អាជ្ញាធរសុខាភិបាលអាមេរិកគាំទ្រអោយប្រើថ្នាំគ្រាប់ព្យាបាលកូវីដ-១៩របស់ក្រុមហ៊ុន Merck

វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញផ្នែកសុខភាពដែលត្រូវបានតែតាំងដោយរដ្ឋាភិបាលអាមេរិក បានបោះឆ្នោតដើម្បីណែនាំអោយប្រើថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់ ដោយវាជាទម្រង់នៃការព្យាបាលថ្មីដែលងាយស្រួលគ្រប់គ្រង និងអាចបង្ហាញថា អាចទប់ទល់នឹងវីរុសបំប្លែងថ្មីបានកាន់តែច្រើន រួមទាំង អូមីក្រុង។

ថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck ត្រូវបានអនុញ្ញាតអោយប្រើរួចហើយនៅក្នុងចក្រភពអង់គ្លេស ដែលបង្ហាញពីការកាត់បន្ថយអត្រាចូលព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ក្នុងចំណោមជំងឺកូវីដ១៩ដែលមានហានិភ័យខ្ពស់ នៅពេលលេបវាបានប្រាំថ្ងៃ។ ក្រុមប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានបោះឆ្នោត ១៣ ទល់ ១០ ថា អត្ថប្រយោជន៍របស់ឱសថនេះ មានលើសពីហានិភ័យ។ អនុសាសន៍របស់ក្រុមនេះ បានធ្វើឡើងបន្ទាប់ពីការជជែកដេញដោលរយៈពេលច្រើនម៉ោងអំពីអត្ថប្រយោជន៍តិចតួចរបស់ឱសថ និងបញ្ហាសុវត្ថិភាពដែលអាចកើតមាន។ ការបោះឆ្នោតរបស់ក្រុមនេះ បានគាំទ្រជាពិសេសចំពោះថ្នាំសម្រាប់មនុស្សពេញវ័យកើតជំងឺកូវីដកម្រិតស្រាលទៅមធ្យម ដែលប្រឈមមុខនឹងហានិភ័យខ្លាំងបំផុត រួមទាំងអ្នកដែលមានលក្ខខណ្ឌដូចជា ធាត់ ជំងឺហឺត និងមនុស្សចាស់ផងដែរ។

ការអនុញ្ញាតពី FDA សម្រាប់ថ្នាំ Molnupiravir អាចជាជំហានដ៏សំខាន់ក្នុងការព្យាបាលមេរោគកូវីដ១៩។ វានឹងផ្តល់ឲ្យគ្រូពេទ្យនូវថ្នាំដំបូងគេ ដែលពួកគេអាចចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺលេបដោយខ្លួនឯង បន្ធូរបន្ថយបន្ទុកលើមន្ទីរពេទ្យ និងជួយទប់ស្កាត់ករណីស្លាប់៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner