លោក កឹម សុខា៖ “ខ្ញុំធ្វើអ្វីដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ”

ភ្នំពេញៈលោក កឹម សុខា បានធ្វើការឆ្លើយតបដោយប្រយោលទៅនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលបានចោទប្រកាន់ថា អ្វីដែលលោក កឹម សុខា ប្រកាសថា “សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ” គឺដោយសារ លោក កឹម សុខា កំពុងស្ថិតក្រោមសម្ពាធ និងជាចំណាប់ខ្មាំងនោះ គឺមិនមែនជាការពិត ពីព្រោះអ្វីដែលលោកធ្វើដោយឆន្ទៈពិត មិនធ្វើតាមអ្នកណាគំរាមបង្ខំឡើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោកកឹម សុខា បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំធ្វើអ្វីដែល ខ្ញុំអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយជាពិសេសអ្វីដែល ខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ”។

សូមជម្រាបថា កាលពីនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកាកន្លងទៅលោក កឹម សុខា បានបង្ហាញនូវសំណេរដ៏គួរឱ្យភ្ញាក់ផ្អើល ជាលើកដំបូងទាក់ទងនឹងសម្ព័ន្ធភាពជាមួយសម រង្ស៊ី។ លើបណ្ដាញសង្គមហ្វេសប៊ុកលោក កឹម សុខា បានសរសេរថា “ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញត ឬគាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ គឺការត្រលប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ”។

លោក កឹម សុខា បានបន្តថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឱ្យលោក សម រង្ស៊ី និង ក្រុមខាងលើឈប់បំពានមកលើ រូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួនដែលធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមនោះឡើយ”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner