ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៧៨ ជូនដល់ស្រ្តីមេម៉ាយ អាយុ ៤០ឆ្នាំ ឈ្មោះ សារ សួន មានកូនប្រុស-ស្រី ៤នាក់ក្នុងបន្ទុក
សៀមរាប ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះមនុស្សធម៌ទី៧៨ នៃចលនាកាកបាទក្រហមកម្ពុជា(សាខាខេត្តសៀមរាប) ត្រូវបានរៀបចំពិធីប្រគល់ជូនដល់ស្រ្តីមេម៉ាយ អាយុ ៤០ឆ្នាំ ឈ្មោះ សារ សួន មានកូនប្រុស-ស្រី៤នាក់ក្នុងបន្ទុក។ គ្រួសារស្រ្តីមេម៉ាយរូបនេះ ស្ថិតជីវភាពខ្វះខាត(ក្រ១) រស់នៅក្នុងភូមិរលំទូក(ត្រពាំងស្វាយ) ឃុំ-ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមទាំងប្រតិភូ ក្រុមការងារ និងសប្បុរសជនម្ចាស់អំណោយ ក៏មានវត្តមាននៅក្នុងពិធីនោះដែរ។
នៅក្នុងកំណត់ហេតុប្រគល់ផ្ទះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា៖ តាមពិតទៅ ផ្ទះមនុស្សធម៌ទី៧៨នេះ ជាគោលដៅជួយដល់លោក ព្រីន ធី អាយុ ៤១ឆ្នាំ ពិការស្លាប់មួយកំណាត់ខ្លួនដោយជម្ងឺរបេងឆ្អឺងរ៉ាំរ៉ៃ ។ លោក ព្រីនធី ត្រូវជាស្វាមីរបស់ស្រ្តីមេម៉ាយឈ្មោះ សារ សួន ។ ក្រោយក្រោយពេលដែលផ្ទះមនុស្សធម៌ទី៧៨នេះ ត្រូវបានសាងសង់រួចរាល់នាចុងខែតុលា ឆ្នាំ២០២០ នោះគឺស្ថិតក្នុងស្ថានភាពដែលទូទាំងប្រទេសជួបវិបត្តិជម្ងឺកូវិដ-១៩ ដូច្នោះហើយការប្រគល់ផ្ទះនេះត្រូវបានពន្យាពេល ក៏ប៉ុន្តែយ៉ាងណាក៏ដោយគ្រួសារម្ចាស់ផ្ទះនេះ បានចូលស្នាក់អាស្រ័យជាធម្មតា។ ជាអកុសល ដោយសារស្ថានភាពនៃជម្ងឺ លោក ព្រីន ធី មេគ្រួសារកំសត់មួយនេះ ក៏ទទួលមរណកាល នាចុងខែធ្នូ ឆ្នាំ២០២០ ពោលគឺលោក ព្រីន ធី ជាម្ចាស់ផ្ទះ បានរួមរស់នៅជាមួយគ្រួសារ ក្រោមដំបូលផ្ទះថ្មីនេះ បានត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ។
លោកជំទាវ ទាងអេង-ទៀសីហា មានប្រសាសន៍ថា៖ អ្វីៗទាំងអស់នៃបេសកកម្មក្នុងចលនាកាកបាទក្រហមកម្ពុជា គឺស្ថិតក្រោមបញ្ញាញាណដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុនរ៉ានី-ហ៊ុនសែន មាតាមនុស្សធម៌នៃកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីនោះឡើយ ទីណាប្រជាជនមានទុក្ខលំបាក ទីនោះត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជា។
លោកជំទាវ ក៏បានថ្លែងនូវការកោតសរសើរនិងអរគុណផងដែរ ជូនចំពោះឯកឧត្តម ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ ហោ សាយ័ន្ត ដែលបានឧបត្ថម្ភថវិកា ៣ ៨០០ដុល្លារ សម្រាប់ការសាងសង់ផ្ទះមនុស្សធម៌ទី៧៨នេះ ។ ក្រៅពីនេះជាអំណោយសង្កត់ផ្ទះ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត សប្បុរសជននិងប្រតិភូរួមដំណើរនិងបានផ្តល់ជូនជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ និងថវិកា ១លាន ៦សែនរៀល។ ដោយឡែកប្រជាពលរដ្ឋ ៤០គ្រួសារផ្សេងទៀត ដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិជាមួយគ្នានេះ ក៏បានទទួលអំណោយសប្បុរសផងដែរ ដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ សារុង ក្រមា អាវយឺត និងថវិកាក្នុង១គ្រួសារ ៧ម៉ឺនរៀល ៕ ដោយ ស៊ាន សុផាត