វ៉ារ្យ៉ង់អូមីក្រុងឆ្លងនៅប្រទេសកាន់តែច្រើន ខណៈអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមរកមើលពីភាពខុសប្លែក
វ៉ារ្យ៉ង់អូមីក្រុង(Omicron)នៃវីរុសកូរ៉ូណាកំពុងតែរីករាលដាលជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យនេះ ដោយមានករណីថ្មីដែលរកឃើញនៅហូឡង់ ដាណឺម៉ាក និងអូស្ត្រាលី ខណៈដែលប្រទេសជាច្រើនទៀតដាក់ការរឹតបន្តឹងលើការធ្វើដំណើរដើម្បីព្យាយាមទប់ស្កាត់ការរាតត្បាត។
អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនមិនទាន់ច្បាស់ថាតើអូមីក្រុងដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង អាចចម្លងរហ័សជាងវ៉ារ្យ៉ង់ផ្សេងទៀត ឬក៏បណ្តាលឱ្យមានអ្នកជំងឺមានអាការៈធ្ងន់ធ្ងរជាង។អង្គការសុខភាពពិភពលោក WHO លើកឡើងថា៖ «ទិន្នន័យបឋមបង្ហាញថា មានអត្រាកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្រ្វិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនអ្នកឆ្លងសរុប ជាជាងលទ្ធផលនៃការឆ្លងជាក់លាក់នៃវ៉ារ្យ៉ង់»។
ការរកឃើញនៃវ៉ារ្យ៉ង់អូមីក្រុងបង្កឱ្យមានការព្រមានជាសកល នៅពេលដែលរដ្ឋាភិបាលជុំវិញពិភពលោកព្យាយាមដាក់ការទប់ស្កាត់លើការធ្វើដំណើរថ្មី ដោយបារម្ភថាវ៉ារ្យ៉ង់នេះអាចធន់នឹងការចាក់វ៉ាក់សាំង ហើយធ្វើឱ្យប៉ះពាល់ដល់ការបើកសេដ្ឋកិច្ចជាសកលឡើងវិញបន្ទាប់ពីកូវីដ-១៩រាតត្បាតរយៈពេលពីរឆ្នាំ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន WHO និយាយថា ខ្លួនកំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវ៉ារ្យ៉ង់លើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងកូវីដ-១៩រួមទាំងការវ៉ាក់សាំងជាដើម។ ចំណែកឯចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងកោះប្រជុំជាបន្ទាន់មួយរបស់រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសG-៧ នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីអូមីក្រុង។
អូមីក្រុងដែល WHO ហៅថា «វ៉ារ្យ៉ង់នៃក្តីបារម្ភ» កាលពីសប្តាហ៍មុនដោយសារតែសក្ដានុពលអាចចម្លងរហ័សជាងវ៉ារ្យ៉ង់មុនៗ ឥឡូវនេះរាលដាលដល់ប្រទេសអូស្ត្រាលី បែលហ្សិក បូតស្វាណា ចក្រភពអង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងកុង អ៊ីស្រាអែល អ៊ីតាលី ហូឡង់ បារាំង កាណាដា និងអាហ្វ្រិកខាងត្បូង។ ប្រទេសជាច្រើនដាក់បម្រាមធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាល។
លោកវេជ្ជបណ្ឌិតជនជាតិអាហ្រ្វិកខាងត្បូង Angelique Coetzee ដែលជាអ្នកដំបូងគេសង្ស័យថាខ្សែស្រឡាយនៃវីរុសថ្មី និយាយកាលពីថ្ងៃអាទិត្យថា រោគសញ្ញានៃវ៉ារ្យ៉ង់អូមីក្រុងរហូតមកដល់ពេលនេះមានលក្ខណៈស្រាល អាចឱ្យអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះបាន។ លោកថា ខុសពីវ៉ារ្យ៉ង់ដែលតា អ្នកជំងឺមិនបានរាយការណ៍ថាបាត់បង់ក្លិន ឬរសជាតិទេ ហើយក៏មិនមានការថយចុះនៃកម្រិតអុកស៊ីសែនខ្លាំងដែរមកទល់ពេលនេះ។
ប្រភព៖ Reuters