លោក ស៊ី ជីនពីង៖ ចិនសន្យាផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយពាន់លានដូសបន្ថែមទៀតដល់តំបន់អាហ្វ្រិក
ប៉េកាំង៖ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូនាឱកាសបើកវេទិកា ស្ដីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថា នឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួនមួយពាន់លានដូសបន្ថែមទៀតទៅកាន់តំបន់អាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី “អូមីក្រុង”។
លោក ស៊ី បន្តថា ចិននឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៦០០លានដូសជាអំណោយ ហើយ៤០០លានដូសទៀតនឹងត្រូវបានផ្ដល់ជូនតំបន់អាហ្វ្រិក តាមរយៈមធ្យោបាយដទៃទៀត ក្នុងនោះរួមមានទាំងការចូលរួមផលិតវ៉ាក់សាំងរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុននៃបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក។ លោក ស៊ី បន្ថែមថា ការផ្តល់ជូនខាងលើនេះ មានគោលបំណងជួយដល់សហភាពអាហ្វ្រិកអោយសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អោយបាន ៦០ភាគរយនៃចំនួនប្រជាជនអាហ្វ្រិកនៅត្រឹមឆ្នាំ ២០២២ខាងមុខ។
ប្រធានាធិបតីចិនរូបនេះបញ្ជាក់ទៀតថា ចិនក៏នឹងជួយលើគម្រោងសុខាភិបាលចំនួន១០ និងបញ្ជូនក្រុមអ្នកជំនាញសុខាភិបាល ១ពាន់៥រយនាក់ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនចិនវិនិយោគទឹកប្រាក់យ៉ាងតិច ១០ពាន់លានដុល្លារនៅក្នុងតំបន់អាហ្វ្រិក សម្រាប់រយៈពេល ៣ឆ្នាំផងដែរ៕ ប្រភព៖ CGTN
![](https://asset.ams.com.kh/central/media/download-91.jpg)
![](https://asset.ams.com.kh/central/media/fcee26336b3e4dc1925ba13c0d1a871f-1-1024x685.jpeg)
![](https://asset.ams.com.kh/central/media/ghana-fisrtlady-1024x683.jpg)