មន្រ្តីជាន់ខ្ពស់ចិន៖ ការសន្ទនា និងការចរចា គឺជាផ្លូវដ៏ត្រឹមត្រូវតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
ប៉េកាំង៖ លោក Wang Qun ប្រេសិតចិនប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងវីយែន បាននិយាយថា ការសន្ទនា និងការចរចា គឺជាវិធីត្រឹមត្រូវតែមួយគត់ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិកគួរតែលុបចោលទណ្ឌកម្មខុសច្បាប់ ដែលពាក់ព័ន្ធទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ និងភាគីទីបី រួមទាំងប្រទេសចិនផងដែរ។
ដោយស្វាគមន៍ចំពោះការចូលរួមលើកដំបូងរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani ក្នុងការចរចាជាមួយគណៈប្រតិភូមកពីរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ លោក Wang បាននិយាយថា នៅពេលដែលកិច្ចចរចានុយក្លេអ៊ែរចាប់ផ្តើមឡើងវិញនៅទីក្រុងវីយែន យើងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងចាប់យកឱកាសនេះ ដោយប្រកាន់ខ្ជាប់នូវទិសដៅនយោបាយ និងដំណោះស្រាយការទូត ដើម្បីឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសុច្ឆន្ទៈ និងភាពបត់បែន គោរពផលប្រយោជន៍គ្នាទៅវិញទៅមក បង្កើតបរិយាកាសល្អ និងប្រកបដោយភាពច្នៃប្រឌិត សំដៅដោះស្រាយបញ្ហាលេចធ្លោតាមរយៈការចរចា។
លោកបន្តថា សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដើមកំណើតនៃវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន គួរតែលុបចោលទណ្ឌកម្មខុសច្បាប់ដែលពាក់ព័ន្ធទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់ និងភាគីទីបី រួមទាំងប្រទេសចិន ដើម្បីទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិឡើងវិញ ខណៈដែលអ៊ីរ៉ង់គួរតែបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញលើបញ្ហានេះ។ លោក Wang បន្ថែមថា ចិនក៏បានធ្វើការទំនាក់ទំនង និងការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយរុស្ស៊ី អ៊ីរ៉ង់ អង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុងកម្រិតផ្សេងៗគ្នា ក្នុងគោលបំណងជំរុញឱ្យមានការបន្តការចរចាឡើងវិញ និងធ្វើឱ្យមានវឌ្ឍនភាពឱ្យបានឆាប់ផងដែរ។ លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តអនុវត្តលទ្ធិពហុភាគីនិយមពិតប្រាកដ ចូលរួមក្នុងដំណាក់កាលបន្ទាប់នៃការចរចាក្នុងលក្ខណៈស្ថាបនា និងធ្វើការជាមួយភាគីទាំងអស់ដើម្បីលើកកម្ពស់សមិទ្ធិផលដំបូងនៃការចរចារនេះ។
លោក Wang បានកត់សម្គាល់បែបនេះ ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់បានចាប់ផ្តើមឡើងវិញនៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងប្រាំខែ។ អ្នកការទូតមកពីប្រទេសចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងអ៊ីរ៉ង់បានប្រជុំនៅសណ្ឋាគារ Palais Coburg ជាកន្លែងដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ត្រូវបានចុះហត្ថលេខា។ សហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក្នុងខែឧសភា ឆ្នាំ 2018 ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចពិភាក្សាដោយប្រយោល។ ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅថា ប្រទេសរបស់លោកបានយកចិត្តទុកដាក់ចំពោះកិច្ចចរចានុយក្លេអ៊ែរនាពេលខាងមុខនេះ ហើយចង់បាន “កិច្ចព្រមព្រៀងដ៏ល្អ និងអាចផ្ទៀងផ្ទាត់បាន”៕ ប្រភព៖ CGTN
![](https://asset.ams.com.kh/central/media/2021113007531940402.jpg)
![](https://asset.ams.com.kh/central/media/2021113007530954308.jpg)
![](https://asset.ams.com.kh/central/media/TZBMERTRDJO2JBOQ4OFDS3K3QY-1024x683.jpg)
![](https://asset.ams.com.kh/central/media/141125164236-iran-nuclear-talks-flag-missile-1024x683.jpg)