ស.រ.អា គ្រោងពង្រីកមូលដ្ឋានយោធានៅកោះហ្គាម និងអូស្ត្រាលី ដើម្បីទប់ទល់នឹងចិន

សហរដ្ឋអាមេរិក​នឹង​ពង្រីក​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​កោះ​ហ្គាម និង​អូស្ត្រាលី ដើម្បី​ត្រៀម​កង​កម្លាំង​យោធា​អាមេរិក​ក្នុង​ការ​ទប់ទល់​នឹង​ប្រទេស​ចិន​ នេះ​បើ​តាម​ការ​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ ​របស់​​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​។

ការ​ធ្វើ​បែប​នេះ​ គឺ​ជំរុញ​ដោយ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ឥរិយាបថ​ពិភពលោក​ដោយ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ដែល​ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​ភ្លាម​បន្ទាប់​ពី​លោក​កាន់​អំណាច​កាល​ពី​ដើម​ឆ្នាំ​នេះ​។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​កាល​ពី​ខែ​មីនា ហើយ​ថ្មី​ៗ​នេះ​លោក​បៃដិន​បាន​អនុម័ត​ការ​រក​ឃើញ​អនុសាសន៍​នៃ​របាយការណ៍​​ការ​ពិនិត្យ​នេះ​។ ខ្លឹមសារ​ភាគ​ច្រើន​នៃ​របាយការណ៍​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​រក្សា​ជា​ការ​សម្ងាត់​ ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​ការ​រក​ឃើញ​។

អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​គោលនយោបាយ​ការពារ​ជាតិ​លោកស្រី​ម៉ារ៉ា កាលីន​បាន​និយាយ​ថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​បាន​ក្លាយ​ជា​ចំណុច​ផ្ដោត​ដ៏​សំខាន់​បំផុត​ ស្រប​តាម​ការ​សង្កត់​របស់​លោក​រដ្ឋមន្ត្រី​អូស្ទីន​ថា​ «ប្រទេស​ចិន​ជា​បញ្ហា​ចម្បង»​ សម្រាប់​ក្រសួង​ការពារ​ជាតិ​។ របាយការណ៍​ក៏​បាន​ណែនាំ​ឱ្យ​កាត់​បន្ថយ​កង​កម្លាំង​អាមេរិក​នៅ​តំបន់​ដទៃ​ទៀត​ ដើម្បី​មក​ផ្ដោត​លើ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​។

អ្នក​ស្រី​កាលីន​និយាយ​ថា​ការ​ពិនិត្យ​ឡើង​វិញ​បាន​ណែនាំ​ឱ្យ​ក្រសួង​ធ្វើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ប្រទេស​អូស្ត្រាលី​ និង​កោះ​ហ្គាម​។ លោក​ស្រី​និយាយ​ថា​៖ «នៅ​ប្រទេស​អូស្ត្រាលី អ្នក​នឹង​ឃើញ​ការ​ដាក់​ពង្រាយ​វិល​ជុំ​នៃ​កងកម្លាំង​យន្តហោះ​ចម្បាំង​ និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក អ្នក​នឹង​ឃើញ​ការ​ហ្វឹកហ្វឺន​កង​កម្លាំង​ជើង​គោក និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ដឹក​ជញ្ជូន ហើយ​កាន់​តែ​នឹង​ធ្វើ​បែប​នេះ​នៅ​ទូទាំង​ឥណ្ឌូ- ប៉ាស៊ីហ្វិក អ្នក​នឹង​ឃើញ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​កោះ​ហ្គាម ប្រជុំ​កោះ​ម៉ារីអាណា​ខាង​ជើង​ និង​ប្រទេស​អូស្ត្រាលី​»​៕

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner