ក្រុមហ៊ុនផលិតវ៉ាក់សាំង ចាប់ផ្ដើមផ្ដោតលើការផលិតវ៉ាក់សាំងទប់ទល់នឹងវ៉ារ្យ៉ង់អូមីក្រុង

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​នានា​រួមមាន​ BioNTech​ Moderna ​និង​ Johnson & Johnson ​លើកឡើង​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​លើ​វ៉ាក់សាំង​កូវីដ-១៩​ ដែល​ផ្តោត​ជា​ពិសេស​ទៅ​លើ​វ៉ារ្យ៉ង់​អូមីក្រុង​ (Omicron) ដើម្បី​ត្រៀម​​ដោយ​​សារ​​វ៉ាក់សាំង​ដែល​ខ្លួន​មាន​ស្រាប់​មិន​មាន​ប្រសិទ្ធ​ភាព​លើ​ខ្សែ​ស្រឡាយ​វីរុស​កូរ៉ូណា​ថ្មី​នោះ​ទេ​​។​

​វត្តមាន​វ៉ារ្យង់​​អូមីក្រុង​ បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​ជា​សកល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បណ្តា​ប្រទេស​​ជាច្រើន​ព្រួយ​បារម្ភ​ថា​ វ៉ារ្យ៉ង់​នេះ​អាច​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ សូម្បី​តែ​​ប្រទេស​ដែល​មាន​​ប្រជាជន​ភាគ​ច្រើន​ទទួល​វ៉ាក់សាំង​មួយ​ចំនួ​ន​ ក៏​ចេញ​វិធាន​​ការ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ និង​ចេញនូវ​វិធានការណ៍​​រឹត​បន្តឹង​ផ្សេង​ទៀត​។​ ​

ក្រុមហ៊ុន​ BioNTech ​​ថា​ខ្លួន​ចាប់​ផ្តើម​ធ្វើ​ការ​លើ​វ៉ាក់សាំង​ដែល​តម្រូវ​តាម​វ៉ារ្យ៉ង់​អូមីក្រុង​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ដៃគូ ​Pfizer ​។​ ទន្ទឹម​នឹង​​នេះ​ដែរ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Moderna ​លោក​ Stéphane Bancel ​​និយាយ​ថា​ ក្រុម​ហ៊ុន​អាច​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​ចាប់​ផ្តើម​ចែក​ចាយ​វ៉ាក់សាំង​បែប​នេះ​​ ដោយ​ថា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ-១៩​ដែល​មាន​ស្រាប់​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិច​ស្រពិល​។​

​ក្រុមហ៊ុន​ Johnson & Johnson ​ឯណោះ​វិញ​ ក៏​​កំពុ​ង​វាយ​តម្លៃប្រ​សិទ្ធ​ភាព​នៃ​វ៉ាក់សាំង​របស់​ខ្លួន​ប្រឆាំង​អូមីក្រុង​។​ លោក​ ​​Mathai Mammen ​ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​សកល​សម្រាប់​អង្គភាព​ឱសថ​របស់​ក្រុមហ៊ុន​​និយាយ​ថា​៖​ «​យើង​​ចាប់​ផ្តើម​ការងារ​ដើម្បី​រចនា ​និងប​ង្កើត​វ៉ាក់សាំង​ថ្មី​ប្រឆាំង​នឹង​អូមីក្រុង​ ​ហើយ​នឹង​រីក​ចម្រើនលឿន​​ទៅ​ក្នុង​ការ​សិក្សា​គ្លីនិក​ប្រសិន​បើ​ចាំ​បាច់​»​។​

​អ្នក​ជំនាញ​ខាង​ផ្នែក​ជំងឺ​ឆ្លង​​​នៅ​អាហ្វ្រិក​ខាង​ត្បូង​និយាយ​ថា​ វ៉ារ្យ៉ង់​អូមីក្រុង​ហាក់​ដូច​ជា​អាច​មាន​លទ្ធភាព​ចម្លង​ខ្លាំង​ជាង​វ៉ារ្យ៉ង់​មុន​ៗ​ រួម​ទាំង​ចំពោះ​អ្នក​ដែល​មាន​ភាព​ស៊ាំ​ពី​ការ​ចាក់​វ៉ាក់សាំង​ ឬ​ធ្លាប់​​ឆ្លង​ពី​មុន​ផង​​។

​រុស្ស៊ី​​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ វ៉ាក់សាំង​របស់​ខ្លួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​ Gamaleya ​ទំនង​ជា​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វ៉ារ្យ៉ង់​អូមីក្រុង​ ហើយ​ថា​ខ្លួន​នឹង​ត្រៀម​ខ្លួន​ជាស្រេ​ច​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ដូស​ជំរុញ​រាប់​រយ​លាន​ប្រសិន​បើ​គ្មាន​។​

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner