ខណៈពេលកំណើនប្រជាជនឥណ្ឌាមានការថយចុះ វិធានការទប់ស្កាត់ការមានកូនច្រើនដូចនៅចិនរងការចោទជាសំណួរ

ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍មកនេះ​​ កំណើន​ប្រជាពលរដ្ឋ​​​ឥណ្ឌា​ហាក់​មាន​ភាព​យឺត​យ៉ាវ​ ដែល​ជា​សមិទ្ធិផល​មួយ​ដែល​អ្នក​តស៊ូ​មតិ​អំពី​វិធីសាស្រ្ត​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ធ្វើ​ផែនការ​គ្រួសារ​និយាយ​ថា​ ​វិធី​សាស្រ្ត​បង្ខិត​បង្ខំ​ដូច​មាន​​ប្រើ​នៅ​ប្រទេស​ចិន​មិន​ចាំបាច់​​នោះ​ទេ​។​

​ទិន្នន័យ​ពី​ការ​ស្ទង់​មតិ​សុខភាព​គ្រួសារថ្នាក់​​ជាតិ​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​សុខាភិបាល​ ​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ថា​ អត្រា​នៃ​ការ​មាន​កូន​សរុប​របស់​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ដល់​ ​២,០ ​ក្រោម​​អត្រា​ជំនួស​ ២,១​ ដែល​ត្រូវ​ការ​ដើម្បី​រក្សា​ចំនួន​ប្រជាជន​ឱ្យ​មាន​ស្ថេរភាព​។​ នៅ​​តាម​​ទីក្រុង​ ​កម្រិត​កាន់​តែ​​ទាប​​ដោយ​ស្រ្តី​ម្នាក់​អាច​មាន​កូន​ជា​​​មធ្យម​ត្រឹម​តែ​ ១,៦ ​នាក់​ប៉ុណ្ណេះ​​​​​។​

​​ក្រាប​ប្រជាសាស្រ្ត​បង្ហាញ​ថា​ ប្រជាជន​ចំនួន​ ១,៣ ​ប៊ីលាន​នាក់​របស់​ប្រទេស​ឥណ្ឌា​ជិត​ដល់​កម្រិត​កំពូល​ហើយ​ ហើយ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ ​នៅ​ពេល​ដែល​ស្ត្រី​​ម្នាក់​អាច​មាន​កូន​ជា​មធ្យម​រហូត​ដល់​​​៦​នាក់​។​ អត្រា​នៃ​ការ​មាន​កូន​សរុប​របស់​​ឥណ្ឌា​ក្នុង​ឆ្នាំ​ ២០១៥-១៦ ​ឈរ​នៅ​ត្រឹម​ ២,២ ​នាក់​ជា​មធ្យម​។​ ការ​ថយ​ចុះ​អត្រា​នៃ​ការ​មាន​កូន​ មិន​មាន​ន័យ​ថា​ចំនួន​ប្រជាជន​របស់​​ឥណ្ឌា​កំពុង​ថយ​ចុះ​នោះ​ទេ​ ប៉ុន្តែ​អត្រា​កំណើន​របស់​វា​កំពុង​ថយ​ចុះ​។​

អ្នក​ស្រី ​Poonam Muttreja ​នាយក​ប្រតិបត្តិ​នៃ​មូល​និធិ​ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​អបអរ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ​ដោយ​លើក​ឡើង​ពី​ភាព​មិន​ចាំ​បាច់​នៃការ​ប្រើ​ប្រាស់​​គោល​នយោបាយ​កូន​មួយដូច​​ចិន​ ហើយ​និយាយ​ថា​​​៖​ «​វា​បង្ហាញ​ថា​អ្នក​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ ឬ​វិធានការ​តឹង​រ៉ឹង​ទេ​។​ អ្នក​អាច​​ធ្វើ​វា​ដោយ​ស្ម័គ្រ​ចិត្ត។ មនុស្ស​​នឹង​​ស្ម័គ្រ​​ចិត្ត​​​ធ្វើ​​អ្វី​​ដែល​​សម​​ហេតុ​ផល​​សម្រាប់​​ពួក​គេ​ ប៉ុន្តែ​​អ្នក​​ត្រូវ​​​តែ​​គោរព​​ពួក​គេ​»​។​

អ្នក​ស្រី ​Muttreja ថា​ចំណុច​ប្រសព្វ​នៃ​កត្តា​ពី​រដ្ឋាភិបាល​ដល់​ថ្នាក់​ភូមិ​បាន​រួម​គ្នា​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ ប៉ុន្តែ​សំខាន់​បំផុត​មួយ​គឺ​ការ​កែ​លម្អ​ការ​អប់រំ​។​ អ្នក​ស្រី​និយាយ​ថា​៖​ «​ការ​អប់​រំ​កុមារី​ គឺ​ជា​វិធី​​ពន្យារ​កំណើត​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​»​។​ អ្នក​ស្រី​អះអាង​បែប​នេះ​ ដោយ​ចង្អុល​ទៅ​ទិន្នន័យ​​ដែល​បង្ហាញ​ថា​ ស្ត្រី​ឥណ្ឌា​ដែល​មាន​ការ​សិក្សា​រយៈ​ពេល​ ១២ ​ឆ្នាំ​ មាន​កូន​មិន​លើស​ពី​ ២ ​នាក់​ ខណៈ​ដែល​អ្នក​មិន​ទទួល​បាន​ការ​អប់រំ​មាន​កូន​ជា​មធ្យម​ ៣​ នាក់​។​

​​​ថ្នាំ​ពន្យារ​កំណើត​ក៏​ជួយ​បាន​ផង​ដែរ​ ដោយ​មាន​ ៦៧ ​ភាគរយ​នៃ​អ្នក​ឆ្លើយ​តប​ការ​ស្ទង់​មតិ​និយាយ​ថា​ ឥឡូវ​នេះ​ពួក​គេ​ប្រើ​វា​បើ​ប្រៀប​ធៀប​ទៅ​នឹង​ ៥៤ ​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០១៥-១៦ ​។​ ការ​ស្ទង់​មតិ​ថ្មី​បង្ហាញ​ថា​ ទន្ទឹម​នឹង​នោះ​ សមាមាត្រ​នៃ​មនុស្ស​ដែល​ធ្វើ​ផែនការ​គ្រួសារ​មិន​បាន​សម្រេច​ ធ្លាក់​ចុះ​ពី​ ១៣ ​ភាគ​រយ​ទៅ​ ៩ ​ភាគ​រយ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​។​​ ជាមួយ​គ្នា​នោះ​ អត្រា​មាន​កូន​មិន​ស្មើ​គ្នា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ដោយ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ Bihar ​ភាគ​ខាង​កើត​ អាច​មាន​កូន​ជា​មធ្យម​រហូត​ដល់​បី​នាក់​។​

​បន្ថែម​ពី​លើ​ការ​អប់រំ​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត ​ការ​ថែទាំ​មុន​ពេល​សំរាល​កូន​ និង​សុខភាពមាតា​កាន់​តែ​ប្រសើរ​ឡើង​ ការ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​កាន់​តែ​ច្រើន​ និង​អត្រាការ​ចាក់​វ៉ាក់​សាំង​ខ្ពស់​ប្រឆាំង​នឹង​ជំងឺ​កុមារ​ទូទៅ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជួយ​កាត់​បន្ថយ​អត្រា​មាន​កូន​សរុប​របស់​​ឥណ្ឌា។​ ​

យោង​តាម​លោក​សាស្រ្តាចារ្យ​ K. Srinath Reddy ​ដែល​ជា​ប្រធាន​មូល​និធិ​សុខភាព​សាធារណៈ​​ ឥណ្ឌា​នៅ​តែ​​ស្ថិត​នៅ​លើផ្លូវ​ដើម្បី​វ៉ា​ដាច់​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភព​លោក​ ដែល​​​រំពឹង​ថា​នឹង​កើត​ឡើង​ចន្លោះ​ឆ្នាំ​ ២០២៤-២០២៨ ​ ប៉ុន្តែ​គ្រាន់​តែ​ឥឡូវ​នេះ​​ត្រូវ​បាន​ពន្យារ​ពេល​វិញ​។​

​ផ្ទុយ​ទៅ​នឹង​សង្គម​​ចំណាស់​របស់​​ចិន​ ប្រជាជន​ឥណ្ឌា​មាន​វ័យ​កាន់​តែ​ក្មេង​ ដោយ​ប្រហែល​ ៣០ ​ភាគ​រយ​នៃ​ប្រជាជន​ប្រទេស​នេះ​មាន​អាយុ​ពី​ ១០ ​ទៅ​ ២៤​ ឆ្នាំ​។​ គួរ​កត់​សំគាល់​ផង​ដែរ​ថា​ ការ​ស្ទង់​មតិ​សុខភាព​គ្រួសារ​គឺផ្អែ​ក​លើ​គំរូ​តំណាង​នៃ​ ៦៥០ ០០០ ​គ្រួសារ​ ដែល​ធ្វើ​ឱ្យ​វា​ពិបាក​ក្នុង​ការ​បញ្ចោញ​លទ្ធផល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ទាំង​មូល​។​

​យ៉ាង​ណា​មិញ​ ​អ្នក​ស្រី ​Muttreja ​​និយាយ​ថា​៖​ «​វា​នឹង​ជា​ភាគ​លាភ​តែ​ប៉ុណ្ណោះ ​ប្រសិន​បើ​យើង​ផ្តល់​ការ​ថែទាំ​សុខភាព​ ការ​អប់រំ​ និង​ជំនាញ​ឱ្យ​បាន​ល្អ​ដល់​យុវជន​ឥណ្ឌា​រាប់​លាន​នាក់ ​បើ​មិន​ដូច្នេះ​ទេ​ ពួក​គេ​នឹង​មិន​មាន​ផលិត​ភាព​ និង​សមត្ថភាព​នោះ​ទេ​»​។ ​អ្នក​ស្រី​បន្ត​ថា​៖​ «​នៅ​ពេល​ដែល​ចំនួន​មនុស្ស​ចាស់​កើន​ឡើង​ ដើម្បី​គាំទ្រ​អ្នក​ដែល​មាន​វ័យ​ចំណាស់ ​យើង​ត្រូវ​វិនិយោគ​លើ​មនុស្ស​វ័យ​ក្មេង​ឱ្យ​ច្រើន​»​។​

​ចំណែក​ឯ​លោក​ Reddy ​វិញ​និយាយ​ថា​ អាហារ​រូបត្ថម្ភ​ក៏​មាន​សារៈ​សំខាន់​ផង​ដែរ​។​ លោក​​លើក​ឡើង​ពី​អត្រា​បញ្ហា​នៃ​ភាព​ស្លេក​ស្លាំង​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ដែល​មាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​​​ ដែល​ជា​សូចនាករ​នៃ​អាហារ​រូបត្ថម្ភ​មិន​ល្អ ​និង​សុខភាព​មិន​ល្អ​។​ លោក​និយាយ​ថា​៖​ «​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ៦៧ ​ភាគ​រយ​នៃ​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​ និង​ ៥៩​ ភាគ​រយ​នៃ​ក្មេង​ស្រី​ដែល​មាន​អាយុ​ពី​ ១៥ ​ដល់​ ១៩​ ឆ្នាំ​មាន​សភាព​ស្លេក​ស្លាំង​។​ បញ្ហា​នេះ​​ត្រូវ​​​តែ​​ដោះ​​ស្រាយ​»។​​

​ទន្ទឹម​នឹង​នេះ​ អ្នក​រិះ​គន់​នៃ​គណបក្ស​ Bharatiya Janata (BJP)​ដែល​ជា​គណបក្ស​ជាតិ​និយម​ហិណ្ឌូ​​កំពុង​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ណារិនដ្រា មូឌី​ (Narendra Modi) ​និយាយ​ថា​ ការ​រក​ឃើញ​នៃ​ការ​ស្ទង់​មតិ​នេះ​ទម្លាយ​ពី​ការ​ផ្សព្វ​ផ្សាយ​បំផុស​បំផុល​យូរ​ឆ្នាំ​របស់​បក្ស​​ដែល​ថា​ ពួក​ម៉ូស្លីម​មាន​គ្រួសារ​ធំ​ជាង​ពួក​ហិណ្ឌូ។​ ផ្ទុយ​ទៅ​វិញ​ ការ​ស្ទង់​មតិ​បង្ហាញ​ថា ​អត្រានៃ​ការ​មាន​កូន​​ធ្លាក់​ចុះ​នៅគ្រ​ប់​ផ្នែក​ទាំង​អស់​នៃ​សង្គម​។​

​មេ​​ដឹក​នាំ​ឥណ្ឌា​បាន​ព្យាយាម​ទប់​ស្កាត់​អត្រា​កំណើត​ខ្ពស់​ ដែល​ជា​រឿយ​ៗ​មាន​ទំនាក់​ទំនង​ផ្ទុយ​គ្នា​ជាមួយ​នឹង​មាត្រដ្ឋាន​សុខុមាល​ភាព​របស់​ស្ត្រី ​និង​វឌ្ឍនភាព​សេដ្ឋកិច្ច​។​ ចំនួន​ប្រជាជន​ដែល​កំពុង​កើន​ឡើង​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍន៍​ និង​ជា​កត្តា​ជំរុញ​នៃ​ការ​រិចរិល​បរិស្ថាន​ និង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​កាល​ពី​ខែ​កក្កដា​ រដ្ឋ​ Uttar Pradesh ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​​ឥណ្ឌា​ ក្រោម​ការ​ដឹក​នាំ​ដ៏​រឹង​មាំ​របស់​សម្ព័ន្ធ​មិត្ត​របស់​លោក​ Modi ​គឺ​លោក​ Yogi Adityanath ​​សម្រេច​ថា​ គូស្វាមី​ភរិយា​ដែល​មាន​កូន​ទី​បី​នឹង​មិន​​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ​សុំ​ការងារ​រដ្ឋាភិបាល​ទៀត​ទេ​។​ ​​វិធានការ​នេះ​ត្រូវ​បាន​អ្នក​រិះគន់​​និយាយ​ថា​ ចង់​ដាក់​គោលដៅ​​​លើ​ប្រជាជន​ម៉ូស្លីម​ ដែល​ធ្វើ​ឱ្យ​រដ្ឋ​ដែល​គ្រប់​គ្រង​ដោយ​បក្ស​ BJP ​ផ្សេង​ទៀត​ កំពុង​គិត​​​ធ្វើ​ត្រាប់​តាម​។​

​​ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner