងមក តាមរបៀបវារៈនយោបាយរបស់ម្ចាស់ជំនួយពួកគេ។
ឯកឧត្តម ជិន ម៉ាលីន
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកានេះថា នេះជារបាយការណ៍ដដែលៗ ក្នុងចេតនានយោបាយដែលពួកតែងតែធ្វើកន្លងមក តាមរបៀបវារៈនយោបាយរបស់ម្ចាស់ជំនួយគាត់។ មែនទែនស្ថានភាពជាក់ស្តែងកម្ពុជា អត់មានអីត្រូវស្តារស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យទេ យើងមានតែធ្វើម៉េចឱ្យកាន់តែប្រសើរឡើង មានការវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដែលយើងឃើញនាពេលបច្ចុប្បន្ន។
ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ទៀតថា “នៅកម្ពុជាមិនមានអ្នកទោសនយោបាយ ឬមួយក៏មានអ្នកណាមានទោសដោយសារអនុវត្តសិទ្ធិ តែអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់ដែរ វាមានអ្នកនយោបាយដែលមានទោសដោយសារប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងមានអ្នកដែលត្រូវប្រឈមមុខច្បាប់ដោយសារតែប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនហួសព្រំដែន បំពានច្បាប់ បំពានសិទ្ធីសេរីភាពរបស់អ្នកដទៃ ប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈជាដើម។ល។ នេះជាស្ថានភាពជាក់ស្តែង នៅកម្ពុជា គឺអ៊ីចឹង”។
ឯកឧត្តមបានអះអាងថា “យើងអត់មានអ្នកទោសនយោបាយអីផង យើងមានតែអ្នកនយោបាយ និងសកម្មជន ដែលមានទោសដោយសារតែប្រព្រឹត្តបទល្មើស ហើយអ្វីៗវាអាស្រ័យទៅតាមនីតិវិធីរបស់តុលាការថា អ្នកណាមានទោសប៉ុន្មាន? អ្នកណាមិនមានទោស ឬមួយទោសអនុវត្ត យ៉ាងម៉េច ទទួលនូវស្ថានសម្រាលអនុគ្រោះ យ៉ាងម៉េច ទោសព្យួរ ឬមួយទោសពន្ធនាគារយ៉ាងម៉េចវាអាស្រ័យលើតុលាការជាអ្នកសម្រេចដោយផ្អែក ទៅលើបទល្មើសនីមួយៗ វាអត់មានដូចគ្នាទេ ផ្អែកទៅលើអង្គហេតុ អង្គច្បាប់ភស្តុតាង សក្ខីកម្ម ដែលមានជាធរមាន។ នេះជានីតិវិធីរបស់តុលាការ មិនមានអ្នកណាទៅអាចបង្ខំបញ្ជាតុលាការបាន”៕
ដោយៈពលជ័យ