Cambodia2050 Ep30: កិច្ចការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យក្លាយជាបេតិកភណ្ឌពិភពលោក

អត្ថបទដោយ៖
AMS

សំនួរ៖ ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍន៍នៃបេតិកភណ្ឌរបស់ជាតិយើង យើងមានបេតិកភណ្ឌរូបិយ និងអរូបិយ។ ទាក់ទងកិច្ចការងារនេះ ឯកឧត្តមបណ្ឌិត អាចជម្រាបបានទេថាកន្លងមកយើងបានធ្វើអ្វីខ្លះ?

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកន្លងមក ជាពិសេសលោកជំទាវព្រឹទ្ធសភាចារ្យរដ្ឋមន្ត្រី គាត់យកចិត្តទុកដាក់ទៅលើការងារហ្នឹងច្រើនណាស់។ យើងបានផ្ដោតទៅលើបញ្ហាបេតិកភណ្ឌវប្បធម៌ ដែលមានពីរផ្នែកគឺ បេតិកភណ្ឌវប្បធម៌ផ្នែករូបិយ និងអរូបិយ កន្លងមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ខ្លាំងណាស់ បានបង្កើតនូវសកម្មភាពធំៗដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសិល្បៈវប្បធម៌។ ជាក់ស្ដែងបើយើងនិយាយអំពីខាងអន្តរជាតិវិញ យើងបានរៀបចំចុះបញ្ជីបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយនេះ ដើម្បីឲ្យពិភពលោកពិសេសអង្គការយូណេស្កូទទួលស្គាល់។ បើផ្នែកខាងរូបិយវិញ យើងមានទាំងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងជាច្រើនផ្សេងៗទៀត ហើយយើងនឹងដាក់បន្តទៀតដើម្បីជាប់ជាបេតិកភណ្ឌពិភពលោក។ ដោយឡែក ខាងបេតិកភណ្ឌវប្បធម៌អរូបិយក៏យើងបានរៀបចំធ្វើដែរកន្លងមក ជាក់ស្តែងយើងបានដាក់របាំក្បាច់បូរាណអប្សរារបស់យើង ហើយល្ខោនខោល ល្ខោនស្បែកធំ ចាប៉ីដងវែង ទាញព្រ័ត្រយើងបានដាក់ចូលទៅជាបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។ សកម្មភាពផ្សេងទៀត យើងបានផ្លាស់ប្ដូរបទពិសោធន៍វប្បធម៌សិល្បៈជាច្រើន មានការទៅសម្ដែងនៅបណ្ដាលប្រទេសផ្សេងៗជាអន្តរជាតិ ដែលមានការអញ្ជើញ ជួនកាលយើងអញ្ជើញគេមកស្រុកយើង។ ទាក់ទងនឹងហោស្រពវប្បធម៌ យើងបានអញ្ជើញប្រទេសផ្សេងៗមកចូលរួមនៅប្រទេសយើង ហើយយើងក៏មានទៅសម្ដែងនៅបរទេសដែរ។ សកម្មភាពធំមួយទៀត នោះគឺយើងបានធ្វើនៅសប្តាហ៍វប្បធម៌ សប្តាហ៍វប្បធម៌មានប្រទេសផ្សេងៗ ដែលបានចុះអនុស្សារណៈជាមួយគ្នាកន្លងមក យើងមានប្រទេឡាវ វៀតណាម បេឡារុស្ស និងរុស្ស៊ី។ អញ្ចឹងនៅពេលដែលសប្ដាហ៍វប្បធម៌ គេមកសំដែងនៅយើង ហើយឆ្នាំមួយទៀតយើងទៅសម្ដែងនៅគេវិញ ដោយនាំសិល្បៈទស្សនីយភាពទៅសំដែង។ នេះយើងបានរៀបចំធ្វើបែបហ្នឹង ហើយអ្វីមួយទៀតដែលយើងសំខាន់ជាងនេះទៅទៀត យើងបានរៀបចំធ្វើនៅទិវាវប្បធម៌ជាតិ ០៣ មិនា ព្រឹត្តិការណ៍នេះគឺល្អខ្លាំងណាស់ ដែលយើងបានរៀបចំច្រើនដងមកហើយ យើងរៀបចំសកម្មភាពសិល្បៈឲ្យមានការប្រកួតប្រជែងក្នុងចំណោមយុវវ័យ ដើម្បីកត់សម្គាល់នូវអត្តសញ្ញាណរបស់ជាតិយើង ហើយមានការចូលរួមបានច្រើនមែនទែន។ យើងបានបង្កើតការចូលរួមការប្រកួតប្រជែងសិល្បៈទស្សនីយភាព មានជាទម្រង់ល្ខោនអប់រំ ល្ខោនបាសាក់ ល្ខោនយីកេ ហើយថ្មីៗនេះមានទាំងរបាំប្រពៃណី ពិសេសយើងសហការជិតស្និទ្ធជាមួយខាងក្រសួងអប់រំយុវជន និងកីឡាមានការចូលរួមច្រើននៅក្នុងការងារនេះ ហើយយើងបានធ្វើការងារនេះជោគជ័យមែនទែន។ ដោយក្រោមប្រធានបទមួយគឺ យុវជនដើម្បីវប្បធម៌ជាតិ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានដាក់ឲ្យជាប់ជានិច្ចនៅក្នុងទិវាវប្បធម៌ ដើម្បីធ្វើការប្រកួតប្រជែងសិល្បៈទាំងអស់ ក្នុងចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ០៣ មិនា ដែលធ្វើជារៀងរាល់ឆ្នាំ ហើយយើងបានផ្សព្វផ្សាយផ្នែកសិល្បៈរបស់ជាតិខ្មែរយើង ចូលទៅដល់ស្រទាប់យុវវ័យ នេះគឺជាការងារធំៗដែលយើងបានរៀបចំធ្វើជាការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌របស់ជាតិយើង។

សំនួរ៖ ទាក់ទងការអភិរក្ស និងអភិវឌ្ឍនេះផងដែរ ថាយើងមានយុទ្ធសាស្ត្រអ្វីបន្ថែមទៀត ទៅថ្ងៃអនាគតក៏ដូចជាត្រៀមនូវការរៀបចំសម្បត្តិបេតិកភណ្ឌរបស់យើង ដែលមានរូបិយ និងអរូបិយដាក់ចូលបន្ថែមទៀតទេ ជាចក្ខុវិស័យរបស់ក្រសួង ព្រមទាំងរដ្ឋាភិបាលរបស់យើងទាំងមូល។ តើធ្វើយ៉ាងម៉េចឲ្យវប្បធម៌ខ្មែរយើង កាន់តែមានភាពរុងរឿង និងរក្សាអ្វីដែលជាដូនតាយើងបានបន្សល់ទុកមក។ មួយវិញទៀត តើហេតុអ្វីបានជា មិនថាតែប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត តែងតែគិតខំប្រឹងប្រែងនៅក្នុងការនាំយកបញ្ចូលនូវវប្បធម៌របស់ពួកគេ បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថាតើវាមានសារៈសំខាន់ចាំបាច់យ៉ាងដូចម្ដេច?

ឥឡូវនេះ តាំងពីអតីតកាលបច្ចុប្បន្ន និងអនាគតយើងមានការងារច្រើនដែលត្រូវធ្វើ ពីព្រោះថាមរតកដូនតាដ៏ថៃ្លថ្លាររបស់យើង ដែលបានបន្សល់ទុកមកមានច្រើនណាស់។ ខាងរូបិយ យើងមានប្រាសាទច្រើនមែនទែន ឥឡូវយើងកំពុងតែត្រៀមធ្វើការចុះបញ្ជី ដើម្បីឱ្យអង្គការពិភពលោក ដែលមានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការ ថានេះជារបស់ជាតិរបស់យើង ហើយមិនត្រឹមតែជារបស់ជាតិរបស់យើងទេ នឹងក្លាយជារបស់ពិភពលោកផងដែរ។ ខាងអរូបិយក៏យើងមានទម្រង់សិល្បៈជាច្រើនទៀត ដែលយើងកំពុងតែរៀបចំជាឯកសារ ដើម្បីដាក់បញ្ចូលជាទម្រង់សិល្បៈខ្មែរយើង ដែលមានជាង ២០ ទម្រង់។ យើងត្រូវនឹងដាក់បញ្ចូលទៀត សូម្បីតែខាងម្ហូបអាហាររបស់ខ្មែរយើង ក៏យើងបានត្រៀមដែរ។ ឧទាហរណ៍ដូចជា សម្លកកូរ ប្រហុកខ្ទិះ និងផ្សេងៗទៀតគឺយើងអាចដាក់ចូលទៅក្នុងបេតិកភ័ណ្ឌអរូបិយនៃមនុស្សជាតិ។ អញ្ចឹង ក្រសួងត្រៀមលក្ខណៈ និងបញ្ចូលទៅទៀត ដើម្បីឲ្យមានការទទួលស្គាល់ជាផ្លូវការ ថានេះជារបស់ព្រះរាជាណាចក្រកម្ពុជា។ ទាក់ទងមួយវិញទៀត យើងមានការបណ្ដុះបណ្ដាលនិស្សិត និងសិស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ជាច្រើនទាក់ទងទៅនឹងវិស័យសិល្បៈវប្បធម៌។ យើងមានការរៀបចំធ្វើឱ្យមានការសុក្រិតរវាងសាកលវិទ្យាល័យ ហើយនឹងសិស្សដើម្បីយើងរើសនិស្សិត ឬ សិស្សដើម្បីឱ្យគាត់បន្តវេននៅក្នុងវិស័យសិល្បៈវប្បធម៌របស់យើង នេះគឺជាគម្រោងដែលយើងត្រូវគិតនឹងធ្វើជាប្រចាំ ហើយយើងនឹងបន្តធ្វើទៀត នូវអ្វីដែលយើងបានសហការជាមួយនឹងបរទេស អន្តរជាតិផ្សេងៗដែលទាក់ទងទៅនឹងវិស័យសិល្បៈវប្បធម៌។ យើងមានការបង្កើតនៅមហោស្របសិល្បៈ បង្កើតនូវព្រឹត្តិការណ៍ធំៗ ដែលទាក់ទងទៅនឹងវិស័យសិល្បៈវប្បធម៌។ សំណួរសួរថា ហេតុអ្វីបានជាប្រទេសនីមួយៗ គេចង់បានការដាក់ចូលជាបេតិកភណ្ឌពិភពលោក ទៅក្នុងអង្គការយូណេស្កូទទួលស្គាល់គ្រប់គ្នា នេះមែនទែនទៅប្រទេសណាក៏គេស្រឡាញ់វប្បធម៌សិល្បៈរបស់ពួកគេដែរ គេចង់ឲ្យមានការថែរក្សាឱ្យបានគត់មត់ ថានេះជារបស់អ្នកណា ជារបស់ប្រទេសណា អញ្ចឹងគេខិតខំណាស់ ដូចជាយើងក៏ខិតខំដែរ ដែលជាមរតករបស់ដូនតាដែលបានបន្សល់មក។ រឿងវប្បធម៌មិនសំខាន់ទៅលើប្រទេសតូច ឬក៏ប្រទេសណាធំនោះទេ គេតូចមែនប៉ុន្តែគេមានរបស់ល្អ ប្រទេសណាធំក៏គេមានរបស់ល្អ អញ្ចឹងគេខំធ្វើគ្រប់គ្នា ដើម្បីឱ្យដឹងថានេះជាសិល្បៈវប្បធម៌របស់ជាតិណាមួយ គេខំដើម្បីរក្សានូវអត្តសញ្ញាណរបស់ប្រទេសនីមួយៗ ឱ្យដឹងឱ្យលេចឮទាំងក្នុងជាតិ និងអន្តរជាតិផងដែរ។

