កម្មវិធីរបស់ UN ធ្វើការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារអាហ្វហ្គានីស្ថានកំពុងជួបការលំបាក

កាប៊ុល៖ ​​​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទនេះ​​ ធ្វើ​ការ​ចែក​ចាយ​សាច់​ប្រាក់​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​ដល់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​​ប្រហែល​ ៣ ០០០ ​​គ្រួសារ​ដែល​​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​មនុស្ស​ធម៌​ដែល​បន្ត​កើន​ឡើង​​ចាប់​តាំង​ពី​ពួក​តាលីបង់​​ដណ្តើម​អំណាច​គ្រប់​គ្រង​។​

​ទីភ្នាក់ងារ​ជំនួយ​សកល​​មួយ​នេះ​ព្រមាន​ថា​ ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​ ៣៨ ​លាន​នាក់​របស់​​អាហ្វហ្គានីស្ថាន​នឹង​ប្រឈម​មុខនឹ​ង​ភាព​អត់​ឃ្លានក្នុ​ង​រដូវ​រងា​នេះ​។​ ​​

នាង​ Bassana ​វ័យ​​ ២០ ​ឆ្នាំ​ និង​រស់​នៅ​ជាមួយ​គ្រួសារ​មួយ​​​មាន​សមាជិក​​ ១០ ​នាក់​និយាយ​ថា​៖​ «​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ថ្ងៃ​ណា​មួយ​ ​ខ្ញុំ​នឹង​អង្គុយ​​ជា​ជួរ​ស្វែង​រក​ជំនួយ​ដូច​នេះ​សោះ​»​។​ ដោយ​ទទួល​បាន​ ៧៤ ​ដុល្លារ​ពី​ទីភ្នាក់ងារ​ដូច​អ្នក​ដទៃ​ទៀត​ដែរ​ នាង​បន្ត​ថា​៖​ «​យើង​​នឹង​​ទិញ​​អាហារ​​ជា​​មុន​​សិន​ ដើម្បី​​​កុំ​​ឲ្យ​​ឃ្លាន​​រហូត​​ដល់​​ស្លាប់​»​។​

​លោក​ Azimullah Fazlyar ​ដែល​​​ជួយ​​ចែក​ចាយ​​ប្រាក់​​នោះ​​​និយាយ​​​ថា​ ប្រហែល ​៥០ ០០០ ទៅ​ ៦០ ០០០ ​គ្រួសារ​​កំពុង​​ត្រូវ​​ការ​ជំនួយ​​ក្នុង​​ទីក្រុង​​កាប៊ុល ​ហើយ​​កម្មវិ​ធី​​របស់​ UN ​បាន​​កំណត់​​អត្តសញ្ញាណ​គ្រួសារ​ដែល​រង​​គ្រោះ​ខ្លាំង​​បំផុត​​ចំនួន​ ៣ ០០០​​​។​ លោក​​​បន្ត​​ថា​​​៖​ «​​ពួកគេ​​អាច​​ប្រើ​​លុយ​​ក្នុង​​រដូវរងា​​ដើម្បី​​ទិញ​​ឈើ​ ឬ​​អ្វី​​ផ្សេង​​ទៀត​​ដែល​​ពួកគេ​​ត្រូវ​ការ​»​។​

​អ្នក​ដែល​ទទួល​បានជំ​នួយភា​គ​ច្រើន​​ មក​ពី​គ្រួសារ​ដែល​មាន​​អ្នក​រក​ស៊ី​ចិញ្ចឹម​​បាត់​បង់​ការងា​រចាប់​តាំង​ពី​​ពួក​តាលីបង់​ឡើង​កាន់ដំណែង​។ អតិផរណា​ និង​ភាព​អត់​ការងារ​ធ្វើ​ ​កើន​ឡើង​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ហើយ​ជំនួយ​អន្តរជាតិ​ដែល​មានប្រមាណ​ជាង​​ ៧៥ ​​ភាគ​​រយ​​នៃថ​វិកា​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ពី​មុន​ក៏​ត្រូវ​អស់​។​

​សហរដ្ឋអាមេរិក​ និង​ក្រុម​តាលីបង់​ គ្រោង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​នេះ​ក្នុង​ប្រទេស​កាតា​ស្តី​ពី​ជំនួយម​នុស្ស​ធម៌​ដល់​អាហ្វហ្គានីស្ថាន​ និង​បញ្ហា​ផ្សេង​ៗ​ទៀត​ ខណៈ​ដែល​អង្គការ​ជំនួយ​អន្តរជាតិ​ និង​អ្នក​ជំនាញ​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល​តាលីបង់​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន​។​

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner