ថៃ៖ សំឡេងរោទ៍កូវីដថ្មី B1.1.529
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋថៃ ចៀសវាងការធ្វើដំណើរទៅបណ្តាប្រទេសដែលរកឃើញមានវីរុសបប្លែងខ្លួនថ្មី ដែលគេរកឃើញដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង នេះបើតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ ដោយដាក់ចំណងជើងថា «សំឡេងរោទ៍កូវីដថ្មី B1.1.529»។
និយាយក្នុងកិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រងស្ថានភាពកូវីដ លោកប្រាទ្ធ ក៏បានជំរុញដល់ក្រសួងសុខាភិបាល និងនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង ត្រួតពិនិត្យស្ថានភាពវីរុសបប្លែងថ្មីនេះ ឲ្យបានដិតដល់។
អង្គការសុខភាពពិភពលោកទើបបានប្រកាសថា រកឃើញវីរុសកូវីដ១៩ បប្លែងថ្មី ប្រភេទ B1.1.529 ដែលគួរឲ្យព្រួយបារម្ភខ្លាំងជាវីរុសបច្ចុប្បន្ន ហើយអង្គការកំពុងតាមដានពីហានិភ័យនៃពពួកបប្លែងខ្លួនថ្មីនេះ យ៉ាងជាប់លាប់។
ថៃមិនទាន់ធូរស្រាលបញ្ហាឆ្លងកូវីដ និងស្លាប់ ប្រចាំថ្ងៃទេ ឆ្លងរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ ជាប្រចាំថ្ងៃ។ ជាក់ស្តែង ព្រឹកថ្ងៃទី២៧ វិច្ឆិកា បានប្រកាសរកឃើញឆ្លងថ្មីៗ ជាង៦ពាន់នាក់ និងស្លាប់៣២នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ៕