សំនួរ៖ ឯកឧត្តមបណ្ឌិត ជាចុងក្រោយតើមានអ្វី ដើម្បីផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកដើម្បីលើកស្ទួយវប្បធម៌ជាតិរបស់យើង ព្រោះយើងឃើញហើយថា ទោះបីជាដ្ឋាភិបាល ឬ ក្រសួងសាមីខំប្រឹងយ៉ាងណាក៏ដោយ ក៏ត្រូវការប្រជាជាតិមួយចូលរួមទាំងអស់គ្នាផងដែរ។

ខ្ញុំតែងតែលើកច្រើន ពីបញ្ហាសិល្បៈវប្បធម៌ មែនទែនយើងមិនអាចបិទទ្វារសកលភាវូបនីយកម្ម មិនឲ្យវប្បធម៌បរទេសចូលមកបាននោះទេ ប៉ុន្តែអ្វីដែលល្អមែនទែននោះគឺថា យើងត្រូវស្គាល់អ្វីគឺជាតិរបស់យើង យើងខ្មែរយើងត្រូវតែស្គាល់អ្វីដែលខ្មែរមាន មានអត្ដសញ្ញាណ មានក្បួនមានខ្នាតសព្វបែបយ៉ាង ដែលជាខ្មែរយើង ស្គាល់ឲ្យច្បាស់សិន ចាំយើងទៅទទួលយកពីគេមក ហើយអ្វីដែលទទួលពីគេមក យើងយកអ្វីណាដែលល្អអ្វីដែលប្រសើរសម្រាប់ជឿនលឿងចាំយើងយកមក នេះគេហៅថា ទស្សនៈត្បាល់កិន មុននឹងនាំចូលមកយើងកិនវាសិន អ្វីដែលជាខ្មែរយើងទទួលយក អញ្ចឹងយើងមិនបាច់ភ័យថាគេមកហើយ យើងបាត់បង់នោះទេ បើសិនជាយើងស្គាល់ខ្លួនយើងច្បាស់មែនទែន យើងអត់បាត់បង់ទេ។ ដូចខ្ញុំតែងតែលើកឡើងថា ទាំងយុវជនទាំងមហាជនជួយពូនទប់ នៅទំនប់វប្បធម៌ឲ្យកាន់តែរឹងមាំ កុំចោះទម្លុះទំនប់វប្បធម៌របស់យើង កាលណាយើងចោះទម្លុះឲ្យគេហូរចូលមក គេហូរចូលមកហើយ។ ខ្ញុំសូមលើកយកពាក្យអ្នកប្រាជ្ញខាងសិល្បៈវប្បធម៌មួយទៀតថា យើងមិនអាចឃាត់ឃាំងសត្វស្លាបមិនឲ្យហោះហើរពីលើក្បាលយើងបាននោះទេ ប៉ុន្តែយើងមានសិទ្ធិគ្រប់គ្រាន់មិនឱ្យវាមកធ្វើសំបុកពងនៅលើក្បាលយើង នេះដូចជាបញ្ហាសាកលភាវូបនីយកម្ម យើងកុំភ័យគេចូលមកចូលមក ប៉ុន្តែបើសិនជាយើងឱ្យគេធ្វើសំបុកគេធ្វើហើយ។ ខ្ញុំគាំទ្រនៅពាក្យអ្នកប្រាជ្ញសិល្បៈមួយនេះ ដែលជាការល្អមួយជាពិសេសយុវជនហាជនយើង ត្រូវស្គាល់អ្វីដែលជាខ្មែរឱ្យបានច្បាស់ យើងមិនបាច់ភ័យព្រួយនូវអ្វីដែលជាបរទេសចូលមកនោះទេ៕

***********

វាគ្មិន៖ ឯកឧត្ដម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner